(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃសុក្រនេះបានបញ្ជាក់ថាទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនបានពិភាក្សាគ្នាប្រកបដោយ លក្ខណៈស្ថាបនា និងស្មោះត្រង់ជុំវិញបញ្ហាសេដ្ឋកិច្ច និងជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរនាពេលបច្ចុប្បន្ន។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងពាណិជ្ជកម្មចិនបានលើកឡើងយ៉ាងដូច្នេះថា៖ «ភាគីទាំងពីរបានពិភាក្សាគ្នាប្រកប ដោយលក្ខណៈស្ថាបនា និងស្មោះត្រង់ជុំវិញបញ្ហាសេដ្ឋកិច្ច ក៏ដូចជាជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរនាពេលបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាផងដែរថានឹងបន្តរក្សាទំនាក់ទំនងសម្រាប់កិច្ចពិភាក្សានៅជំហានបន្ទាប់»។
គួរបញ្ជាក់ថា សេចក្ដីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិន ធ្វើឡើងបន្ទាប់ពីប្រតិភូចិនដឹកនាំដោយអនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក Wang Shouwen បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនដើម្បីចូលរួមក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃជាមួយក្រុមមន្ត្រី អាមេរិកដោយចាប់ផ្ដើមតាំងពីថ្ងៃពុធមក។
ក៏ប៉ុន្តែនៅក្នុងកិច្ចប្រជុំនេះ សហរដ្ឋអាមេរិក និងចិនមិនទាន់អាចរកច្រកចេញក្នុងការដោះស្រាយជម្លោះពាណិជ្ជកម្មបាន នៅឡើយ ទេ ខណៈមហាយក្សសេដ្ឋកិច្ចទាំងពីរទើបតែបានប្រកាសដំឡើងពន្ធ១៦ពាន់លានដុល្លារដាក់គ្នាទៅវិញទៅមក កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងជុំទី០២នៃសង្រ្គាមពាណិជ្ជកម្ម៕