(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះត្រួតពិនិត្យគ្រឿងចក្រ និងការងាររបស់កងវិស្វកម្ម លេខ១៧៨ ក្រសួងការពារជាតិ ស្ថាបនាស្ពាន-ថ្នល់ នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ការចុះត្រួពិនិត្យនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក នៃអគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ និងឧត្តមសេនីយ៍ឯក សឿន រឿត ជាជំនួយការសម្តេចពិជ័យសេនា ទៀ បាញ់ និងជានាយករង នាយកដ្ឋានកងវិស្វកម្មលេខ១៧៨ ស្ពាន-ថ្នល់ នៃក្រសួងការពារជាតិ និងក្រុមការងារយ៉ាងច្រើនកុះករផងដែរ។
សូមជម្រាបថា ការអញ្ជើញចុះត្រួតពិនិត្យរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បន្ទាប់ពីសម្តេចបានដឹកនាំក្រុមការងារចុះត្រួតពិនិត្យការសាងសង់វិមានឈ្នះ-ឈ្នះ ស្ថិតនៅខណ្ឌជ្រោយចង្វារ ដើម្បីពន្លឿន នៃការសាងសង់វិមាននេះ ឱ្យបានទាន់ពេលវេលា ក្នុងការរលឹកទិវា២០ឆ្នាំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះផងដែរ៕