(កណ្តាល)៖ ប្រជាពលរដ្ឋជាង១០០នាក់ រស់់នៅឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល បាននាំគ្នាំជិះទូកទៅរារាំងក្រុមគណៈកម្មាធិការចម្រុះ មិនឱ្យវាស់បាញ់ប្លង់លើដីពួកគាត់ និងសុំឱ្យអាជ្ញាធរជួយទប់ស្កាត់។
លោក យ៉ែម យ៉ុន ជាប្រជាពលរដ្ឋរស់នៅ ភូមិព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល បានឱ្យដឹងថា ពួកគាត់លើកគ្នាមកពេលនេះ ដើម្បីធ្វើការរារាំងមិនឱ្យគណៈកម្មាធិការធ្វើការវាស់ដីនោះទេ ព្រោះបានវាស់លើដីរបស់គាត់ និងសុំឱ្យអាជ្ញាធរធ្វើការទប់ស្កាត់កុំឱ្យមានការចុះមកវាស់ដីរបស់ពួកគាត់បន្តទៀត។
ម្ចាស់ដីរូបនេះបានបន្តថា ដីជាង១០០ហិកតានេះ មានគ្នាទាំងអស់ជាង១០០គ្រូសារ បានកាន់កាប់អាស្រ័យផលយូរណាស់មកហើយ ក្រោយមកក៏បានលក់ទៅឱ្យក្រុមហ៊ុន ហេង សុខ ដោយមានការ ទទួលស្គាល់ពីអាជ្ញាធរត្រឹមត្រូវ។ ស្រាប់តែពេលនេះ ឃើញគេចុះមកវាស់នៅលើផ្ទៃទឹក ដូច្នេះធ្វើឱ្យពួកគាត់ពួកគាត់ព្រួយបារម្ភជាខ្លាំង ខ្លាចគេយកដី តើពួកគាត់មានដីឯណាឱ្យទៅក្រុមហ៊ុន បើទទួលយកប្រាក់ក្រុមហ៊ុនអស់ទៅហើយនោះ ដូច្នេះទើបនាំគ្នារារាំង ហើយក៏សូមអំពាវនាវឱ្យអាជ្ញាធរជួយអន្តរាគមន៍ទប់ស្កាត់ផង។
លោក ឈឿង ឆូ មេឃុំរកាខ្ពស់ បានប្រាប់ថា ការចុះមកវាស់នេះ គឺដោយសារភាគីលោក ងូ ហេងជុំ បានប្តឹងសុំឲ្យធ្វើការវាស់រកព្រំដី ដែលគាត់បានទិញ ទើបបានជាគណៈកម្មាធិការចម្រុះមួយ ត្រូវបានបង្កើតឡើង ហើយចុះមកធ្វើការវាស់វែង។ ប៉ុន្តែត្រូវបានតំណាងរបស់លោក ងូ ហេងជុំ ចង្អុលខុសដោយប្រាប់ឱ្យមន្ត្រីជំនាញ ទៅវាស់ដីរបស់ប្រជាពលរដ្ឋទើបមានតវ៉ាឡើង ហើយគណៈកម្មធិការចម្រុះក៏ធ្វើការដកថយ រង់ចាំការជជែកគ្នារកដំណោះស្រាយបន្ត នៅពេលក្រោយទៀត ហើយលោកក៏បានសំណូមពរឱ្យប្រជាពលរដ្ឋ ធ្វើពាក្យបណ្តឹងដាក់មកសាលាឃុំផងដែរ ដើម្បីលោកនឹងដាក់ជូនគណៈកម្មាធិការ។
ពាក់ព័ន្ធហ្នឹងការតវ៉ានេះ អ្នកសារព័ត៌មានមិនអាចសុំការបកស្រាយពីលោក ងូ ហេងជុំ និងតំណាងបាននោះទេ ប៉ុន្តែលោក ឆិល ទុំ ដែលជាអ្នកលក់ដីម្នាក់ ក្នុងចំណោម៤នាក់ទៅឱ្យលោក ងូ ហេងជុំ បានអះអាងថា លោក និងក្រុមរបស់លោកបានលក់ដីជាង៤០ហិចតា ទៅឱ្យលោក ងូ ហេងជុំ ប្រាកដមែន ដែលមានព្រំប្រទល់ជាប់ហ្នឹងដីដែលប្រជាពលរដ្ឋលក់ទៅឱ្យក្រុមហ៊ុន ហេង សុខ ផ្នែកខាងលិច។ ប៉ុន្តែនៅពេលដែលតំណាងលោក ងូ ហេងជុំ នាំមន្ត្រីចុះមកវាស់មិនបានប្រាប់ប្រជាពលរដ្ឋនោះទេ និងមិនវាស់ដីរបស់ខ្លួនដែលបានទិញ បែរជាទៅវាស់ដីរបស់ប្រជាពលរដ្ឋ ដែលក្រុមលោកមិនបានលក់ឱ្យទៅវិញ ហើយសូម្បីតែលោកបានហៅដើម្បីមកបង្ហាញប្រាប់អំពីព្រំដី ក៏តំណាងរបស់លោក ងូ ហេងជុំ មិនបានស្តាប់និងមិនមកជួប និងធ្វើតាមទៀត ដឹងតែពីប្រាប់មន្ត្រីជំនាញឱ្យវាស់ស្រេចតែហ្នឹងចិត្ត ទើបបានជាធ្វើឱ្យប៉ះពាល់ដីប្រជាពលរដ្ឋក៏ផ្ទុះការតវ៉ាឡើងតែងម្តងទៅ៕