(ភ្នំពេញ)៖ លោក ឈីវ គួរ ស៊ីញ ប្រធានមូលនិធិសប្បុរសធម៌ព្រីនស៍ រៀលអ៊ីស្ទេត និងនាយកគ្រប់គ្រងទូទៅ មកពីក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ព្រីនស៍ រៀលអ៊ីស្ទេត (ខេមបូឌា) គ្រុប អ្នកតំណាងមកពីសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងក្រុមហ៊ុនដៃគូចំនួន១១ស្ថាប័ន បានរួមគ្នាបរិច្ឆាគថវិកាចំនួន ១០០,០០០ដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសង្គ្រោះ និងលើកកម្ពស់សុខភាពកុមារនៅកម្ពុជា។ នេះក៏ជាការឆ្លើយតបនឹងការអំពាវនាវ របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីកម្ពុជាផងដែរ។
ក្នុងឱកាសនោះ លោក ឈីវ គួរ ស៊ីញ ក៏បានស្នើសុំ ដល់ដៃគូរបស់ខ្លួន ពង្រីកមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត បន្ថែមទៀត ហើយសំណើនេះត្រូវបានអនុម័តយល់ព្រមទាំងស្រុង ពីដៃគូភាគីទាំងអស់ផងដែរ។ ដោយក្នុងនោះ ក្រុមហ៊ុនម៉ៅការសំណង់ គម្រោងនឹងបរិច្ចាគប្រាក់០.៣% នៃប្រាក់គម្រោងម៉ៅការសរុប ចំណែកក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងៗទៀតរបស់ព្រីនស៍ រៀលអ៊ីស្ទេត (ខេមបូឌា) គ្រុបនឹងបរិច្ចាគប្រាក់ ០.៣% នៃចំណូលសរុប។
សូមជម្រាបថា ក្នុងរយៈពេល៣ ឆ្នាំមកនេះ មូលនិធិសប្បុរសធម៌ ព្រីនស៍ រៀលអ៊ីស្ទេត មានសមាជិកកាន់តែច្រើន និងទឹកប្រាក់មូលនិធិកាន់តែធំ។ ព្រីនស៍ រៀលអ៊ីស្ទេត (ខេមបូឌា) គ្រុប ប្តេជ្ញាធ្វើជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេ ជាមួយនឹងទំនួលខុសត្រូវខ្ពស់នៅប្រទេសកម្ពុជា៕