(ភ្នំពេញ)៖ មានប្រទេសចំនួន៥ បាននិងកំពុងធ្វើការវិនិយោគ ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាច្រើនជាង ដែលប្រទេសទាំងនោះរួមមាន ចិន កូរ៉េ ជប៉ុន សង្ហឹបុរី និងថៃ។ក្នុងកម្មវិធីសនិ្នបាត និងពិព័រណ៍អចលនវត្ថុសមាគមភ្នាក់ងារអចលនវត្ថុអាស៊ាន ឆ្នាំ២០១៨ ដែលរៀបចំឡើងមានការអញ្ជើញចូលរួមពីសំណាក់លោក ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាលោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន ព្រមទាំងភ្ញៀវជាតិ និងអន្ដរជាតិជាច្រើនរូបទៀតផង។
លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន បានថ្លែងក្នុងសនិ្នបាត និងពិព័រណ៍អចលនវត្ថុសមាគមភ្នាក់ងារអចលនវត្ថុអាស៊ាន ឆ្នាំ២០១៨ នៅថ្ងៃទី២៤ ខែសីហានេះថា បច្ចុប្បន្ននេះប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ និងមានទីផ្សារសេរី ព្រមទាំងមានការអភិវឌ្ឍន៍ឥតឈប់ឈរលើវិស័យអចលនវត្ថុ ដោយមានសំណងអាគារខ្ពស់ៗ យ៉ាងព្រោងព្រាត ជាមួយនឹងការរីកចម្រើននេះ បានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយ ដែលមានអ្នកវិនិយោគបរទេស មកវិនិយោគជាហូរហែរ។
លោកឧកញ៉ាបានបន្ដទៀតថា វិស័យអចលនវត្ថុ ជាវិស័យដែលលេចធ្លោរ និងមានភាពរីកចម្រើន ដែលធ្វើឲ្យអ្នកវិនិយោគជាតិ និងអន្ដរជាតិ កំពុងចាប់អារម្មណ៍យ៉ាងខ្លាំងលើវិស័យនេះ។ បើប្រៀបធៀបនឹងបណ្ដាប្រទេសក្នុងអាស៊ាន លើវិស័យអចលនទ្រព្យនេះ ប្រទេសកម្ពុជាមានឱកាស ក្នុងការវនិយោគយ៉ាងទូលំទូលាយ។
លោកឧកញ៉ា លី ហួរ បានបញ្ជាក់ទៀតថា «ចំណាត់ថ្នាក់អ្នកវិនិយោគិនបរទេស មកវិនិយោគលើវិស័យអចលនវត្ថុនៅកម្ពុជា មានចំនួន៥ប្រទេស ដែលកំពុងឈានមុខគេ លេខ១៖ វិនិយោគិនមកពីប្រទេសចិន, ២៖ កូរ៉េ, ៣៖ ជប៉ុន, ៤៖ សង្ហឹបុរី, និងទី៥៖ ថៃ»។
លោកបញ្ជាក់បន្ថែមថា ការសម្រុកចូលមកវិនិយោគនៅកម្ពុជានេះ បណ្ដាមកពីកម្ពុជាជាប្រទេស មានចក្ខុវិស័យត្រឹមត្រូវ, ជាប្រទេសផ្ដល់ទំនុកចិត្តដ៏កក់ក្ដៅ ក្នុងការដាក់ទុនវិនិយោគ, ម៉ាក្រូសេដ្ឋកិច្ចមានស្ថេរភាព៧% ជារៀងរាល់ឆ្នាំ, ការវិនិយោគមានលក្ខណៈប្រកួតប្រជែង, មានភ្នាក់ងារលើកម្ពស់ក្នុងការវិនិយោគ ដោយផ្ដល់សេវាច្រកចេញចូលតែ១, មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់, មានប្រភពធនធានកម្លាំងពលកម្មគ្រប់គ្រាន់ និងទីតាំងភូមិសាស្រ្ដអំណោយផលល្អជាដើម។
សូមជម្រាបថា កម្ពុជាបាននិងកំពុងធ្វើជាម្ចាស់ផ្ទះសនិ្នបាត និងពិព័រណ៍អចលនវត្ថុសមាគមភ្នាក់ងារអចលនវត្ថុអាស៊ាន ដោយមានបណ្ដាប្រទេសជាច្រើនបានចូលរួម ដោយមានរយៈពេល៣ថ្ងៃ ចាប់ពី២៤ ដល់ ២៦ ខែសីហា ឆ្នាំ២០១៨។ សនិ្នបាត និងពិព័រណ៍អចលនវត្ថុនេះត្រូវបានមើលឃើញថា ជាកម្មវិធីមួយល្អក្នុងការបង្ហាញឲ្យឃើញពីការរីចម្រើន ក្នុងប្រទេសនីមួយៗ លើវិស័យផ្សេងៗ។
លោក ម៉ី វ៉ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងពីភាពវិជ្ជមាន នៃកម្មវិធីនេះបានជួយជំរុញផ្សព្វផ្សាយ បង្ហាញពីការអភិវឌ្ឍន៍ និងកំណើនសេដ្ឋកិច្ច នៃប្រទេសកម្ពុជា ទៅបណ្ដាប្រទេសអាស៊ានទាំង១០ រួមទាំងប្រទេសលើពិភពលោក ឲ្យឃើញថាកំណើនសេដ្ឋកិច្ចកម្ពុជា ជាមួយទសវត្សរ៍នេះ។
លោកបានបញ្ជាក់ទៀតថា កម្មវិធីនេះនឹងទាក់ទាញអ្នកវិនិយោគ ពីបណ្ដាប្រទេសជាច្រើនបន្ថែមទៀត ឲ្យមកវិនិយោគនៅកម្ពុជា ក្រៅពីប្រទេសទាំង៥ ដែលកំពុងវិនិយោគនាបច្ចុប្បន្ននេះ។
លោកបណ្ឌិត គីម ហ៊ាង បានថ្លែងឲ្យថា កម្មវិធីសនិ្នបាត និងពិព័រណ៍អចលនវត្ថុសមាគម ភ្នាក់ងារអចលនវត្ថុអាស៊ាននេះ បានផ្សព្វផ្សាយការពីការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច របស់កម្ពុជា ដល់តំបន់អាស៊ាន នឹងជួយចែករំលែកបទពិសោធន៍រវាង អ្នកវិនិយោគពីបណ្ដាប្រទេសផ្សេងៗ បានស្គាល់គ្នាទៅវិញទៅមក ដើម្បីបង្កើតទំនាក់ទំនង និងផ្ដល់ងាយស្រួល ក្នុងការទិញអចលនវត្ថុ នៅតាមបណ្ដាប្រទេសផ្សេងៗទៀត។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍ របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ក្នុងខែធ្នូ ឆ្នាំ២០១៧ ការវិនិយោគលើវិស័យអចលនទ្រព្យ មាន៣០៥២គម្រោង នៅលើផ្ទៃដី១១លានម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានការវិនិយោគមានជា៦ពាន់លានដុល្លារអាមេរិក។ ដោយឡែកបើគិតត្រឹមឆមាសទី១ ឆ្នាំ២០១៨ សរុបមាន១៦៤៣គម្រោង នៅលើផ្ទៃដីជាង៥លានម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មាន់២ពាន់លានដុល្លារអារមេរិក៕