(សៀមរាប)៖ យោងតាមស្មារតីអង្គប្រជុំរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដឹកនាំដោយលោកឧត្តមសេនីយទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត បានដាក់ចេញនូវផែនការ និងបទបញ្ជាចំពោះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីបង្ការ ទប់ស្កាត់ អប់រំចំពោះអ្នកបើកបរមិនគោរពច្បាប់ចរាចរផ្លូវគោក ដូចជាការបើកបរទោចក្រយានយន្ដមិនពាក់មួកសុវត្ថិភាព ឬ/និងមិនដាក់កញ្ចក់ ព្រមទាំងអ្នកបើកបរម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង និងបំពាក់ភ្លើងឡាស៊ែ។
ជាក់ស្ដែង នៅសប្ដាហ៍នេះ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានឃាត់ម៉ូតូខុសលក្ខណៈបច្ចេកទេសបានចំនួន ១០៥គ្រឿង រួចធ្វើការពិនិត្យ ណែនាំ និងប្រគល់ជូនម្ចាស់ដើមវិញ។
លោកវរសេនីយឯក ជឹម សុវណ្ណ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត បានគូសបញ្ជាក់ប្រាប់ Fresh News ថា ជាលទ្ធផលនៃការអនុវត្តផែនការ និងបទបញ្ជាខាងលើ ការិយាល័យនគរបាលចរាចរណ៍ បានឃាត់ម៉ូតូខុសលក្ខណៈបច្ចេកទេសបានចំនួន ១០៥គ្រឿង ហើយបានយកទៅរក្សាទុកក្នុងរយៈពេលមួយថ្ងៃ និងមួយយប់ ទើបប្រគល់ឱ្យម្ចាស់ដើមវិញ ដោយបានធ្វើកិច្ចសន្យា ហើយយកសម្ភារៈដែលត្រូវផ្លាស់ប្ដូរមកបំពាក់ដូចរបស់ដើមវិញ ដោយដោះសម្ភារៈខុសលក្ខណៈបច្ចេកចេញ រួចយកមករក្សាទុកនៅទីស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក ដោយមិនប្រគល់ឱ្យម្ចាស់វិញនោះទេ។
លោកបានបន្ថែមថា ក្នុងរយៈពេលកន្លងទៅនេះ ការិយាល័យនគរបាលចរាចរណ៍ រួមនិងមន្ទីរ ស្ថាប័ន អង្គភាព និងដៃគូពាក់ព័ន្ធ បានធ្វើការចែកនូវឯកសារផ្សព្វផ្សាយអប់រំ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងករណីដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងការបង្ហាញពីភាពធ្វេសប្រហែស ការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ភាពងងុយដេក និងកត្តាយានយន្តជូនដល់សាធារណជន និងអ្នកដែលប្រើប្រាស់ផ្លូវ/ថ្នល់ផងដែរ។
លោកវរសេនីយក៏បានឱ្យដឹងថា បន្ទាប់ពីច្បាប់ចរាចរណ៍ផ្លូវគោកចូលជាធរមាន និងដាក់ឱ្យអនុវត្ត រហូតមកទល់ពេលនេះសមត្ថកិច្ចចរាចរណ៍ផ្លូវគោកខេត្តសៀមរាប នៅតែបន្តពិនិត្យឃើញថា គឺមានប្រជាពលរដ្ឋមួយចំនួននៅមិនទាន់បានអនុវត្តឱ្យបានខ្ជាប់ខ្ជួននៅឡើយទេ ចំពោះការធ្វើការចរាចរណ៍នៅតាមដងផ្លូវ ហើយអ្នកប្រើប្រាស់ទោចក្រក្រយានយន្ដមួយចំនួន មិនបានពាក់មួកសុវត្ថិភាព និងដាក់កញ្ចក់ ព្រមទាំងអ្នកបើកបរដោយប្រើប្រាស់ម៉ូតូ ដែលមានការកែច្នៃបំពង់ស៊ីម៉ាំងឮសំឡេងខ្លាំង និងបំពាក់ភ្លើងឡាស៊ែជាដើម ដែលខុសលក្ខណៈបច្ចេកទេស និងច្បាប់ហាមឃាត់។
លោកបានសំណូមពរដល់អ្នកធ្វើចរាចរណ៍តាមដងផ្លូវទាំងអស់ ដែលប្រើប្រាស់ទោចក្រយានយន្ត ត្រូវប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ និងលក្ខណៈបច្ចេកទេសរបស់យានជំនិះ ដោយក្នុងនោះ ត្រូវតែពាក់ពួកសុវត្ថិភាពជានិច្ចនូវពេលបើកបរ ទោះក្នុងលក្ខណៈនៃការធ្វើដំណើទៅកាន់គោលដៅនីមួយទោះជិត ឬឆ្ងាយ និងចេះអធ្យាស្រ័យគ្នាទៅវិញទៅមកនៅពេលបើកបរ ដើម្បីសុវត្ថិភាពរបស់បងប្អូន៕