(ភ្នំពេញ)៖ អំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មានជាឃីតចំនួន១កញ្ចប់ធំ ដូចជា អង្ករ ទឹកស៊ីអ៊ីវ ទឹកត្រី មី តែ ត្រីខកំប៉ុង និងថវិកាផងដែរ ត្រូវបានលោក ជា ពិសី ប្រធានអនុគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឬស្សីកែវ និងជាអភិបាលខណ្ឌ បានដឹកនាំមន្ត្រីពាក់ព័ន្ធយកទៅឧបត្ថម្ភ ជូនតាមខ្នងផ្ទះប្រជាពលរដ្ឋ កំពុងជួបប្រទះការលំបាក ដោយសារទឹកជំនន់ទន្លេសាបឡើងខ្ពស់ បណ្ដាលឲ្យលិចលង់ផ្ទះសម្បែងចំនួន១១៥គ្រួសារ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ ស្ថិតនៅតាមបណ្ដោយដងទន្លេ ក្នុងក្រុមទី៣-ក្រុមទី៩ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្នុងឱកាសជួយសង្គ្រោះប្រជាពលរដ្ឋខាងលើនេះ លោក ជា ពិសី បានថ្លែងថា គ្រឿងឧបភោគបរិភោគ ក៏ដូចជាថវិកា ដែលអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បាននាំយកមកឧបត្ថម្ភជូន ប្រជាពលរដ្ឋនាពេលនេះ អាចជួយដោះស្រាយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បានមួយគ្រា ដែលជាទឹកចិត្តសប្បុរសធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

លើសពីនេះ លោកអភិបាលខណ្ឌ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួសុខទុក្ខ ប្រជាពលរដ្ឋទាំងអស់ តាមរយៈអាជ្ញាធរមូលដ្ឋានភូមិ-សង្កាត់-ខណ្ឌ រហូតដល់ក្រុង ដើម្បីឲ្យយកចិត្តទុកដាក់ខ្ពស់ លើប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ក្រោមដំបូលសន្តិភាព គឺមិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ និងអត់បាយឡើយ ក្រោមអនុសាសន៍ដឹកនាំចង្អុលបង្ហាញពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលមានប្រសាសន៍ថា ដើម្បីបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍបន្តទៅទៀត «ក្នុងនាមមន្ត្រី មិនមែនជាចៅហ្វាយនាយ របស់ប្រជាពលរដ្ឋនោះទេ, មន្ត្រីគឺជាអ្នកបម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់»