(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ-ឈ្នះ បានលើកឡើងថា ការបង្កើត «ឧត្តមក្រុមប្រឹក្សា ផ្តល់ និងពិគ្រោះយោបល់» ជាមួយគណបក្សនយោបាយចំនួន១៦ ដែលមិនទទួលបានអាសនៈនៅក្នុងរដ្ឋសភា ចាត់ទុកជាមួយផ្នែកនៃនយោបាយឈ្នះ-ឈ្នះ ដ៏ថ្មីសន្លាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាស្មារតីផ្សះផ្សារជាតិ។

ការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែលសម្តេចពិជ័យ រួមជាមួយនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ​និងជាប្រធានក្រុមការងារ សិក្សាស្រាវជ្រាវសាងសង់វិមានឈ្នះ-ឈ្នះ, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយដ្ឋានយោធាសេវា រួមជាមួយក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ បន្តចុះត្រួតពិនិត្យការសាងសង់វិមានឈ្នះ-ឈ្នះ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះ៖ «រឿងនឹងជារឿងមួយដែលសំខាន់ណាស់ ខ្ញុំហាក់ដូចជាគិតថា វាមានរឿងរ៉ាវច្រើនណាស់ អត្ថន័យច្រើនណាស់តែនេះ ក៏ជានយោបាយតភ្ជាប់សំខាន់ គឺយើងធ្លាប់អនុវត្តបានជោគជ័យជាបន្តបន្ទាប់ គឺធ្វើឱ្យជាតិមាតុភូមិ និងស្រុកទេសមានសុខដុមរមនាយ៉ាងប្រពៃជាទីបំផុត [...] ដូច្នេះគឺការបង្កើតឧត្តមក្រុមប្រឹក្សានេះ គឺចាត់ទុកជាផ្នែកមួយ នៃនយោបាយឈ្នះ-ឈ្នះ គឺបានរលូនមកដល់ពេលនេះ​គឺនៅតែថ្មីស្រឡាង នៅតែអាចប្រើប្រាស់បាន នៅតែបច្ច័យដ៏សំខាន់ សម្រាប់ជាតិមាតុភូមិរបស់យើងផងដែរ»

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ការបង្កើត «ឧត្តមក្រុម​ប្រឹក្សាផ្តល់ និងពិគ្រោះយោបល់» នេះ គឺគេអាចមើលឃើញ និងអាចប្រមែប្រមូលគ្នីគ្នា មកគិតគូរពីការកសាងជាតិ មាតុភូមិដែលវាស្របគ្នា ដើម្បីអនុវត្តន៍ ដើម្បីពង្រឹងភាពសុដុមរមនា ដើម្បីពង្រឹងសន្តិភាពនៅកម្ពុជា ទាំងនេះ គឺវាប្រពៃខ្លាំងណាស់សម្រាប់ការរីកចម្រើនរបស់កម្ពុជាទាំងមូលផងដែរ។

រដ្ឋមន្ត្រីការពារជាតិកម្ពុជារូបនេះ បានបន្ថែមទៀតថា «យើងអាចប្រមែប្រមូលនូវអ្វីដែលហៅថា​ការគិតគូរអំពីជាតិ មាតុភូមិ ដែលវាស្របគ្នា គឺយកមកដើម្បីអនុវត្តន៍យកមកដើម្បីដំណើរការទៅមុខ [...] យកមកដើម្បីពង្រឹងភាពសុដុមរមនា យកមកដើម្បីពង្រឹងសន្តិភាពដែលនេះ គឺវាប្រពៃខ្លាំងណាស់ ដូច្នេះកិច្ចការងារនេះគឺវាជាការតភ្ជាប់ ហើយជាមោទនៈភាពរបស់ជាតិយើងណាស់ ដែលមានអ្នក ដឹកនាំដែលមានសុភ័ក្រវិនិច្ឆ័យ មានការគិតគូអំពីភាពសុខដុមរមនាមិនឱ្យឃ្លាតឆ្ងាយ ដោយសារយើងទទួលបានភាពសុខដុមរមនា​គឺវាលំបាកខ្លាំងណាស់»

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ដូច្នេះវិធីពង្រឹងយ៉ាងណាដើម្បីឱ្យសន្តិភាព និងការអភិវឌ្ឍនេះឱ្យបានរឹងមាំ ស្ថិរភាព សន្តិភាព ការផ្សះផ្សារជាតិកម្ពុជានោះ គឺសម្តេចតេជោ ហ៊ុន សែន បានលះបង់នូវអ្វីៗ គ្រប់យ៉ាងទាំងអស់ តាំងពីការសម័យកាលមួយដ៏លំបាក​គឺផ្តួលរំលំរបបប្រល័យពូជសាសន៍ «ប៉ុល ពត» រហូតមកដល់ពេលនេះ​ធ្វើកម្ពុជាមានស្ថិរភាពគ្រប់បែបយ៉ាង។

សូមបញ្ជាក់ថា ជាការបើកទំព័រប្រវត្តិសាស្ដ្រថ្មីមួយទៀត ដើម្បីផលប្រយោជន៍ប្រជាជាតិកម្ពុជាទាំងមូល នៅថ្ងៃទី២១​ ខែសីហាថ្មីៗនេះ ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត «ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់» ដោយមានការឯកភាពពីគណបក្សនយោបាយដែលបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ចំនួន១៥។

«ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់» នេះ មានសមាសភាពមកពីគណបក្សដែលបានចូលរួមបោះឆ្នោតអាណត្តិទី៦ ជាមួយការឯកភាពពីនាយករដ្ឋមន្រ្តី។ គណបក្សនីមួយៗមានតំណាងពីររូប ដែលជាប្រតិភូ និងតែងតំាងដោយព្រះរាជក្រឹត្យ ស្នើដោយនាយករដ្ឋមន្រ្តី (ដោយតែងតាំងឋានៈស្មើទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តី)។

ប្រធានឧត្តមក្រុមប្រឹក្សា គឺអនុវត្តន៍តាមគោលកាណ៍បន្តវេនមួយខែ ម្តងតាមលេខរៀងបញ្ជីបោះឆ្នោត។ «ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់»នេះ មានលេខាធិការដ្ឋានមួយ ទទួលខុសត្រូវដោយមន្ត្រីទីស្តីការគណៈរដ្ឋមន្រ្តី និងមន្រ្តីម្នាក់មកពីគណបក្សនីមួយៗ។ លេខាធិការដ្ឋាន និងកន្លែងប្រជុំស្ថិតនៅក្នុងវិមានសន្តិភាព។

«ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់» ត្រូវប្រជុំរៀងរាល់មួយខែម្តង តាមការកោះប្រជុំរបស់ប្រធានបន្តវេន ហើយប្រជុំជាមួយនាយករដ្ឋមន្រ្តី៦ខែម្តង ឬ​ជាការចាំបាច់របស់នាយករដ្ឋមន្រ្តី ដែលធ្វើនៅចន្លោះពេលនេះ តាមការកោះប្រជុំរបស់នាយករដ្ឋមន្រ្តី «ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់» នេះ នឹងត្រូវបញ្ចប់អនុលោមតាមអាណត្តិរបស់រាជរដ្ឋាភិបាលនីតិកាលទី៦នេះ៕