(ភ្នំពេញ)៖ លោក ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី២៩។
នៅក្នុងពិធីនេះក៏មានការនិមន្ត និងចូលរួមពី លោក លោកស្រី ជាពិសេស សិក្ខាកាមអាចារ្យទាំងអស់ក្នុងវគ្គបណ្តុះបណ្តាលប្រមាណ១៧៣រូបផងដែរ។
លោកទេសរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចទាំងពីរ មានសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិក នៃក្រសួងធម្មការ និងសាសនា ក៏ដូចជា នាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយព្រះពុទ្ធសាសនាផ្សារភ្ជាប់សង្គម និងអង្គភាពពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ បង្កើតឱ្យមានការវិវត្ត រីកចម្រើនថ្មីៗបន្ថែមទៀត ទាក់ទងទៅនឹងការថែរក្សា និងអភិរក្សនូវវប្បធម៌ ប្រពៃណី ទំនៀម-ទម្លាប់របស់ជាតិសំដៅរួមចំណែកកសាងធនធានមនុស្ស និងលើកស្ទួយវិស័យវប្បធម៌ សាសនា ជាពិសេស គឺការចែករំលែកចំណេះដឹង ដើម្បីតម្រង់ទិសរបៀបរៀបចំពិធីមង្គល និងពិធីបុណ្យផ្សេងៗ ដោយមានការចូលរួមយ៉ាងសកម្មប្រកបដោយស្មារតីព្យាយាម យកចិត្តទុកដាក់ និងឆន្ទៈមុះមុតរបស់ព្រះឧទ្ទេសាចារ្យ ឧទ្ទេសាចារ្យ ក្នុងការបង្ហាត់បង្រៀន ផ្ទេរចំណេះដឹងដើម្បីបំពេញបន្ថែមនូវចំណេះដឹង ចំណេះធ្វើ ដល់សិក្ខាកាមអាចារ្យ រហូតដល់ទទួលបានជាផ្លែផ្កាគួរជាទីមោទនៈ ដូចពេលនេះ។
លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយ ព្រះពុទ្ធសាសនាផ្សារភ្ជាប់សង្គមបានលើកឡើងរួចហើយពីសមិទ្ធផលនានា ដែលយើងសម្រេចបានតាមរយៈការបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ដែលបង្ហាញថា យើងតែងតែបានយកចិត្តទុកដាក់អនុវត្តគ្រប់មធ្យោយបាយ ដើម្បីធានាដល់ការអភិវឌ្ឍ និងអភិរក្សនូវកេរមត៌កវប្បធម៌ដ៏ល្អផូរផង់របស់ជាតិយើង។
កិច្ចការដែលយើងបាននឹងកំពុងធ្វើនេះ គឺរក្សាបាននូវការអភិរក្ស និងអភិវឌ្ឍប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ អរិយធម៌ និងសាមគ្គីភាពដ៏យូរលង់របស់ដូនតាខ្មែរយើង។
សម្បត្តិធនធាន និងកេរមរតកទាំងអស់នេះ គឺជាមូលធនសង្គមដ៏ចាំបាច់ និងមានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ការកសាងសង្គមកម្ពុជាមួយ ដែលមានកោសិកាផ្សារភ្ជាប់គ្នាដ៏រឹងមាំ មានប្រជាជនដែលមានចំណេះដឹងជ្រៅជ្រះច្បាស់លាស់អំពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ជាតិខ្លួន រស់នៅក្នុងជីវភាពថ្លៃថ្នូរ ប្រកបដោយសុខសន្តិភាព មានភាពសុខុដុមរមនា និងមានការអភិវឌ្ឍប្រកបដោយចិរភាព និងវិបុលភាព។
