(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានលើកឡើងថា ការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាព សមត្ថភាព និងគុណធម៌ គឺជាកត្តាគន្លឹះ សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់ប្រទេសទាំងក្នុងពេលចំពោះមុខ ទាំងសម្រាប់អនាគត។
ពិសេសក្នុងពេលដែលកម្ពុជា ឈានចូលទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងពេលដ៏ខ្លីខាងមុខ ហើយបន្តឡើងទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ តាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ការលើកឡើងរបស់លោក ឃឹម ប៊ុនសុង ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញសម្ពោធអាគារសិក្សា សាលាវេសហ្គេតអន្តរជាតិ និងចែកលិខិតសសើរដល់សិស្សឆ្នើម ប្រចាំឆ្នាំសិក្សា២០១៧-២០១៨។
អភិបាលខេត្តសៀមរាប បានគូសបញ្ជាក់ថា ការអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសយុវជន គឺសំដៅទៅលើការកសាងសមត្ថភាពខាងចំណេះដឹង ចំណេះធ្វើព្រមទាំងសមត្ថភាពក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍ ទន្ទឹមនឹងការលើកស្ទួយគុណភាពខាងសុខភាព កាយសម្បទា សីលធម៌ ស្មារតីទទួលខុសត្រូវ និងមនសិការស្នេហាជាតិ និងវិជ្ជាជីវៈ ដោយគ្មានការរើសអើងខាងយេនឌ័រ រួមជាមួយប្រព័ន្ធសុវត្ថិភាពសង្គមគត់មត់ ព្រមទាំងផ្តល់ឱកាសស្មើៗគ្នាដល់កុមារ និងយុវជនក្នុងការទទួលការអប់រំទាំងអស់។
បន្ថែមពីនេះ លោក ឃឹម ប៊ុនសុង ក៏បានសំណូមពរចំពោះ លោកគ្រូ-អ្នកគ្រូ ក្មួយៗសិស្សានុសិស្សទាំងអស់ មាតាបិតា អណាព្យា-បាលសិស្សទាំងអស់ ត្រូវប្រឹងប្រែងឲ្យអស់កម្លាំងកាយចិត្តខិតខំគាំទ្រ និងបំពេញការងារស្របតាមតួនាទី និងភារកិច្ច ធ្វើយ៉ាងណាឲ្យការងារអប់រំដល់សិស្សានុសិស្ស ឆ្លើយតបទៅនឹងចតុស្តម្ភទាំងបួន របស់វិស័យអប់រំជាតិ គឺផ្តល់ចំណេះដឹង ផ្តល់ចំណេះធ្វើឬបំណិន អភិវឌ្ឍន៍បុគ្គលិកលក្ខណៈ និងរួមរស់ជាមួយគ្នា និងបទដ្ឋានអន្តរជាតិ ដោយលោកគ្រូ-អ្នកគ្រូ ត្រូវបញ្ចេញសមត្ថភាពបង្រៀន និងអប់រំសិស្សឲ្យបានល្អ សំដៅធានានូវគុណភាពស្តង់ដារខ្ពស់មានចីរភាព ប្រសិទ្ធភាព និងមានឧត្តមភាព។
បើតាមការលើកឡើងរបស់លោកអភិបាលខេត្ត រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបន្តកសាង និងអភិវឌ្ឍន៍ធនធានមនុស្ស លើគ្រប់ផ្នែកប្រកបដោយគុណភាព និងមានគុណធម៌ល្អប្រពៃ ដែលឆ្លើយតបទៅនឹងសំណូមពរនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដើម្បីកសាងកម្ពុជា ឲ្យក្លាយជាសង្គមរីកចម្រើន ជឿនលឿន ដែលផ្អែកលើមូលដ្ឋានចំណេះដឹង លើគ្រប់វិស័យ រួមទាំងវិទ្យាសាស្រ្តបច្ចេកទេស និងចំណេះធ្វើ ហើយដើរស្របជាមួយការរីកចម្រើន នៃបណ្តាប្រទេសនៅក្នុងតំបន់ និងពិភពលោក។
ឆ្លៀតក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង ក៏បានថ្លែងអំណរគុណ លោក រ័ត្ន រស្មី នាយកសាលាវេសហ្គេតអន្តរជាតិ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការស្តារ និងអភិវឌ្ឍវិស័យអប់រំក្នុងខេត្តសៀមរាប ឲ្យមានស្តង់ដារអន្តរជាតិមួយ ដែលទាំងអស់នេះបានបញ្ជាក់ពីការផ្សារភ្ជាប់ រវាងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ការបម្រើសេវាសាធារណៈ និងប្រសិទ្ធភាព គុណភាព ស្តង់ដារអប់រំដែលអាចទទួលយកបានក្នុងស្ថានភាព នៃការរីកចម្រើនរបស់ពិភពលោក៕