(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០១៨ ខាងមុខនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងសហការជាមួយក្រុមហ៊ុនធំៗចំនួន១០ ក្នុងនោះមានក្រុមហ៊ុន EZECOM ក្រុមហ៊ុន Wattanac Investment ក្រុមហ៊ុន Online ក្រុមហ៊ុន GFG ក្រុមហ៊ុន ASIA វេលុយ ក្រុមហ៊ុន CCE ក្រុមហ៊ុន Turbotech ក្រុមហ៊ុន Chipmong Group ក្រុមហ៊ុន ISI និងក្រុមហ៊ុន DDD ដោយមានតម្រូវការបុគ្គលិកចំនួន១៥៩៤នាក់។
វេទិកាការងារនេះធ្វើឡើងចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង ៥ល្ងាច នៅទីភ្នាក់ងារជាតិមុខរបរ និងការងារ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ប្អូនស្រី វណ្ណ ម៉ូលីកា និស្សិតឆ្នាំ២ ផ្នែកគីមីវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ធ្លាប់បានចូលរួមវេទិកាការងារនេះកន្លងមក ក៍បានចាត់ទុកវេទិកាការងាររបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ថាបានរួមចំណែកជាច្រើនក្នុងការនាំយកឱកាសការងារ ដល់សិស្ស-និស្សិត ដែលមានបំណងចង់ស្វែងរកការងារ។ ប្អូនស្រីលើកឡើងថា«វេទិកានេះពិតជាល្អណាស់បង ព្រោះបានជូយដល់ខ្ញុំ ក៏ដូចជាអ្នកកំពុងស្វែងរកការងារធ្វើ ឆាប់ទទួលបានការងារធ្វើ ជាក់ស្តែងខ្ញុំចូលរួមក្នុងវេទិកានេះ ជាលើកទី១ទេ តែខ្ញុំសង្កេតឃើញថា ការរៀបចំវេទិកានេះពិតជាល្អណាស់ ព្រោះបានជួយដល់សិស្សនិស្សិតឲ្យបានជួបដោយផ្ទាល់ជាមួយនឹងក្រុមហ៊ុននានា»។
ម៉ូលីកា ដែលជាប់ការងារនៅផ្សារទំនើប Lucky ផ្នែករៀបចំបន្លែ ផ្លែឈើ បានបន្ថែមថា ខ្ញុំជឿជាក់ថា វេទិកានេះនឹងកាន់តែមានភាពពេញនិយមកាន់តែច្រើនឡើងបន្ថែមទៀត ពីសំណាក់ម្ចាស់ក្រុមហ៊ុន នឹងអ្នកស្វែងរកការងារធ្វើ ដោយសារតែជួយដល់ក្រុមហ៊ុនឲ្យឆាប់ទទួលបានបុគ្គលិកដែលពួកគេចង់បាន នឹងជួយដល់អ្នកស្វែងរកការងារឲ្យទទួលបានការងារអ្វីដែលពួកគេស្រឡាញ់។
ដូចគ្នានេះដែរ ប្អូនស្រី ហាំ ជូហាន់ ជានិស្សិតថ្នាំទី៣ វិទ្យាស្ថានវ៉ាន់ដា មកពីខេត្តកំពង់ធំដែលទើបទទួលបានការងារធ្វើក្នុងវេទិកាការងាររបស់NEAកន្លងមកបានសម្តែងអារម្មណ៍សប្បាយរីករាយក្រោយពេលNEAរៀបចំឲ្យមានវេទិកាការងារនេះឡើង ព្រោះវាជាកន្លែងជួបជុំរវាងក្រុមហ៊ុន អ្នកកំពុងស្វែងរកការងារធ្វើ។
យ៉ាងណាក៏ដោយប្អូនស្រីខ្មែរឥស្លាមម្នាក់នេះ សង្ឃឹមថាវេទិកាការងារនេះនឹងជា ជម្រើសមួយដ៏ល្អសម្រាប់អ្នកស្វែងរកការងារធ្វើនាពេលបច្ចុប្បន្ន និងអនាគត។
សូមជម្រាបថា ក្នុងដំណើរប្រតិបត្តិការជួយស្វែងរកការងារធ្វើដល់ប្រជាពលរដ្ឋខ្មែរ ក្នុងឆមាសទី១ ឆ្នាំ២០១៨ NEA បានជួយស្វែងរកការងារធ្វើដល់ប្រជាពលរដ្ឋខ្មែរបានប្រមាណ ៣២៥១នាក់ ចុះឈ្មោះអ្នកស្វែងរកការងារធ្វើបានប្រមាណ ៧៥៩០នាក់ នឹងរៀបចំវេទិកាការងារបានចំនួន៤២ដង។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញតាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល ៕