(ភ្នំពេញ)៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ពីលទ្ធផល នៃកិច្ចប្រជុំបន្ទាន់មួយរបស់សមាគម ពាក់ព័ន្ធយន្តការផ្សេងផ្សេងៗ នៃការផ្តល់ឥណទាន របស់គ្រឹះស្ថានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាសមាជិក ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។
ការប្រជុំបន្ទាន់នេះ ធ្វើឡើងបន្ទាប់ពីនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែនបានប្រាប់ឲ្យធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវធ្វើការជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដើម្បីធ្វើយ៉ាងណារកវិធី ក្នុងការបន្ថូរបន្ថយរយៈពេលសង ឬកាត់បន្ថយអត្រាការប្រាក់ ចំពោះប្រជាពលរដ្ឋ ដែលបានខ្ចីប្រាក់ពីគ្រឹះស្ថានទាំងនោះ ហើយជួបគ្រោះធម្មជាតិទឹកជំនន់។
សេចក្តីថ្លែងការណ៍សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានញ្ជាក់ថា «នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបើកកិច្ចប្រជុំបន្ទាន់ ដើម្បីពិភាក្សាពីការ វិវឌ្ឍនិងផលប៉ះពាល់ពីគ្រោះធម្មជាតិ ជាពិសេសការព្រួយបារម្ភពីគ្រោះទឹកជំនន់ តាមបណ្តាខេត្តនាដងទន្លេមេគង្គ និងការកើនឡើងនូវកម្ពស់ទឹកក្នុងខេត្តមួយចំនួនផ្សេងទៀត ដែលអាចមានផលប៉ះពាល់ដល់ជីវភាព និងផលរបររបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា»។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបញ្ជាក់ទៀតថា តាមការអង្កេតផ្ទាល់ និងតាមរយៈរបាយការណ៍ទទួលបានពីការិយាល័យ និងសាខាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងខេត្ត-ស្រុកអំពីផលប៉ះពាល់ ស្ថានភាពទឹកជំនន់មានកម្រិតខុសៗគ្នា។ ផលប៉ះពាល់ធ្ងន់ធ្ងរត្រូវបានទប់ស្កាត់ តាមចំណាត់ការទាន់សភាពការណ៍ នៃអាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិពាក់ព័ន្ធ ព្រមទាំងការប្រុងប្រយ័ត្នផ្ទាល់របស់បងប្អូនប្រជាពលរដ្ឋ។ ម៉្យាងទៀតក្នុងតំបន់ដែលទទួលរងផលប៉ះពាល់ពីទឹកជំនន់ ដែលជាបាតុភូតធម្មជាតិប្រចាំឆ្នាំ សម្រាប់នាំយកដីល្បាប់ មានជីជាតិស្រោចស្របដីកសិកម្ម ប្រជាពលរដ្ឋមានការត្រៀមទុកជាមុន ក្នុងការបង្ការ និងបញ្ចៀសនូវហានិភ័យនានា។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងទៀតថា ទោះបីជាយ៉ាងនេះក៏ដោយ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងបន្តតាមដានស្ថានភាព និងផលប៉ះពាល់ដែលអាចកើតមានជាយថាហេតុ ព្រមទាំងត្រៀមលក្ខណៈសម្បតិ្ត ចូលរួមក្នុងយន្តការសមស្រប ដើម្បីសម្រាលបន្ទុកបងប្អូនប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយផ្ទាល់ពីគ្រោះធម្មជាតិដល់ជីវភាព និងផលរបររបស់ពួកគាត់។
ជាបន្ថែម សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមអំពាវនាវ និងលើកទឹកចិត្តឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានជាសមាជិកទាំងអស់ មេត្តាអនុវត្តការងារបន្ថែមទៀតដូចខាងក្រោម៖
១៖ បន្តផ្តល់ឥណទានដោយប្រុងប្រយ័ត្ន ដោយពិនិត្យលទ្ធភាពសងជាក់ស្តែង និងផ្តល់យន្តការដោះស្រាយទន់ភ្លន់ ចំពោះអតិថិជនដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់។
២៖ បន្តតាមដានស្ថានភាព និងផលប៉ះពាល់នៃគ្រោះធម្មជាតិ លើអតិថិជនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយផ្តល់ការគាំទ្រចាំបាច់ស្របតាមកាលៈទេសៈជាក់ស្តែង និងរាយការណ៍ មកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ឲ្យបានទាន់ពេលវេលា។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សង្ឃឹមនិងជឿជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងដៃគូពាក់ព័ន្ធទាំងអស់ នឹងចូលរួមសហការផ្តល់ព័ត៌មានទាន់ហេតុការណ៍ និងចាត់វិធានការសមស្រប ដើម្បីគាំទ្រដល់បងប្អូនប្រជាពលរដ្ឋ ក្នុងស្ថានភាពដ៏លំបាកនេះ៕