(ភ្នំពេញ)៖ លោក ប៊ុន ចំរើន ប្រធានសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ នៅទាបភ្លឺថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ បានដឹកនាំកម្លាំងរបស់លោក សហការជាមួយគណៈកម្មការផ្សារច្បារអំពៅ និងផ្សារបន្លែច្បារអំពៅ ចុះទៅត្រួតពិនិត្យ និងដកហូតឈាមជ្រូក ដែលរកឃើញមានសារធាតុគីមីហាមឃាត់ (Borax)។
លោក ប៊ុន ចំរើន បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ មន្រីកាំកុងត្រូលបានដកហូតឈាមជ្រូកចំនួន៤២០,៨ គីឡូក្រាម ពីអាជីវករលក់សាច់ជ្រូកចំនួន៦តូប បន្ទាប់ពីមន្រ្តីកាំកុងត្រូលធ្វើតេស្តបឋម បានរកឃើញមានវត្តមានសារធាតុគីមីហាមឃាត់ លាយនៅក្នុងឈាមជ្រូកទាំងនោះ និងបានឲ្យម្ចាស់តូបទាំង៦នោះ ធ្វើកិច្ចសន្យាធានាអះអាងថា ឈប់ប្រើសារធាតុគីមីនេះតទៅទៀត។ ប្រសិនបើមិនព្រមរាងចាលទេ នៅតែបន្តដាក់លក់ ផលិតផលមានលាយសារធាតុគីមី និងទទួលទោសតាមច្បាប់ជាធរមាន។
ក្រោយពីបានធ្វើកិច្ចសន្យា ជាមួយមន្រ្តីកាំកុងត្រូល ម្ចាស់អាជីវករទាំង៦តូប បានយល់ព្រម តាមសំណើរបស់មន្រ្តីកាំកុងត្រួល ដោយឈប់លាយសារធាតុគីមីហាមឃាត់ ចូលក្នុងឈាមជ្រូក។
លោកប្រធានសាខា ក៏បានពន្យល់ដល់អាជីវករកាប់ជ្រូកទាំងអស់ យកចិត្តទុកដាក់ខ្ពស់ពីសុវត្ថិភាពម្ហូបអាហារ សូមកុំយកសារធាតុគីមីលាយក្នុងឈាមជ្រូក ព្រោះបើយើងបរិភោគទៅ វានឹងនាំខូចសុខភាពយើង «សូមបងប្អូនអាជីវករកុំលក់ដូរនូវទំនិញ ដែលមានសារធាតុ គីមីហាមឃាត់ យើងត្រូវការលុយ តែអ្នកទិញពួកគាត់ត្រូវការសុខភាពល្អ»។
សូមបញ្ជាក់ផងដែរថា ការត្រួតពិនិត្យនេះ បានធ្វើឡើងទៅលើតូបចំនួន១០ ដែលមានដាក់ លក់ឈាមជ្រូកនៅក្នុងផ្សារទាំងពីរខាងលើ។
លោកប្រធានសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ នៅតែទទូចស្នើសុំទៅដល់ផលិតករ អាជីករ អ្នកនាំចូលដែលខិលខូចមិនគោរពច្បាប់ សូមកុំគិតតែ អំពីផលចំណេញខ្លាំងពេក សូមប្រកបរបរដែលមានសុចរិតភាព នឹងមានគុណធម៌ សីលធម៌ក្នុងខ្លួនផង ព្រោះថា អំពើដែលពួកគាត់បានបង្ក នឹងជះផលត្រឡប់ទៅលើពួកគាត់ ឬសាច់ញាត់របស់គាត់វិញនៅ ថ្ងៃណាមួយ ជាក់ជាមិនខាន៕