(ភ្នំពេញ)៖ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យ​ លោក Haji Che Mazlan Saad​ នាយកក្រុមហ៊ុន Al-Ameen Serve Holdings Sdn Bhd បានដឹកនាំគណៈប្រតិភូ​ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅស្នាក់ការកណ្តាលអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។

ថ្លែងក្នុងជំនួបនេះ លោក Haji Che Mazlan បានអបអរសាទរចំពោះជ័យជំនះដ៏ត្រចះត្រចង់ របស់គណបក្សកាន់អំណាចកម្ពុជា គឺគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៦ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០១៨​កន្លងទៅថ្មីៗ​នេះ។​

លោក​ក៏បានកោតសរសើរ អំពីគោលនយោបាយសុខដមបនីយកម្ម របស់រារដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាមេដឹកនាំដែលមានសមត្ថភាពដឹកនាំពិតប្រាកដ ជាមេដឹកនាំដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការស្តារប្រទេសជាតិ ពីថ្លុកសង្គ្រាមរ៉ាំរ៉ៃ រាប់ទស្សវត្ស បានក្លាយជាប្រទេសដែលមានការរីកចម្រើន ការធ្វើសមាហរណកម្មសន្តិភាព ក៏ទទួលបានជោគជ័យត្រចះត្រចង់ ដែលជាគម្រូល្អដល់ឆាកអន្តរជាតិ ដែលមិនអាចលាក់បាំងបានឡើយ។​

ជាមួយគ្នានេះ លោកឧកញ៉ា អូស្មាន ហាស្សាន់ បានជម្រាបពីស្ថានភាពល្អប្រសើរ និង​ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដែលកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យស្របពេលជាមួយគ្នានេះដែរ លោក​ក៏បានសម្តែងនូវការអរគុណ ជាខ្លាំងដល់ប្រទេសម៉ាឡេស៊ី និងប្រជាជនម៉ាឡេស៊ីទាំងមូលនិយាយជារួម និង​និយាយដោយឡែក គឺក្រុមហ៊ុន Al-Ameen Serve Holdings Sdn Bhd តែម្តង ដែលជាក្រុមហ៊ុនដៃគូរបស់អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និង​គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ដែលបានសហការផ្តល់ជំនួយផ្នែកមនុស្សធម៌លើវិស័យនានា មកកាន់កម្ពុជាតាំងពីឆ្នាំ១៩៩៤ ដូចជាផ្នែកអប់រំ អណ្តូងទឹកស្អាត គោគួរប៉ាន អាគីកោះ ជាដើម។​

តាមរបាយការណ៍របស់អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា សម្រាប់ពិធីបុណ្យរ៉យ៉ាហាជ្ជី (Eid Al Adha) ឆ្នាំ​១៤៣៩ម.ស-​២០១៨ គ.ស គិតត្រឹមថ្ងៃបុណ្យទី៣​គឺថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨​នេះ ក្រុមហ៊ុន Al-Ameen Serve Holdings Sdn Bhd បានផ្តល់គោ​១,១១៥ក្បាល និងពពែ​៨៤៥ក្បាល៕