(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ​ ត្រូវបានដោះលែងឱ្យចេញពីពន្ធនាគារហើយ នៅម៉ោង៧៖៤០នាទីយប់ ថ្ងៃ២៣ ខែសីហា ឆ្នាំ២០១៨នេះ ប​ន្ទាប់ពីព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ បង្គាប់ឱ្យដោះលែង តាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រលប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ បានចេញព្រះរាជក្រឹត្យមួយត្រាស់បង្គាប់លើកលែងទោសឱ្យ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ​។ ដីការបស់អយ្យការបានយល់ឃើញថា៖ «តាមអំណាចព្រះរាជក្រឹត្យខាងលើ ឈ្មោះ សួន សេរីរដ្ឋា ភេទប្រុស កើតថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៧៣ ត្រូវបានលើកលែងទោស»។

ដីការបស់អយ្យការរបស់សាលាដំបូងរាជធានីភ្នំពេញ ធ្វើឡើងបន្ទាប់ពីមានព្រះរាជក្រឹត្យបានត្រាស់បង្គាប់ លើកលែងទោសឲ្យទណ្ឌិតឈ្មោះ​ សួន សេរីរដ្ឋា កើតថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៧៣ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទញុះញង់កុំឲ្យយោជិន ស្តាប់បង្គាប់ ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងបងទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមអំណាចសាលដីកាលេខ ១៤៩ ចុះថ្ងៃទី១៨ ខែ០៥ ឆ្នាំ២០១៨ របស់តុលាការកំពូល»។

លោក សួន សេរី នឹងត្រូវចាកចេញពីពន្ធនាគារនៅយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ។

សូមជំរាបថា កាលពី​រសៀល​ថ្ងៃ​ទី​២៥​ ខែ​សីហា​ ឆ្នាំ​២០១៧​ លោក សួន សេរីរដ្ឋា ត្រូវបានតុលាការសម្រេចប្រកាស​សាលក្រម​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​រយៈពេល​៥ឆ្នាំ​ និង​ ពិន័យ​ជា​ប្រាក់​ចំនួន​១០លាន​រៀល​ ពាក់ព័ន្ធ​ការ​ប្រមាថ​ធ្ងន់ធ្ងរ​ដល់​កងទ័ព​កម្ពុជា​។​

លោក សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ​២០១៧​ បន្ទាប់បានសរសេរបង្ហោះ តាមបណ្តាញសង្គមហ្វេសប៊ុកប្រមាថមើលងាយធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសថ្នាក់ដឹកនាំ ប្រទេសជាតិ ពិសេសស្ថាប័នកងយោធពលខេមរ​ភូមិន្ទទាំងមូល នូវព្រឹត្តិការណ៍ប្រឈមមុខដាក់គ្នា រវាងកងទ័ពកម្ពុជា និង​កងទ័ពឡាវ នៅព្រំដែនខេត្តស្ទឹងត្រែង។

នៅក្នុងសាររបស់ លោក សួន សេរីរដ្ឋា ដែលបង្ហោះលើ Facebook កាលពីថ្ងៃទី១២ខែ សីហា ឆ្នាំ២០១៧ មានខ្លឹមសារយ៉ាងដូច្នេះថា «​ពេលសង្គ្រាម កើតឡើងជាមួយ នឹង ប្រទេសលាវនោះលទ្ធផលវាហ្នឹងមិនខុសពីសង្គ្រាម ដែលកើតឡើងជាមួយ នឹង ប្រទេសសៀមទេ ! គឺកូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា… ហើយមេទ័ពចោរ នឹងឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់សប្បាយជាមួយស្រីញី យ៉ាងគគ្រឹកគគ្រេង!។ ពីព្រោះកន្លងមកដូចយើងដឹងហើយ សង្គ្រាមដែលកើត ឡើងជាមួយនឹងប្រទេសសៀម គឺស្លាប់តែកូនខ្មែរអ្នកស្នេហាជាតិ ដែលចូលប្រយុទ្ធនៅជួរមុខទេ។ ចំណែកឯពួកមេៗ ពាក់ផ្កាយ និង កូនលោកធំៗ ដែលនៅជួរក្រោយចេញមុខចេញមាត់នោះ ប្រមូលលុយ ប្រមូលលាភ ហើយដេកតែម៉ាស៊ីនត្រជាក់ ជាមួយស្រីកំដរ ក៏ឡើងបុណ្យឡើងផ្កាយដែរ​»​ ។

សាររបស់ លោក សួន សេរីរដ្ឋា បានធ្វើឱ្យមានការប្រតិកម្មយ៉ាងខ្លាំងពីសំណាក់កងទ័ព និងមេបញ្ជាការកងទ័ពនៅទូទាំងប្រទេស ហើយពួកគាត់ចាត់ទុកថា ជាទង្វើមួយដែលមិនអាចអត់ឱនឱ្យបាន៕