ចំពោះមុខនេះ លោករដ្ឋមន្រ្តី យល់ថា សមិទ្ធផលទាំងឡាយដែលនឹងកើតចេញពីវគ្គបណ្តុះបណ្តាលនេះ គឺមិនត្រឹមតែជាមោទនភាព និងជាប្រយោជន៍សម្រាប់តែសិក្ខាកាមផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមោទនភាពរបស់សង្គមជាតិទាំងមូលដែរ ដោយយើងនឹងទទួលបាននូវធនធានអាចារ្យបន្ថែមទៀត ដែលមានចំណេះដឹងត្រឹមត្រូវតាមក្បួនច្បាប់ពីបុរាណសម្រាប់ចូលរួមចំណែក និងជួយជំរុញដំណើរការអភិវឌ្ឍសង្គម ដោយរក្សាបាននូវវប្បធម៌ដ៏ផូរផង់ និងអត្តសញ្ញាណជាតិរបស់យើងផងដែរ។ តាមរយៈវគ្គបណ្តុះបណ្តាលនេះខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថា សិក្ខាកាមរបស់យើងនឹងប្រព្រឹត្តនូវអំពើទាំងឡាយដែលជាប្រយោជន៍ដល់សង្គម ដែលក្នុងនោះរួមទាំងការអប់រំ ឬការប្រៀនប្រដៅកូនចៅដើម្បីពត់ចិត្ត គំនិត មនោសញ្ចេតនា ឱ្យស្គាល់យល់ដឹងពីតម្លៃនៃសីលធម៌ដ៏ខ្ពង់ខ្ពស់ដែលជាកេរមរតកពីដូនតា និងការប្រព្រឹត្តទៅតាមគន្លងធម៌ នៃព្រះពុទ្ធសាសនារបស់យើងផងដែរ។
លោកថា កន្លែងមួយចំនួនត្រូវបានរៀបចំពិធីតៗគ្នា តាមរយៈការចេះចាំ ឬយល់ឃើញតែប៉ុណ្ណោះ ជាហេតុធ្វើឱ្យការប្រារព្ធពិធីទាំងនោះ នៅមានការជជែកមិនច្បាស់លាស់ ដែលតម្រូវឱ្យមានការតម្រង់ទិស តាមរយៈការបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ក្នុងប្រពៃណី ទំនៀមទម្លាប់ ដើម្បីឱ្យការរៀបចំពិធីមង្គលអាពាហ៍ពិពាហ៍ និងពិធីបុណ្យផ្សេងៗ មានការឯកភាពគ្នា អនុលោមតាមក្បួនតម្រាពីបុរាណ និងឯកសារដែលនៅសេសសល់ បានប្រមូលចងក្រងសម្រាប់ជាមេរៀនដោយរំលេចចេញនូវអត្តសញ្ញាណជាតិរបស់យើង។ ដោយយល់ឃើញពីបញ្ហានេះហើយទើប សម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងពីបញ្ហាវិបត្តិអាចារ្យ កាលពីពេលកន្លងទៅ ដើម្បីឱ្យយើងធ្វើការវិភាគ និងពិចារណា។ ចំពោះករណីនេះ បើយើងមិនធ្វើការវិភាគឱ្យបានដិតដល់នោះទេ ឃើញថាវាជាបញ្ហាតូចតាច តែវាមិនដូច្នោះទេ វប្បធម៌ និងប្រពៃណី ទំនៀមទម្លាប់ជាអត្តសញ្ញាណរបស់ប្រទេស និងជាតិនីមួយៗ ដូចមានសុភាសិតមួយឃ្លាពោលថា «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន»។ បុព្វបុរសយើងបានបន្សល់ទុកឱ្យយើងនូវមរតកដ៏មានតម្លៃជាច្រើន ផ្នែកវប្បធម៌ និងប្រពៃណី ទំនៀមទម្លាប់ ដែលធ្វើឱ្យពិភពលោកមានការស្ងើចសរសើរ និងទទួលស្គាល់ពីស្នាដៃរបស់ខ្មែរយើង។ ដូច្នេះ ការដែលយើងទាំងអស់គ្នាអនុវត្តនូវពិធីកម្មផ្សេងៗ មានការខុសឆ្គងផ្ទុយពីក្បួនច្បាប់ពីបុរាណ គឺជាការបង្ខូចនូវតម្លៃ និងអត្តសញ្ញាណរបស់ជាតិខ្លួនឯង។
