(សៀមរាប)៖ ក្រសួងទេសចរណ៍ រួមជាមួយវិទ្យាស្ថានភាសាចិនប៉េកាំងអន្តរជាតិ ដោយមានការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងពាណិជ្ជកម្មចិន បានរៀបចំឱ្យមានវគ្គបណ្តុះបណ្តាល ដល់សិក្ខាកាមចំនួន៧៨នាក់ ស្តីពីគ្រូបង្គោលមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជា សម្រាប់ទេសចរណ៍ចិន ឆ្នាំ២០១៨។
ក្រោយពីប្រព្រឹត្តទៅអស់រយៈពេល១៦ថ្ងៃ (ថ្ងៃទី៨-២៤ ខែសីហា) ពិធីបិទវគ្គត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោករដ្ឋមន្ត្រី ថោង ខុន និងលោក Liu Yunan ជំនួយការនាយកវិទ្យាស្ថានភាសាចិនប៉េកាំងអន្តរជាតិ នៅសណ្ឋាគារអង្គរសេនជូរី ខេត្តសៀមរាប នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨។
សិក្ខាកាមចូលរួមជាមន្ត្រីនៃក្រសួង/មន្ទីរទេសចរណ៍រាជធានី-ខេត្ត មគ្គុទ្ទេសក៍ទេសចរណ៍ និងបុគ្គលិកពីវិស័យឯកជនផ្នែកទេសចរណ៍សរុបចំនួន ៧៨នាក់ ដែលបង្រៀនដោយគ្រូបង្រៀនឯកទេស និងអ្នកជំនាញចិនផ្ទាល់ បានផ្តល់ជាចំណេះដឹង និងបទពិសោធន៍បន្ថែមពីអន្តរជាតិ និងការចែករំលែកបទពិសោធន៍ការងារជាក់ស្តែង ស្តីពីមគ្គុទ្ទេសក៍ទេសចរណ៍រវាងកម្ពុជា និងចិន ពិសេសការពង្រឹងសមត្ថភាពពាក់ព័ន្ធនឹងមគ្គុទ្ទេសក៍ទេសចរណ៍របស់មន្ត្រី និងបុគ្គលិកកម្ពុជាសម្រាប់ទេសចរចិន ហើយដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រទាក់ទាញទេសចរចិន សៀវភៅស China Ready សម្រាប់ទេសចរណ៍កម្ពុជា។
នៅក្នុងឱកាសបិទវគ្គនោះ លោក ប៉ាក់ សុខុម បានឱ្យដឹងថា និន្នាការសកល ក៏ដូចសម្រាបប្រទេសកម្ពុជា ឃើញថាទីផ្សារទេសចរចិនមានកំណើនយ៉ាងខ្លាំងគួរឱ្យកត់សម្លាល់ ឈរនៅលំដាប់លេខមួយ។ តាមស្ថិតិរបស់អង្គការទេសចរណ៍ពិភពលោក (UNWTO) ទេសចរចិនចេញក្រៅប្រទេសនៅលើពិភពលោកមានប្រមាណ ២០០លាននាក់ ឬច្រើនជាងនេះ នៅឆ្នាំ២០២០ ហើយចំណាយរបស់ភ្ញៀវចិននឹងកើនដល់ ៤២០ពាន់លានដុល្លារអាមេរិក។ នៅឆ្នាំ២០៣០ មានការរំពឹងថា ភ្ញៀវទេសចរចិននឹងធ្វើដំណើរចេញក្រៅប្រទេសប្រមាណ ៣០០លាននាក់ ទៅ ៥០០លាននាក់ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិប្រមាណ ១៨០០លាននាក់ ហើយចំណាយនឹងកើនដល់ប្រមាណ ៨៥០ពាន់លានដុល្លារអាមេរិក ដែលតម្រូវឱ្យបណ្ដាប្រទេសនានលើពិភពលោកត្រៀមខ្លួនក្នុងការទាក់ទាញ ក៏ដូចជាទទួលស្វាគមន៍ភ្ញៀវចិន (China Ready)។
លោកបន្តថា ចំពោះកម្ពុជាបានចាប់យកឱកាសនេះ និងដោយកម្ពុជា និងចិនមានចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងល្អ ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយការគាំទ្រពីគំនិតផ្ដួចផ្ដើមយុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវរបស់ចិន កម្ពុជាក៏បានសម្រេចដាក់ចេញ និងកំពុងអនុវត្តនូវយុទ្ធសាស្ត្រទេសចរណ៍ទីផ្សារចិន ដូចជាសៀវភៅស China Ready សម្រាប់ឧស្សាហកម្មទេសចរណ៍កម្ពុជា និងយុទ្ធសាស្ត្រទីផ្សារទាក់ទាញទេសចរចិន ក្នុងទិសដៅទាក់ទាញទេសចរចិនមកកម្ពុជា ២លាននាក់ នៅឆ្នាំ២០២០។
លោកបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី កម្ពុជាពិតជាមានសុខសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើន ទើបកាលពីឆ្នាំ២០១៧ កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៥.៦លាននាក់ ក្នុងកំណើន ១១.៨%។ រយៈពេល៦ខែ ដើមឆ្នាំ២០១៨នេះ គឺទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣លាននាក់ កើនឡើង ១៣% ផងដែរ។ កម្ពុជារំពឹងថា នៅឆ្នាំ២០២០ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៧លាននាក់។
សូមបញ្ជាក់ថា ក្នុងរយៈពេល១៦ថ្ងៃនៃការបណ្តុះបណ្តាល សិក្ខាកាមបានសិក្សាពីភាសា និងវប្បធម៌ចិន របៀបដើម្បីកោតសរសើរបេតិកភណ្ឌវប្បធម៌ គោលការណ៍សេវាកម្មមគ្គុទ្ទេសក៍ ទំនួលខុសត្រូវរបស់មគ្គុទ្ទេសក៍ទេសចរណ៍ ក្រមសីលធម៌ និងវិន័យមគ្គុទ្ទេសក៍ ការចែករំលែកបទពិសោធន៍ និងបានធ្វើតេស្តសមត្ថភាពនៅចុងវគ្គសិក្សា ដើម្បីជ្រើសរើសបេក្ខជនទៅសិក្សា និងផ្លាស់ប្តូរបទពិសោធន៍បន្តនៅទីក្រុងបេកាំង។
ចំពោះឆ្នាំ២០១៧ កន្លងមក ក្នុងចំណោមទេសចរអន្តរជាតិមកកម្ពុជា ៥.៦លាននាក់ មានភ្ញៀវទេសចរចិនចំនួនជាង ១.២លាននាក់ កើនឡើង ៤៦% ឈរនៅលំដាប់ទី១។ ក្នុងរយៈពេល៦ខែដំបូង ឆ្នាំ២០១៨នេះ កម្ពុជាទទួលទេសចរចិនចំនួនជាង ៩៣ម៉ឺននាក់ កើន ៧៦% និងមានចំណែកទីផ្សារប្រមាណ ៣១% នៃទេសចរអន្តរជាតិរបស់កម្ពុជា ហើយបច្ចុប្បន្នកម្ពុជាមានមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាចិនចំនួន ១,០៤៦នាក់ ក្នុងនោះខេត្តសៀមរាបមានចំនួន ៨៥១នាក់៕