(ភ្នំពេញ)៖ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ប៊ុន ធី នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ បានសម្រេចផ្តន្ទាទោស អ្នកស្រីទេព វន្នី រួមទាំងសកម្មជនបឹងកក់៥រូបផ្សេងទៀត ឱ្យជាប់ពន្ធនាគាររយៈពេល៦ខែ ពាក់ព័ន្ធនឹងករណី «គំរាមថានឹងសម្លាប់» ដែលប្តឹងដោយ អតីតស្ត្រីបឹងកក់ លោកស្រី លី មុំ ប៉ុន្តែទៅទាំងអស់នេះ តុលាការមិនឱ្យអនុវត្តនោះទេ គឺត្រូវព្យួរទាំងអស់។
អ្នកស្រី ទេព វន្នី សកម្មជនដីធ្លីតំបន់បឹងកក់ដែលទើបត្រូវបានដោះលែងចេញពីពន្ធនាគារ រួមទាំងសកម្មជនបឹងកក់៣រូបទៀត ក្នុងចំណោមជនជាប់ចោទ៦នាក់ បានចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញជាថ្មី នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ដើម្បីតទល់ក្នុងសវនាការនៃសំណុំរឿងមួយផ្សេងទៀត ដែលចោទប្រកាន់ពួកគេពីបទ ពាក់ព័ន្ធនឹងករណី «ប្រមាថ និងគំរាមថានឹងសម្លាប់» ដែលប្តឹងដោយ អតីតស្ត្រីបឹងកក់ លោកស្រី លី មុំ។
ក្រុមស្ត្រីបឹងកក់៦នាក់ ដែលជាជនជាប់ចោទនៅក្នុងសំណុំរឿងនេះ រួមមានអ្នកស្រី ទេព វន្នី, លោកស្រី ហេង មុំ , លោកស្រី ង៉ែត ឃុន, លោកស្រី ឆេង លាភ, លោកស្រី គង់ ចាន់ថា និងលោកស្រី តុល ស្រីពៅ ដែលត្រូវបានលោកស្រី លី មុំ ដាក់ពាក្យប្ដឹងពីបទជេរប្រមាថជាសាធារណៈ និងគំរាមថានឹងសម្លាប់ កាលពីឆ្នាំ២០១២ កន្លងទៅ។
នៅក្នុងពេលបើកសវនាការជំនុំជម្រះនេះ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលុបចោលការចោទប្រកាន់ពីបទជេរប្រមាថជាសាធារណៈ ប៉ុន្តែកាត់ទោសជនជាប់ចោទទាំង៦នាក់ ដាក់ពន្ធនាការម្នាក់ចំនូួន៦ខែ ពីបទ «គំរាមថានឹងសម្លាប់» ប៉ុន្តែទោសនេះ ត្រូវព្យួរ មិនអនុវត្តនៅក្នុងពន្ធនាគារឡើយ។
ទោះជាយ៉ាងណា អ្នកស្រី ទេព វន្នី ជាជនជាប់ចោទម្នាក់ ក្នុងចំណោម៦នាក់ ពុំសុខចិត្តទៅនឹងសេចក្តីសម្រេចរបស់តុលាការក្រុងភ្នំពេញនោះទេ។ អ្នកស្រីបានប្រាប់អ្នកសារព័ត៌មាន ក្រោយពេលចេញពីសវនាការថា អ្នកស្រីនឹងប្តឹងជំទាស់ទៅកាន់សាលាឧទ្ធរណ៍ នៅពេលខាងមុខនេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា តាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញព្រះរាជក្រឹត្យលើកលែងទោសដល់អ្នកស្រី និងសកម្មជនដីធ្លីចំនួន៣នាក់ទៀតរួមមាន៖ អ្នកស្រី ហេង មុំ, អ្នកស្រី បូ ឆវី និងអ្នកស្រី គង់ ចន្ថា ដែលត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល៦ខែ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ពីបទប្រមាថ និងប្រឆាំងអ្នករាជការសាធារណៈ និងលើកលែងទោសដល់អ្នកស្រីទេពវន្នី ដែលត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំ០៦ខែ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមអំណាចសាលដីកាលេខ៥១ ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ របស់តុលាការកំពូលផងដែរ។
ក្រោយមានព្រះរាជក្រឹត្យ និងដីកាដោះលែងនេះ សកម្មជនដីធ្លីសហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី ត្រូវបានដោះលែងចេញពីពន្ធនាគារ «ម២» នៅវេលាម៉ោងប្រមាណ៩យប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ តែម្តង៕