(ភ្នំពេញ)៖ មហាជននៅពេលថ្មីៗនេះ បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយបញ្ចេញទស្សនៈផ្សេងៗគ្នា លើស្ត្រីជនជាតិចិនម្នាក់ ដែលត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារ ក្រោមការចោទប្រកាន់ចំនួន៣ ព្រោះតែនាងបានបើករថយន្តបុកក្រុមចោរ ដែលឆក់ទូរស័ព្ទរបស់នាង។ ចំណែកចោរឆក់មួយក្រុមនេះវិញ ត្រូវបានទម្លាក់ទៅបទលួចប៉ុណ្ណោះ។
សូមបញ្ជាក់ថា ក្រុមចោរទាំង៣នាក់ ដែលធ្លាប់ធ្វើសកម្មភាព ឆក់ និងប្លន់ជាច្រើនលើកច្រើនសារ នៅក្នុងរាជធានីភ្នំពេញ មិនដឹងថា មានជនរងគ្រោះប៉ុន្មាននាក់នោះទេ ដែលអស់ទ្រព្យួ និងដេកពេទ្យដោយសារពួកគេ បែរជាព្រះរាជអាជ្ញារង២រូបគឺលោកស្រី កែវ សុគន្ធា និងលោក ងិន ពេជ្រ សម្រេចប្តូរបទចោទប្រកាន់ពីបទ «លួចមានស្ថានទម្ងន់ទោស» (នគរបាលយុត្តិធម៌ សន្និដ្ឋានបញ្ជូនទៅអយ្យការ) ដែលអាចជាប់គុកចន្លោះពី៣ឆ្នាំ ទៅ១០ឆ្នាំ មកជាបទ «លួចធម្មតា» ដែលអាចប្រឈមនឹងការជាប់គុកត្រឹមតែ៦ខែ ទៅ៣ឆ្នាំប៉ុណ្ណោះ។
ក្រោយពីប្តូរបទចោទប្រកាន់ លើលោកចោរទាំង៣នាក់រួចមក ក្រុមចោរឆក់ទាំង៣នាក់នេះ ត្រូវបានលោក អ៊ុក សុវណ្ណារិទ្ធ និងលោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្ន កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ម្សិលមិញ។
មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានបង្ហើបថា ការសម្រេចប្តូរបទចោទបែបនេះ គឺជាឆន្ទានុសិទ្ធិរបស់តំណាងអយ្យការ។
សមត្ថកិច្ចបានអះអាងថា ក្រុមចោរទាំង៣នាក់ រួមមាន៖
*ទី១៖ ឈ្មោះ យឹម ភារុន អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ (ជាចោរមុខសញ្ញាចាស់កំពុងមានមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៤០១ដ.ច.ន ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ចេញដោយលោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ)
*ទី២៖ ឈ្មោះ កៅ ក្វេងហុង ហៅ ភួង សុវណ្ណារ៉ូ អាយុ២២ឆ្នាំ មុខរបរជាងថតរូប និងចោរក្រៅម៉ោង ស្នាក់នៅផ្ទះលេខ៥A ផ្លូវលេខ៣៣៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ
*ទី៣៖ ឈ្មោះ ម៉ន រតនៈ ហៅ ណាក់តូច អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះលេខ៩៤E២ ផ្លូវលេខ១៣០ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឃាត់ខ្លួនពួកគេ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ជាបន្តបន្ទាប់ ពាក់ព័ន្ធបទល្មើសអំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទ្រព្យសម្បត្តិ) ចំនួន០៤ ករណី រួមមាន៖
*ករណីទី១ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយពណ៌ផ្ទៃមេឃ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២២៩ ផ្លូវព្រះនរោត្តម ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ
កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៥៖៣៥នាទី ដែលមានជនរងគ្រោះឈ្មោះ លីវ តៃហ័រ (LIU DAI HUA) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EA ៤០៣២៩០៧ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៧ ផ្លូវលេខ៣២២ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរពាណិជ្ជករ។ សម្ភារបាត់បង់មានកាបូបស្ពាយ ពណ៌ផ្ទៃមេឃ ចំនួន១, កូនកាបូបលុយពណ៌ ខ្មៅចំនួន០១, លិខិតឆ្លងដែនលេខ EA ៤០៣២៩០៧ ចំនួន១ក្បាល, ប្រាក់ដុល្លារចំនួន១០,០០០ដុល្លារអាមេរិក, កាតធនាគារចំនួន៧សន្លឹក, អាវយឺតកីឡាចំនួន២ឈុត។
*ករណីទី២ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ប្រព្រឹត្តនៅចំហៀងសណ្ឋាគារ TOKYO INN ផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១៧៖៣០នាទី។
*ករណីទី៣ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបយួរដៃពណ៌ខ្មៅ) ប្រព្រឹត្តនៅចំណុចផ្លូវលេខ៦៣ មុខសណ្ឋាគារសង់អាលីហ្សេ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១៤៖២០នាទី ពីបុរសជនជាតិចិនកំពុងដើរម្នាក់ឯង។
*ករណីទី៤ អំពើលួច (ឆក់ទ្រព្រព្យសម្បត្តិ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៧ ផ្លូវសុធារស ភូមិទី៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