(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ដ បានធ្វើការបង្ក្រាបបទល្មើសនេសាទខុសច្បាប់​ជាបន្ដបន្ទាប់ នៅតាមមូលដ្ឋាន ដោយមិនបណ្ដែតបណ្ដើរឲ្យបទល្មើសនេះកើតមានទៀតនោះទេ។

ជាក់ស្ដែងនៅថ្ងៃទី២៣-២៤ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលជំនាញ បានបង្ក្រាបបទល្មើស២ករណី នៅក្នុងមូលដ្ឋានស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយដកហូតបានវត្ថុតាងមួយចំនួន និងចាក់ប្រលែងកូនត្រីចម្រុះចូលទឹកវិញផងដែរ។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា សម្រាប់ប្រតិបត្ដិការនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ លោកបាន​បញ្ជា លោកអធិការស្រុកស្រីសន្ធរ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបូក បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅចំណុច ខាងត្បូងភូមិតាម៉ឺន និងភូមិព្រែកដំបូកលើ ក្នុងភូមិសាស្រ្តឃុំព្រែកដំបូក ស្រុកស្រីសន្ធរ​។

ជាលទ្ធផល ដកហូតបានលូស្បៃមុង ចំនួន០៤មាត់, ព្រួលស្បៃមុង ប្រវែង៥០០ម៉ែត្រ និងចាក់លែងកូនត្រីចំរុះចំនួន១០គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ។ចំពោះសម្ភារវត្ថុតាង បានដឹកជញ្ជូនយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបូក ដើម្បីរងចាំបទបញ្ជាចាត់ការបន្ត។​

លោកស្នងការបន្ដថា សម្រាប់ប្រតិបត្ដិការនៅថ្ងៃទី២៣ ខែសីហាម្សិលមិញ ​បន្ទាប់ពីទទួលបានព័ត៌មានពីពលរដ្ឋ លោក​ចាត់បញ្ជាលោកវរសេនីយ៍ឯក ស្រេង ធារី នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំកម្លាំងជំនាញ ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅចំណុចឃុំ ស្វាយខ្សាច់ភ្នំ និង​ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ។ ជាលទ្ធផល ដកហូត លូស្បៃមុងចំនួន១០មាត់, ​របាំងស្បៃមុងប្រវែង១,១១៥ម៉ែត្រ, របាំងសាច់រ៉ាវប្រវែង១,៣៥០ម៉ែត្រ, រ៉ាវ១៣មាត់, បង្គោលចម្រុះចំនួន៣៦០ដើម និងចាក់លែងកូនត្រីចម្រុះចំនួន១២០គីឡូក្រាម។ ចំពោះវត្ថុតាងបានសហការដុតបំផ្លាញចោលនៅឃុំអង្គរបាន ស្រុកកងមាស ដោយមានការឯកពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម៕