(សៀមរាប)៖ បន្ទាប់ពីបើកវគ្គសិក្សាអស់រយៈពេល៤ខែកន្លងមក កម្មវិធីអប់រំកុមារបេតិកភណ្ឌនៅសាលាបឋមសិក្សាស្រះស្រង់ បានបញ្ចប់វគ្គទី១ដោយជោគជ័យ ក្រោមវត្តមានថ្នាក់ដឹកនាំ អាជ្ញាធរជាតិអប្សរា អង្គការគាំពារពារកេរមរតក មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប មជ្ឈមណ្ឌលយុវជនជាតិកម្ពុជាខេត្តសៀមរាប សម្បុរសជនគាំទ្រគម្រោង មាតាបិតាសិស្ស រួមនឹងអាជ្ញាធរមូលដ្ឋានប្រហែលជាង២០០នាក់។
កម្មវិធីនេះ ធ្វើឡើងនាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ដែលត្រូវបានបង្កើតឡើងនៅសាលាគោលដៅចំនួន២ គឺសាលាបឋមសិក្សាស្រះស្រង់ និងវិទ្យាល័យនគរធំ ក្នុងគោលបំណងបណ្តុះគំនិត ឱ្យសិស្សានុសិស្សចេះស្រឡាញ់ ស្វែងយល់ពីបេតិកភណ្ឌក្នុងតំបន់ដែលខ្លួនកំពុងរស់នៅឱ្យកាន់តែច្បាស់ ចេះស្រាវជ្រាវ ចេះចងក្រងឯកសាររក្សាទុកសម្រាប់ក្មេងជំនាន់ក្រោយ។
អប់រំផ្ទាល់លើសិស្សអំពីអ្វីដែលអ្នកស្រាវជ្រាវបានឃើញ ដើម្បីឱ្យសិស្សតាមទាន់សភាពការណ៍នៃការស្រាវជ្រាវ ផ្តល់ព័ត៌មានថ្មី និងបច្ចុប្បន្នភាពដល់សិស្សានុសិស្ស និងបន្តវិធីសាស្រ្តនៃការស្រាវជ្រាវ បែបវិទ្យាសាស្រ្ត ជាមូលដ្ឋានបណ្តុះបណ្តាលដល់សិស្សបន្តិចម្តងៗ ហើយសិស្សអាចសិក្សាស្វែងយល់ដោយខ្លួនឯង ដើម្បីបន្ថយគម្លាតនៃការយល់ដឹងពីសហគមន៍ ព្រោះខ្លួនកំពុងរស់នៅក្នុង តំបន់បេតិកភណ្ឌ។
លោកស្រី Joyce Hanan Clark ប្រធានអង្គការគាំពារកេរមរតកប្រចាំសហរដ្ឋអារមេរិក បានបញ្ជាក់ថា «យើងមិនអាចធ្វើការមួយថ្ងៃ ដើម្បីឱ្យអនាគតល្អប្រសើរទេ គឺយើងមានដំណើរការវែងឆ្ងាយ បន្តទៀតជាមួយកិច្ចការអប់រំបេតិកភណ្ឌ»។
លោកស្រីបន្តថា «កម្មវិធីអប់រំនេះមិនបានផ្តោតតែលើប្រាសាទទេ គឺរាប់បញ្ចូលទាំងបរិស្ថាន បេតិកភណ្ឌក្រោមដី ក្នុងទឹក រូបី និងអរូបីផង ដើម្បីឱ្យក្មេងៗដឹងថាមានអ្វីខ្លះជាបេតិកភណ្ឌក្នុងតំបន់ខ្លួន? វាមានប្រយោជន៍ដូចម្តេច? ហើយត្រូវការពារយ៉ាងណា? ដូច្នេះហើយទាមទារឱ្យយើងត្រូវបណ្តុះដល់ក្មេងៗជំនាន់ក្រោយ ធ្វើការងារនេះជាប្រចាំ និងយូរអង្វែងក្នុងការថែរក្សា ព្រោះមិនមែនដើម្បី តែមួយគ្រួសារទេ គឺបេតិកភ័ណដើម្បីជាតិទាំងមូល»។
លោកស្រីបន្តទៀតថា វាជាការសំខាន់ណាស់ ដែលយើងបានកើត រស់នៅ រកស៊ីជាមួយបេតិកភណ្ឌ ត្រូវតែសិក្សា ស្វែងយល់ ការពារ ថែរក្សាបេតិកភ័ណ បើទោះបីជាម៉ោងសិក្សាមានរយៈពេលខ្លី តែសិស្សានុសិស្សពិតជាបានដឹងច្រើនអំពីប្រវត្តិសាស្ត្រ ការស្រាវជ្រាវ ទំនៀមទម្លាប់ តួនាទីប្រាសាទ បរិស្ថាន ក្រមសីលធម៌ពេលចូលប្រាសាទ និងប្រវត្តិសិល្បៈ។ នេះជាការកែប្រែទម្លាប់ដ៏ប្រសើរ ដែលអ្នកជំនាន់មុនត្រូវបន្តវេនដល់អ្នកជំនាន់ក្រោយ។
លោក អ៉ឹម សុខរឹទ្ធី ប្រធានគម្រោង និងជាតំណាងលោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានរំឭកថា គម្រោងនេះបង្កើតឡើងតាំងពីឆ្នាំ២០០៧ ដោយមានកិច្ចសហការជាមួយប្រទេសថៃ ហើយទទួលជោគជ័យបំផុតនៅវិទ្យាល័យបន្ទាយឆ្មារ តែនេះជាវគ្គសិក្សាទី១នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។
លោកថា អាជ្ញាធរអប្សរានឹងពង្រីកវិសាលភាពទៅសាលាផ្សេងទៀតនៅតំបន់អង្គរមាន សាលាបាគងជាដើម ដែលនៅពេលអនាគត កុមារ និងយុវជនស្ម័គ្រចិត្តនឹងបានផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ចងក្រងឯកសារប្រចាំតំបន់របស់ខ្លួនដោយខ្លួនឯង ហើយរក្សាទុកនៅទីតាំងផ្ទាល់សម្រាប់សហគមន៍។ លើសពីនោះ អាជ្ញាធរអប្សរាក៏នឹងបង្កើតឱ្យមានការចុះកម្មសិក្សាទៅក្រៅតំបន់ ដូចជាសំបូរព្រៃគុក និងបន្ទាយឆ្មារជាដើម ដើម្បីស្វែងយល់បន្ថែមពីបេតិកភណ្ឌក្រៅស្រុក៕