(សៀមរាប)៖ លោក ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ បានអនុញ្ញាតឱ្យលោក Ricky SP Siahaan ប្រធានផ្នែកទីផ្សារ និងសេវាកម្មនៃ PT Taman Wisata Candi ដែលគ្រប់គ្រងរមណីយដ្ឋាន Borobudur ប្រទេសឥណ្ឌូនេស៊ី ផ្លាស់ប្តូរយោបល់ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទៅវិញទៅមក រវាងតំបន់បេតិកភណ្ឌពិភពលោករបស់ប្រទេសទាំងពីរ គឺរមណីយដ្ឋានអង្គរ និងរមណីយដ្ឋាន Borobudur។

លោក Ricky SP Siahaan មានឱ្យដឹងថា ពេលថ្មីៗនេះ ប្រាសាទអង្គរវត្តរបស់កម្ពុជាជាប់ចំណាត់ថ្នាក់ជាសំណង់ប្រវត្តិសាស្រ្ដដ៏អស្ចារ្យបំផុត ធ្វើឡើងតាមរយៈការស្រង់មតិលើចំណាប់អារម្មណ៍ និងទស្សនៈរបស់អ្នកទេសចររាប់លាននាក់ ជុំវិញពិភពលោក ជាចំណុចដែលប្រទេសឥណ្ឌូនេស៊ីចាប់អារម្មណ៍ មានបំណងចង់ធ្វើកិច្ចសហប្រតិបត្តិការណ៍រវាងរមណីយដ្ឋានអង្គររបស់កម្ពុជា និងរមណីយដ្ឋាន Borobudur របស់ឥណ្ឌូនេស៊ី ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹងល្អៗ ដូចជាការអភិរក្សការគ្រប់គ្រង ការអភិវឌ្ឈន៍ សេវាកម្មផ្សេងៗ។

តាមរយៈកម្មវិធី Twin World Heritage Program ខាងភាគីឥណ្ឌូនេស៊ីមានបំណងបង្កើតកិច្ចព្រមព្រៀងរវាងស្ថាប័នទាំងពីរ ដើម្បីជំរុញការផ្សព្វផ្សាយអំពីគ្នាទៅវិញទៅមក និងទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើន។

ថ្លែងក្នុងជំនួបនោះ លោក ហង់ ពៅ បានសម្តែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូឥណ្ឌនេស៊ីថា នេះមិនមែនជាលើកទីមួយទេ ដែលអាជ្ញាធរជាតិអប្សរាចែករំលែកបទពិសោធន៍ល្អៗ លើការអភិរក្ស ការជួសជុល ការគ្រប់គ្រងរមណីយដ្ឋានអង្គរ ដល់បណ្តារប្រទេសផ្សេងៗដែលមានបំណងស្វែងយល់អំពីបទពិសោធន៍ ក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឈន៍ដោយចីរភាពនៃរមណីយដ្ឋានអង្គរ។

លោកបានសង្កត់ធ្ងន់ថា អាជ្ញាធរជាតិអប្សរា ពេញចិត្តនឹងស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការដែលបម្រើដល់ប្រយោជន៍បេតិកភណ្ឌទាំងមូល។ ម្យ៉ាងទៀត ទស្សនវិស័យក្នុងការអភិរក្ស និងការអភិវឌ្ឍបេតិកភណ្ឌពិភពលោករវាងប្រទេសទាំងពីរ គឺមានទស្សនវិស័យប្រហាក់ប្រហែលគ្នា ងាយសហការគ្នារីកចម្រើនទៅមុខ និងមានចំណុចពិសេសសម្រាប់ការផ្លាស់ប្តូរបទពិសោធន៍រវាងកម្ពុជា និងឥណ្ឌូនេស៊ីក្នុងការអភិរក្សប្រាសាទ ការអភិវឌ្ឍវិស័យទេសចរណ៍។

លោកបន្ថែមថា ជោគជ័យរមណីយដ្ឋានអង្គរ មកដល់ពេលនេះ គឺដោយមានការខិតខំ និងសហការណ៍ពីស្ថាប័នជាតិ និងអន្តរជាតិផ្សេងៗដែលធ្វើការពាក់ព័ន្ធនឹងវិស័យបេតិកភណ្ឌ៕