(សៀមរាប)៖ ការងារស្ដារគម្របព្រៃឈើក្នុងរមណីយដ្ឋានអង្គរឡើងវិញ ជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពផ្សេងៗក្នុងកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ ជាមួយគ្នានោះ អាជ្ញាធរជាតិអប្សរា ក៏អំពាវនាវដល់ពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមដាំកូនឈើក្នុងព្រៃឧទ្យានអង្គរផងដែរ។

ជាក់ស្ដែង កូនឈើប្រភេទចម្រុះ១០០០ដើម ត្រូវបានដាំឡើងវិញនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចដីព្រៃខាងត្បូងប្រាសាទបន្ទាយក្តី ហើយការដាំកូនឈើទ្រង់ទ្រាយធំបែបនេះ គឺជាផ្នែកមួយនៃកិច្ចការប្រចាំថ្ងៃរបស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា។

អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ ដែលបានដឹកនាំកម្មវិធីដាំកូនឈើ ដោយមានការចូលរួមរបស់បុគ្គលិកអាជ្ញាធរជាតិអប្សរា នគរបាលបេតិកភ័ណ និងមន្រ្តីឧទ្យានុរក្ស បានឱ្យដឹងថា ការដាំកូនឈើឡើងវិញនេះមានសារសំខាន់ណាស់ ព្រោះដីក្នុងរមណីយដ្ឋានអង្គរភាគច្រើនជាដីខ្សាច់ ហើយគ្រឹះប្រាសាទក៏ត្រូវការសំណើមទឹកក្រោមដី ដើម្បីរក្សាលំនឹងគ្រឹះប្រាសាទ។

ក្រៅពីនេះ ព្រៃឈើបានបង្កើតទេសភាពវប្បធម៌នៅក្នុងតំបន់អង្គរឱ្យកាន់តែទាក់ទាញ ហើយភ្ញៀវទេសចរជាច្រើនមានសេចក្តីពេញចិត្ត ចំពោះទេសភាពបៃតងដ៏ស្រស់ត្រកាលនេះ។ បច្ចុប្បន្នមានភ្ញៀវទេសចរមួយចំនួនចាប់អារម្មណ៍ក្នុងការជិះកង់ក្នុងព្រៃ ដែលនេះជាចំណែកមួយសំខាន់សម្រាប់វិស័យទេសចរណ៍។

ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមានឱកាស ក្នុងការចូលរួមដាំកូនឈើក្នុងព្រៃឧទ្យានអង្គរ ក៏ដូចជាការលើកទឹកចិត្តក្នុងការថែរក្សាព្រៃឈើ លោក ហង់ ពៅ បញ្ជាក់ថា ជាគោលការណ៍អាជ្ញាធរជាតិអប្សរាចង់បានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ដើម្បីចូលរួមស្តារគម្របព្រៃឈើឡើងវិញ ហើយជាពិសេសក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រោះថានេះពុំមែនជាភារកិច្ចផ្តាច់មុខរបស់អាជ្ញាធរជាតិអប្សរាទេ តែជាការចូលរួមទទួលខុសត្រូវទាំងអស់គ្នានៃប្រជាពលរដ្ឋគ្រប់រូប។

ដូច្នេះសូមឱ្យប្រជាពលរដ្ឋទាំងអស់ក្នុងឬក្រៅខេត្តសៀមរាប អាចស្នើសុំពូជឈើ ឬកូនឈើពីអាជ្ញាធរជាតិអប្សរាទៅដាំនៅផ្ទះ ភូមិ ស្ថាប័ន ឬក្រុមហ៊ុនពួកគេបាន។ លើសពីនេះ ពួកគេក៏អាចដាំកូនឈើក្នុងព្រៃនៃឧទ្យានអង្គរបានផងដែរ ដោយគ្រាន់តែពួកគេទាក់ទងមកមន្រ្តីជំនាញព្រៃឈើដើម្បីរៀបចំទីតាំងដែលត្រូវដាំ។

គួរបញ្ជាក់ថា ផ្ទៃដីដែលដាំកូនឈើនេះ គឺជាដីដែលអាជ្ញាធរជាតិអប្សរាដោះស្រាយគោលនយោបាយជាមួយប្រជាពលរដ្ឋ ដើម្បីយកមកដាំកូនឈើឡើងវិញ៕