(កំពង់ធំ)៖ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានលើកឡើងថា ដើម្បីអបអរសាទរ និងចូលរួមដោះស្រាយតម្រូវការរបស់សហគមន៍ខ្មែរឥស្លាមទូទាំងប្រទេស អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា សហការជាមួយគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានទទួលគោពីសមាគម អង្គការដៃគូ ក្រៅប្រទេស និងស្ថាប័នរដ្ឋមួយចំនួនពីប្រទេសដៃគូជាមិត្ត រួមមានម៉ាឡេស៊ី តួរគី សាំងហ្គាពួរ ព្រុយណេ ក៏ដូចជាប្រទេសក្នុងនិងក្រៅតំបន់ មួយចំនួន ដែលសរុបចំនួនសត្វគោ បានទទួលធ្វើការចែកចាយសាច់មិនក្រោម ៣៣០០ក្បាល គិតជាថវិកាជាង ១,៦លានដុល្លាអាមេរិក ចំនួននេះមិនបានរាប់បញ្ចូលជាមួយអង្គការផ្សេងៗក្នុងស្រុក ដែលកំពុងចូលរួមជាមួយសកម្មភាពដូចគ្នា រាមរយៈកិច្ចសហការជាមួយអង្គការដៃគូរបស់ខ្លួនផងដែរ។
លោកប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានលើកឡើងបែបនេះ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ក្នុងឱកាសដែលអញ្ជើញធ្វើការប្រគល់សាច់គោ ចែកជូនប្រជាពលរដ្ឋនៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាការប្រគល់ និងចែកចាយជានិមិត្តរូបឲ្យការធ្វើពិធីសំឡេះគួរប៉ាន( បូជាយញ្ញ) ចំនួន៤៥០ក្បាល ដែលអង្គការទទួលពីអង្គការតួរគីឌីយ៉ាណេត ជាអង្គការរដ្ឋាភិបាល តួរគី ដែលបែងចែកមណ្ឌលប្រភពចែកចាយបន្ត៣កន្លែងសំខាន់ៗ គឺនៅខេត្តកំពង់ធំ១៧០ក្បាល ក្រុងបាត់ដំបង១៧០ក្បាល និងខេត្តកំពត១១០ក្បាល។
ជំនួសមុខឲ្យរាជរដ្ឋាភិបាលកម្ពុជា លោក អូស្មាន ហាស្សាន់ កោតសរសើរ និងជូនពរសិរីសួស្តី ជ័យមង្គលបវរមហាប្រសើរ ជូនរដ្ឋាភិបាល សប្បុរសជន អង្គការដៃគូ ប្រជាជនតួរគី និងអង្គការសប្បុរសជន នៃប្រទេសផ្សេងៗ ដែលជានិច្ចកាលបានផ្តល់កិច្ចសហការ និងផ្តល់ជំនួយនានាមកកាន់សហគមន៍ខ្មែរឥស្លាម ជាការចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកំពស់ជីវភាព សហគមន៍ឲ្យកាន់តែល្អប្រសើរ៕