(ស្វាយរៀង)៖ ផ្លូវជាច្រើនខ្សែក្នុងស្រុកស្វាយជ្រំ ឆ្ពោះមកកាន់ច្រកតំបន់ក្រសាំងជ្រំ ជាប់នឹងព្រំដែនវៀតណាមនោះ កំពុងតែត្រូវបំផ្លាញខូចស្ទើរតែទាំងស្រុង បង្កើតថ្លុកធំៗមានទឹកដក់ ខណៈដែលមានរថយន្តធុនយក្ស ដឹកដែកអេតចាយជាច្រើនគ្រឿងក្នុងមួយថ្ងៃៗ។ រថយន្តទាំងនោះ ត្រូវបានគេសង្ស័យថា មានការបង់លុយឲ្យសមត្ថកិច្ចជំនាញអស់ហើយ ទើបក្រុមក្បួនរថយន្តដឹកអេតចាយទាំងនោះ ដឹកបានយ៉ាងរលួនយ៉ាងដូច្នេះ។

បើតាមប្រជាពលរដ្ឋរស់នៅតំបន់នោះ បានប្រាប់ឲ្យដឹងថា កន្លងមកផ្លូវមកកាន់ច្រកតំបន់នេះ មានភាពល្អប្រសើរ ងាយស្រួលក្នុងការធ្វើដំណើរ ទាំងដឹកកសិផលមកកាន់ទីផ្សារ ប៉ុន្តែមួយរយៈ គេនេះសង្កេតឃើញមានការដឹកអេតចាយពីសំណាក់ក្បួនរថយន្តដឹកដែកអេតចាយ សម្រុកទាំងយប់ទាំងថ្ងៃ មិនខ្វល់ពីការខូចផ្លូវនោះឡើយ សំខាន់ឲ្យតែដឹកបានទៅប្រសើរហើយ។

ប្រជាពលរដ្ឋរស់នៅតំបន់នោះ បានសំណូមពរដល់ស្ថាប័នជំនាញទាំងអស់ ដែលមានការពាក់ព័ន្ធ សូមមេត្តាជួយចុះមកមើលផ្លូវមួយនេះផង បើមិនដូច្នេះទេ ផ្លូវមកកាន់ច្រកតំបន់ក្រសាំងជ្រំនេះ កុំថាឡើយជិះម៉ូតូ សូម្បីតែជិះកង់មិនរួចផង។

ពលរដ្ឋលើកឡើងបន្តទៀតថា រាល់ការដឹករបស់ក្រុមរថយន្តធុនយក្សនោះ បើសិនមានការថ្លឹងត្រឹមត្រូវ វាមិនអីនោះទេ ប៉ុន្តែការដឹករបស់ពួកគាត់ មើលទៅហាក់បីដូចមិនធម្មតា ពោលគឺរថយន្តមានបណ្តោយវែងដាក់ខ្ពស់ ផុតដំបូលជិត២ម៉ែត្រឯនោះ ហើយមានធ្លាក់ដែកអេតចាយ ទុកបន្សល់ឲ្យអ្នកបើកឡាន ម៉ូតូ កង់ឆ្លងកាត់ និងកិនពីលើលេងបែកផងដែរ។

ហើយតាមប្រភពពីមន្ត្រីប្រចាំនៅច្រកនេះ បានឲ្យដឹងដែរថា រថយន្តធុនយក្សទាំងនោះ បានសម្រុកមកតាមច្រកតំបន់ក្រសាំងជ្រំនេះ បាន២ថ្ងៃហើយ ដើម្បីសាងទំនិញពីដីខ្មែរ ចូលដីវៀតណាម ហើយក្រុមរថយន្តដឹកអេតចាយទាំងអស់នោះ បានបង់ឲ្យសមត្ថកិច្ចជំនាញទាំងអស់ ក្នុងនោះមានប៉ូលីសការពារព្រំដែនក្រសាំងជ្រំ ចំនួន១៥,០០០រៀល យោធាការពារព្រំដែន និងកាំងកុងត្រូលចំនួន៥ម៉ឺនរៀល សម្រាប់បាយទឹក ហើយចំពោះខាងគយវិញ ក៏មានបង់ផងដែរ ប៉ុន្តែមិនដឹងថាចំនួនប៉ុន្មាននោះទេ។

ពាក់ព័ន្ធនឹងករណីនេះ ប្រជាពលរដ្ឋរងចាំមើលថា តើអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធមានចំណាត់ការបែបណាចំពោះរថយន្តធុនយក្ស ដឹកអេតចាយបំផ្លាញផ្លូវលំនេះ៕