(កំពង់ចាម)៖ ព្រះរាជអាជ្ញាខេត្តកំពង់ចាម លោក ហួត វុទ្ធី នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ បានបញ្ជាកម្លាំងសមត្ថកិច្ចបន្ដបើកប្រតិបត្តិការ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅស្រុកបាធាយ ដោយដកហូតបានវត្ថុតាងយ៉ាងច្រើន និងចាក់លែងកូនត្រីចូលទឹក ប្រមាណជិត៥០០គីឡូក្រាមផងដែរ។

ថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃនេះ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា បន្ទាប់ទទួលបានបទបញ្ជា លោកបាន​​ចាត់ឲ្យអធិការនគរបាលស្រុកបាធាយ ដឹកនាំកម្លាំងសហការជាមួយកម្លាំងចម្រុះរួមមាន កម្លាំងរដ្ឋបាលសាលាស្រុកបាធាយ កងរាជអាវុធហត្ថ រដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ចាម ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ (លូស្បៃមុង) នៅក្នុងភូមិសាស្រ្ត ឃុំជាលា ឃុំច្បារអំពៅ ស្រុកបាធាយ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ​ជាលទ្ធផលបង្រ្កាបបានរួមមាន លូស្បៃមុងចំនួន១២២មាត់, របាំងស្បៃមុងចំនួន៦,២០០ម៉ែត្រ, បង្គោងចំរឹងចំនួន​១,៨៨០ដើម, ឧបករណ៍រាវ១មាត់ និង​ចាក់លែងកូនត្រីចំនួន៤៤២គីឡូក្រាម​។ បន្ទាប់ពីទទួលបានការអនុញ្ញាតពីព្រះរាជអាជ្ញា ចំពោះឧបករណ៍ និងសម្ភារខុសច្បាប់ទាំងអស់ ត្រូវបានដុះកម្ទេចចោលនៅចំណុចកែងទំបន់៧មីនា ក្នុងភូមិសាស្រ្តឃុំជាលា ស្រុកបាធាយ៕