(ព្រៃវែង)៖ ​ព្រៃវែងជាខេត្តមួយដែលមានដងទន្លេមេគង្គឆ្លងកាត់ តែងតែទទួលរងគ្រោះនូវទឹកជំនន់ ជារៀងរាល់ឆ្នាំ ដោយបានបង្កឲ្យមានការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ និងផលដំណាំ​របស់ប្រពលរដ្ឋរួមទាំងហេដ្ឋារចនាសម្ព័ន្ធសាធារណៈផងដែរ ដែលតម្រូវឲ្យមានការឆ្លើយតប ជាបន្ទាន់ទៅនឹងគ្រោះមហន្តរាយនេះ រួមទាំងការស្តារឡើងវិញនៅក្រោយពេលគ្រោះទឹកជំនន់ នេះផងដែរ។

នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ ទេសរដ្ឋមន្ដ្រី ញឹម វណ្ណដា អនុប្រធានប្រចាំការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបតី ក្នុងពិធី​ជុំបូកសរុបការងារគ្រោះមហន្តរាយ៧ខែ​ឆ្នាំ និងទិសដៅ របស់ខេត្តព្រៃវែង។

ថ្លែងក្នុងឱកាសនោះ លោក ឌុច គន្ធា អភិបាលរងខេត្តព្រៃវែង បានលើកឡើងថា គិតត្រឹមថ្ងៃទី២៣ ខែសីហា ទឹកមានកម្ពស់​អតិបរមា​៦,៨៤​ម៉ែត្រ ខណៈកំរិតប្រកាសអាសន្នមានកម្ពស់​៧,៥០​ម៉ែត្រ បើធៀបនឹង​ឆ្នាំ២០១៧ គឺខ្ពស់ជាង​១,២៤​ម៉ែត្រ។ ចំណែកស្ថានភាពទឹកភ្លៀងវិញ គ្រប់ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តទទួលរងទឹកភ្លៀងគ្របដណ្តប់គ្រប់ទីកន្លែង ប៉ុន្តែមានឃុំមួយចំនួនជួប គ្រោះរាំងស្ងួតផងដែរ។​

អភិបាលរងរូបនេះ បានបញ្ជាក់ថា ​ស្ថានភាពកម្ពស់ទឹកខាងលើនេះបណ្តាលឲ្យមានផល​ប៉ះពាល់ក្រុង ស្រុក ចំនួន​១១ លើ​១៣ឃុំ​សង្កាត់ ដោយមានចំនួនគ្រួសាររងគ្រោះ ២​៩,២២៥គ្រួសារ ជម្លៀសទៅកាន់ទីសុវត្ថិភាព ចំនួន​៣៧០គ្រួសារ និងមានមនុស្សស្លាប់ ដោយសារលង់ទឹកចំនួន​៦នាក់ និងការលិចលង់ផ្ទះសម្បែង ផលដំណាំស្រូវ ដំណាំរួមផ្សំ មណ្ឌលសុខភាព ផ្លូវលំ អណ្តូងទឹក ទំនប់ ប្រឡាយ។ល។ ដែលត្រូវស្តារឡើងវិញនៅក្រោយ​គ្រោះទឹកជំនន់។

ជាមួយគ្នានេះ ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានលើកឡើងថា មិនថាតែកម្ពុជាទេ គឺនៅបណ្តា​ប្រទេសជាច្រើនទៀត គឺបាន​និងកំពុងទទួលរងនូវគ្រោះធម្មជាតិ មាន​គ្រោះទឹកជំនន់ ខ្យល់ ព្យុះជាដើម ដែលបានបង្កនូវមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ តួយ៉ាងដូចជានៅ​ប្រទេសឥណ្ឌាកំពុងមានគ្រោះទឹកជំនន់ នៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិកបានជួបនូវគ្រោះកាចនៃ ខ្យល់ព្យុះ។ល។

លោកទេសរដ្ឋមន្ដ្រី បន្ថែមថា ​ពិភពផែនដីកំពុងតែមានការប្រែប្រួលនៃអាកាសធាតុដ៏គួរព្រួយ​បារម្ភ ដែលវាបង្កនូវគ្រោះថ្នាក់កាន់តែខ្លាំងទៅៗ ដែលពិបាកនឹងទប់ទល់។ ទេសរដ្ឋមន្ដ្រី ញឹម វណ្ណដា បានណែនាំដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត​ព្រៃវែង ឲ្យតាមដានជាប់ជាប្រចាំនូវស្ថានភាពគ្រោះមហន្តរាយ ពីធម្មជាតិ និងត្រូវមានវិធាន ការណ៍ក្នុងការឆ្លើយតបជាបន្ទាន់ទៅនឹងគ្រោះមហន្តរាយនេះ៕​