Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រូៗដែលចូលកែកិច្ចការរបស់បេក្ខជនប្រឡងបាក់ឌុប ត្រូវបានដកហូតទុកនូវ​កាបូប ទូរស័ព្ទដៃ និងសម្ភារមួយចំនួន​

24-08-2018 12:27

(ភ្នំពេញ)៖ គណៈកម្មការគ្រប់មុខវិជ្ជា នៅគ្រប់មណ្ឌលកំណែមុខវិជ្ជាទាំង១០ កំពុងតែមមាញឹកបំពេញការងារតាមភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាឲ្យការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

ដោយឡែក សម្រាប់គ្រូៗ ដែលត្រូវបំពេញភារកិច្ចកែនូវវិញ្ញាសារប្រឡងទាំងអស់នេះ មុននឹងចូលទៅក្នុងបន្ទប់ប្រឡង ក៏ត្រូវគណៈកម្មការធ្វើការដកហូត កាបូប ទូរស័ព្ទដៃ និងសម្ភារមួយចំនួនផងដែរ ដើម្បីផ្ដល់ភាពសុក្រឹត្យ ត្រឹមត្រូវ និងតម្លាភាពដល់គ្រប់បេក្ខជនទាំងអស់។ នេះបើតាមការឲ្យដឹងពី ក្រសួងអប់រំ យុវជន និងកីឡា ដែលបានបង្ហោះនៅលើ Facebook ផ្លូវការនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨។

ក្រសួងអប់រំ បញ្ជាក់យ៉ាងដូច្នេះថា «កាបូប ទូរស័ព្ទ និងសម្ភារផ្សេងៗ ដែលសមាជិក នៃគណៈកម្មការក្រុមមុខវិជ្ជា នៅគ្រប់មណ្ឌលកំណែមុខវិជ្ជាទាំង១០ យកមកជាប់ខ្លួនត្រូវបានរក្សាទុកដាច់ដោយឡែក​ ខណៈកំពុងមានភាពមមាញឹកក្នុងការបំពេញការងារតាមភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាឲ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង​ ២០ សីហា ២០១៨ ប្រព្រឹត្តទៅដោយគោរព តាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន»។​

សូមជម្រាបថា លទ្ធផល​ប្រឡង​នឹង​ត្រូវ​ប្រកាស​ ​នៅ​តាម​មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល នា​រសៀល​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨ និង​នៅ​តាម​​​មណ្ឌល​ប្រឡង​ក្នុង​ខេត្ត​ផ្សេងទៀត នា​​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨ ព្រមទាំង​​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្លូវ​ការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។

ការប្រឡងសម្រាប់ឆ្នាំសិក្សា២០១៨នេះ មាន​​បេក្ខជន​បាន​ចុះឈ្មោះ​​ប្រឡង​​​សរុប​ចំនួន​១១៥,២៦៨នាក់ ស្រី​៥៨,១៥៨ នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន ​១៩៦​​​មណ្ឌល​ ក្នុង​​នោះ​ថ្នាក់​វិទ្យាសាស្ត្រ មាន​៩៩​មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​​សង្គម​មាន​៩៧​មណ្ឌល ត្រូវ​ជា​៤,៦៥៥​​បន្ទប់​ ទូទាំង​ប្រទេស៕