ក្រោយពីទទួលបាននូវអនុសាសន៍នេះ ក្រសួងធម្មការ និងសាសនា ក៏បានខិតខំប្រមែប្រមូល និងកៀរគរនូវធនធានអាចារ្យមកពីគ្រប់ទិសទី រួមគ្នាសិក្សាស្រាវជ្រាវ និងចងក្រងជាឯកសាររួមមួយ ដើម្បីធ្វើការផ្សព្វផ្សាយបន្តតាមរយៈការបើកវគ្គបណ្តុះបណ្តាលស្តីពី តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរដោយមកទល់នឹងពេលនេះបានចំនួន២៩វគ្គរួចមកហើយ មានសិក្ខាកាមអាចារ្យចំនួន៩២០៦រូប សិក្សាលើមុខវិជ្ជាចំនួន២២មុខវិជ្ជា។
សរុបមក យើងអាចធ្វើការសន្និដ្ឋានបានថា កម្ពុជាជាប្រទេសមួយដែលមានវប្បធម៌ និងប្រពៃណី ទំនៀមទម្លាប់សម្បូរបែប ហើយមានប្រជាជន ជាជនជាតិមួយមានវ័យចំណាស់យូរលង់ណាស់មកហើយ នៅក្នុងតំបន់ផងដែរ។ ហេតុនេះ ទើបយើងសង្កេតឃើញថា រាល់ទង្វើជាសកម្មភាពទាំងឡាយ ក្នុងប្រពៃណី ទំនៀមទម្លាប់ខ្មែរ តែងតែមានបែបបទជាច្រើន និងបង្កប់ដោយអត្ថន័យយ៉ាងជ្រាលជ្រៅ។ ចំពោះពិធីកម្មនីមួយៗនោះ ច្រើនមានសីលវិធីអប់រំប្រកបដោយទស្សនវិជ្ជា។ ដូច្នេះរាល់ពិធីបុណ្យតាមបែបព្រះពុទ្ធសាសនាក្តី តាមបែបទំនៀមទម្លាប់ក្តី បុរាណាចារ្យក្តីចាំបាច់ទាមទារឱ្យមានអ្នកចេះដឹង ដែលយើងហៅថាអាចារ្យ ជាអ្នកជួយដឹកនាំដល់សាធារណៈជនឱ្យអនុវត្តមានភាពត្រឹមត្រូវ មានគោលឯកភាពមួយ។ ក្នុងនាមជាអ្នកដឹកនាំកិច្ចពិធីផ្សេងៗ ត្រូវធ្វើយ៉ាងណាឱ្យបានត្រឹមត្រូវតាមក្បួនច្បាប់ពីបុរាណ ដែលដូនតាយើងបានបន្សល់ទុកឱ្យ ហើយការអនុវត្តនោះសោតទៀត ត្រូវស្របគ្នាពីតំបន់មួយទៅតំបន់មួយ ជៀសវាងការអនុវត្តផ្ទុយគ្នា នាំឱ្យកើតមានជាទំនាស់ក្នុងការប្រារព្ធពិធីដែលបណ្តាលមកពីការអនុវត្តខុសពីក្បួនច្បាប់ពីបុរាណ និងធ្វើឱ្យមានការចម្លងអនុវត្តខុសតៗគ្នាបន្តទៀត។
ក្នុងស្មារតីនេះ ក្នុងនាមក្រសួងធម្មការ និងសាសនា និងក្នុងនាមខ្ញុំព្រះករុណា ខ្ញុំ សូមសំណូមពរដល់អាចារ្យ ដែលនឹងចូលរួមវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី២៨នេះ ត្រូវខិតខំត្រងត្រាប់ ស្តាប់នូវបទឧទ្ទេសនាមពីសំណាក់ព្រះឧទ្ទេសាចារ្យ គ្រូឧទ្ទេសាចារ្យ និងបន្តលើកកំពស់ការពង្រឹងការប្រតិបត្តិនូវប្រពៃណី ទំនៀមទម្លាប់ខ្មែរយើងឱ្យបានគត់មត់ ស្របតាមចរន្តហូរចូលនៃសាកលភាវូបនីយកម្ម និងការអភិវឌ្ឍលើគ្រប់វិស័យ។ ជាងនេះទៅទៀត សូមឱ្យអាចារ្យទាំងអស់ ត្រូវបន្តខិតខំរៀនសូត្រនូវគម្ពីរក្បួនច្បាប់ឱ្យបានជ្រៅជ្រះថែមទៀត ដើម្បីឱ្យការអនុវត្តមានភាពត្រឹមត្រូវទៅតាមក្បួនច្បាប់បុរាណរបស់យើង ទើបយើងអាចថែរក្សាឱ្យបានគង់វង្ស និងរីកចម្រើននូវអត្តសញ្ញាណរបស់ជាតិយើង៕