(ត្បូងឃ្មុំ)៖ លោកឧកញ៉ា លី វាសនា ប្រធានអង្គការមូលនិធិមុស្លិមកម្ពុជា និងលោកស្រីដាតុ ម៉ាន ម៉ានម៉ារីយ៉ាន បានចុះចែកគោ ពពែ និងសាច់គោគូរបានជូនកុមារកំព្រាប្រជាពលរដ្ឋខ្មែរឥស្លាម នៅមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលណូរឌីន ហ៊ូម ស្ថិតក្នុងភូមិទួលសំបូរ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងជូនដល់ចែកគោមួយចំនួន ជូនប្រជាពលរដ្ឋនៅតំបន់ជុំវិញមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាល ណូរឌីនហូមផងដែរ ក្នុងរដូវបុណ្យរ៉យ៉ា ហាជ្ជី Aidul Adha 1439H ដែលជាថ្ងៃស្រាយបួសរបស់សាសនាឥស្លាមទូទាំងពិភពលោក នៅឆ្នាំ២០១៨ ត្រូវនិងឆ្នាំ1439H មូហាំម៉ាត់សករាជ។
ក្នុងពិធីចែកគោ និងពពែនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ក៏មានការចូលរួមពី លោកស្រីឧកញ៉ា ម៉ាន ម៉ានម៉ារីយ៉ាន តំណាងលោកហាជ្ជី មូហាំម៉ាត់ រូហ្ស៊ី ពិន រូហ្សាលី ( Mr Hj Mohamad Rozi Bin Razali ) តំណាងសប្បរសជននៅប្រទេសសង្ហបុរី និងលោក អូសស្តើត ហាសាន់នូឌីន (Ustaz Hasanuddin) លោកស្រី អូសស្តើតសាស់ រ៉ស់ម៉ៈ ពិនតី អឹមឌី អ៊ីសា (Ustazah Rahmah Binti MS Isa) តំណាងសប្បរសជនប្រទេសម៉ាឡេស៊ី។
សូមបញ្ជាក់ ពិធីបុណ្យអៃដីលអាត់ហា (Aidul Adha) នេះគឺ ជាពិធីដ៏ធំមួយរបស់សាសនាឥស្លាម ដែលមានសាសនិកឥស្លាមរាប់លាននាក់ មកពីទូទាំងពិភពលោក បានអញ្ជើញទៅចូលរួមធ្វើពីធីបុណ្យហាជ្ជី នៅទីក្រុងសាកសត្តិ ម៉ាកាស នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត ដែលជាកាកាព្វកិច្ចទីប្រាំរបស់សាសនាឥស្លាម។
នៅឆ្នាំ២០១៨នេះ ក៏មានបងប្អូនខ្មែរឥស្លាមរាប់រយនាក់ បានអញ្ជើញទៅចូលរួមពិធីដ៏ធំនេះផងដែរ ដោយសារតែប្រទេសកម្ពុជា មានសុខសន្តិភាព សុខដុមនីកម្មសាសនា និងមានសេដ្ឋកិច្ចទើបអាចឲ្យគាត់បានគោរព និងអនុវត្តតាមជំនឿសាសនារបស់គាត់បាន៕