(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ ដោយអំពាវនាវដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារទាំងអស់ អនុគ្រោះអត្រាការប្រាក់ ពន្យារពេលក្នុងការសងប្រាក់ត្រឡប់ និងមិនត្រូវរឹបអូសទ្រព្យសម្បិត្តិ របស់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយទឹកជំនន់ឡើយ ពោលគឺត្រូវសម្រួលដល់ការប្រឈមផ្នែកហិរញ្ញវត្ថុ ដែលអាចកើតមានពីគ្រោះទឹកជំនន់។
ការចេញសេចក្ដីថ្លែងការ រវាងស្ថាប័នទាំង២នេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសំណើរបស់សម្ដេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលបានអំពាវនាវដល់ ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្វើការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ បន្ធូរបន្ថយរយៈពេលសង ឬអត្រាការប្រាក់ ចំពោះពលរដ្ឋរងគ្រោះទឹកជំនន់។
យោងតាមសេចក្ដីថ្លែងការណ៍ របស់ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានឲ្យលើកទឹកចិត្ត ចំពោះគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុសូម៖
១៖ បន្ដផ្ដល់ឥណទានដោយប្រុងប្រយ័ត្ន និងមានយន្ដការដោះស្រាយទន់ភ្លន់ចំពោះអតិថិជន ដែលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ជាក់ស្ដែង ដើម្បីរក្សាស្ថិរភាព និងភាពរឹងមាំ របស់វិស័យហិរញ្ញវត្ថុ។
២៖ បន្ដពិនិត្យ និងវាយតម្លៃលទ្ធភាពសង របស់ប្រជាកសិករ ដែលបានរងផលប៉ះពាល់ពីគ្រោះថ្នាក់ទឹកជំនន់ សម្រាប់ជាមូលដ្ឋាន ក្នុងការបន្ថយរយៈពេលសង បន្ថយអត្រាការប្រាក់ ឬមិនយកការប្រាក់ ក្នុងរយៈពេលណាមួយ និងមិនត្រូវរឹបអូសទ្រព្យសម្បត្តិ របស់ប្រជាកសិករ ព្រមទាំងផ្ដល់ដំណោះស្រាយសមស្របផ្សេងៗ។
៣៖ បន្ដតាមដានស្ថានភាព និងផលប៉ះពាល់នៃគ្រោះទឹកជំនន់លើប្រជាកសិរ និងផ្ដល់ការគាំទ្រចាំបាច់ស្របតាមកាលៈទេសៈជាក់ស្ដែង។
សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៣ ខែសីហា បានថ្លែងថា «ខ្ញុំក៏យកឱកាសនេះ អំពាវនាវដល់ធនាគារជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមធ្វើការជាមួយមីក្រូហិរញ្ញវត្ថុទាំងឡាយ ដើម្បីអនុគ្រោះចំពោះប្រជាពលរដ្ឋ ដែលជួបប្រទះនឹងគ្រោះទឹកជំនន់ ដោយបន្ថូរបន្ថយរយៈពេលសង ឬបន្ថូរបន្ថយមិនយកការប្រាក់ នៅក្នុងរយៈពេលណាមួយ»។
សម្ដេចតេជោបានថ្លែងបន្ដទៀតថា យន្តការទាំងនេះ ដើម្បីជួយកាត់បន្ថយការលំបាក ព្រោះពេលនេះស្រូវដែលគាត់ធ្វើ ផលដំណាំដែលគាត់ធ្វើបានខូចខាតទៅហើយ។ ដូច្នេះ លទ្ធភាពគាត់សងតាមការកំណត់មិនអាចមានទេ សូមកុំរឹបអូសទ្រព្យសម្បត្តិគាត់ ផ្ទុយទៅវិញត្រូវមានការយោគយល់ អធ្យាស្រ័យដល់គាត់ ពន្យារពេលសងថែមទាំងមិនយកការប្រាក់៕