(សៀមរាប)៖ អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ បានថ្លែងថា សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប សន្យានឹងប្រគល់ម៉ូតូម្នាក់មួយគ្រឿង ដល់សិស្សដែលប្រឡងបាក់ឌុប ទទួលបាននិទ្ទេស A នៅទូទាំងខេត្តសៀមរាប។
លោក ឃឹម ប៊ុនសុង បានគូសបញ្ជាក់ថា ការប្រគល់ម៉ូតូម្នាក់មួយគ្រឿងនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ មិនកំណត់ចំនួននោះទេ ពោលគឺឲ្យសិស្សប្រឡងជាប់និទ្ទេស A នឹងទទួលបានទាំងអស់តែម្ដង ហើយបានកាន់តែច្រើន កាន់តែល្អ។
ក្នុងពិធីសម្ពោធអាគារសិក្សា សាលាវេសហ្គេតអន្តរជាតិ នៅព្រឹកមិញនេះ លោក ឃឹម ប៊ុនសុង បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំ និងសម្ដេចពិជ័យសេនា ជាអ្នកទទួលបន្ទុកខាងឧបត្ថម្ភរង្វាន់ដល់សិស្សដែលប្រឡងជាប់និទ្ទេស A ច្រើនកាលណាកាន់តែល្អ ហើយបានម្នាក់ដឹងតែមួយគ្រឿងតែម្ដង»។
បន្ថែមពីនេះ លោកអភិបាលខេត្តសៀមរាប ក៏ជូនពរដល់សិស្សដែលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា ដែលទើបកន្លងផុតទៅនេះ ឲ្យទទួលបានជោគជ័យទាំងអស់ ដើម្បីទទួលបានធនធានល្អ សម្រាប់អនាគតរៀងៗខ្លួន និងសម្រាប់ប្រទេសជាតិទាំងមូល។
សូមជម្រាបថា លទ្ធផលប្រឡងនឹងត្រូវប្រកាស នៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ព្រមទាំងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ការប្រឡងសម្រាប់ឆ្នាំសិក្សា២០១៨នេះ មានបេក្ខជនបានចុះឈ្មោះប្រឡងសរុបចំនួន១១៥,២៦៨នាក់ ស្រី៥៨,១៥៨ នាក់ និងមានមណ្ឌលប្រឡងចំនួន ១៩៦មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មាន៩៩មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន៩៧មណ្ឌល ត្រូវជា៤,៦៥៥បន្ទប់ ទូទាំងប្រទេស៕