(ប៉ៃលិន)៖ អភិបាលខេត្តប៉ៃលិនលោក ផាន់ ចាន់ធុល បានចុះត្រួតពិនិត្យការគ្រប់គ្រងនៅពន្ធនាគារខេត្តប៉ៃលិនភ្លែត ដោយបានដាស់តឿនដល់មន្ត្រីអនុរក្សពន្ធនាគារទាំងអស់ ត្រូវពង្រឹងការងារតាមផ្នែករបស់ខ្លួនឱ្យបានត្រឹមត្រូវ និងបង្កើនការយកចិត្តទុកដាក់ចំពោះការបណ្ដុះបណ្ដាលទណ្ឌិត ដើម្បីឱ្យពួកគេមានជំនាញច្បាស់លាស់មួយ សម្រាប់ប្រកបរបរនៅពេលចេញពីពន្ធនាគារវិញ។
លោកអភិបាលខេត្តដាស់តឿនបែបនេះ ធ្វើឡើងក្នុងកិច្ចសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីអនុរក្សពន្ធនាគារខេត្តប៉ៃលិន នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ដើម្បីធ្វើពង្រឹងការដឹកនាំគ្រប់គ្រងឱ្យកាន់តែមានប្រសិទ្ធភាព គណនេយ្យភាព និងការទទួលខុសត្រូវនៅក្នុងអង្គភាពពន្ធនាគារ ជាពិសេសគ្រប់គ្រងជនជាប់ឃុំឱ្យមានសុខសុវត្ថិភាពខ្ពស់។
លោក ផាន់ ចាន់ធុល បានកោតសសើរដល់ថ្នាក់ដឹកនាំពន្ធនាគារ ដែលបានយកចិត្តទុកដាក់រៀបចំកែលម្អកន្លែងធ្វើការឱ្យមានរបៀបរៀបរយល្អ ជាពិសេសកន្លែងឃុំឃាំងមានសណ្តាប់ធ្នាប់ និងមានសោភ័ណភាព ផាសុកភាព ព្រមទាំងការផ្តល់សេវាបានសមស្របជូនមន្រ្តីអនុរក្សក្រោមឱវាទ និងទណ្ឌិតដែលកំពុងជាប់ឃុំ។
លោកអភិបាលខេត្តបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំពន្ធនាគារ ត្រូវបន្តការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នបន្ថែមទៀតទៅលើសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមណ្ឌលអប់រំកែប្រែមួយនេះ ដើម្បីកុំឱ្យមានថ្លោះធ្លោយដោយប្រការណាមួយ ជាហេតុធ្វើឱ្យបាត់បង់ជំនឿទុកចិត្តពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដោយគ្រប់វិនាទីត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច តាមដានគ្រប់សកម្មភាព ទាំងនៅក្នុងមន្ទីរឃុំឃាំង និងនៅក្រៅ ហើយចំពោះមន្រ្តីអនុរក្សដែលមានក្រមសីលធម៌ល្អ បំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង គឺត្រូវរៀបចំ ឬស្នើសុំដំឡើងឋានៈបំពេញរចនាសម្ព័ន្ធ ព្រមទាំងពិនិត្យ និងរៀបចំកាំប្រាក់បៀវត្សមន្រ្តីឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោក ផាន់ ចាន់ធុល បានបញ្ជាក់ថា កំណើនជនជាប់ឃុំកាន់តែកើនខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ និងភាពចង្អៀតណែនក្នុងពន្ធនាគារ មិនត្រូវបានកាត់បន្ថយតាមគម្រោងផែនការនោះទេ។ លោកថា បញ្ហាចង្អៀតណែនក្នុងពន្ធនាគារនេះ ដោយសារការប្រព្រឹត្តបទល្មើសផ្សេងៗកាន់តែកើតមានជាបន្តបន្ទាប់ ដែលមន្ត្រីមានសមត្ថកិច្ចទាំងអស់គ្នាត្រូវរួមគ្នាគិតពីហានិភ័យចំពោះមុខ អំពីផលប៉ះពាល់ដល់សង្គមជាតិទាំងមូល ដូច្នេះតាមផ្នែកនីមួយៗត្រូវបង្កើនការអប់រំ កែប្រែ បង្រៀនពន្យល់ដល់ជនជាប់ឃុំក្នុងពន្ធធនាគារទាំងអស់ឱ្យបានយល់ពីផ្លូវច្បាប់ និងចេះកែខ្លួន ដើម្បីក្លាយខ្លួនជាប្រជាពលរដ្ឋល្អ រស់នៅក្នុងសង្គមក្នុងភាពសេចក្តីថ្លៃថ្នូរ
លោកបញ្ជាក់ទៀតថា ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់ទណ្ឌិត គឺជារឿងចាំបាច់បំផុតដើម្បីផ្តល់ចំណេះដឹងមូលដ្ឋាន ពេលចេញទៅរស់នៅក្នុងសហគមន៍វិញ ពួកគាត់មានជំនាញមួយច្បាស់លាស់ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតស្របច្បាប់។
លោកបានជំរុញដល់ថ្នាក់ដឹកនាំពន្ធនាគារត្រូវមានភាពវៃឆ្លាត ទំនាក់ទំនងឱ្យបានល្អជាមួយថ្នាក់ដឹកនាំអង្គភាពផ្សងៗ និងបណ្តាសប្បុរសជននានា ដើម្បីស្នើសុំជំនួយផ្សេងៗយកមកកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងអង្គភាពបន្ថែមទៀត ដែលបច្ចុប្បន្ននេះពន្ធនាគារខេត្តប៉ៃលិននៅមានការខ្វះខាតច្រើន។
សូមជម្រាបថា បច្ចប្បន្នពន្ធនាគារមានជនជាប់ឃុំសរុប ២៤៣នាក់ (ស្រី ២២នាក់) ក្នុងនោះជនត្រូវចោទចំនួន ៣៩នាក់ (ស្រី ៣នាក់) ជនជាប់ចោទចំនួន ៥៥នាក់ (ស្រី ៤នាក់) ពិរុទ្ធជនចំនួន ៦២នាក់ (ស្រី ៧នាក់) និងទណ្ឌិតចំនួន ៨៧នាក់ (ស្រី ៨នាក់)៕