(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ បានអញ្ជើញចែកកុំព្យូទ័រយួរដៃចំនួន៧១គ្រឿង ដល់គណៈកម្មការវាយតម្លៃអង្គភាព ផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលក្នុងខេត្ត នៅមុខអគារក្នុងបរិវេណសាលាខេត្តតបាត់ដំបង។
ពិធីចែកសម្ភារព័ត៌មានវិទ្យា (កុំព្យូទ័រ)នេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព អភិបាលក្រុង ស្រុកទាំង១៤ ការិយាល័យអប់រំក្រុង-ស្រុក ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងអង្គភាពមួយចំនួនទៀត។
លោក ងួន យូរ ប្រធានមន្ទីរមុខងារសាធារណៈខេត្តបាត់ដំបង បានឱ្យដឹងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីជាតិកំណែទម្រង់ រដ្ឋបាលសាធារណៈ ដែលមានក្រសួងមុខងារ សាធារណៈជាសេនាធិការ ដើម្បីកែលម្អការផ្តល់សេវាសាធារណៈ, ការអភិវឌ្ឍន៍ធនធានមនុស្ស និងការបង្កើនប្រាក់បៀវត្តរបស់មន្រ្តីរាជការស៊ីវិល។
ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យលេខ៥៤ អនក្រ បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ស្តីពីការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលក្នុងគោលបំណងជំរុញ និងលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃដំណើរការរបស់អង្គភាពផ្តល់សេវាសាធារណៈ ក្នុងវិស័យរួមមាន៖ (វិទ្យាល័យ អនុវិទ្យាល័យ សាលាបឋមសិក្សា សាលាមត្តេយ្យសិក្សា) និងវិស័យសុខាភិបាលមាន៖ (មន្ទីរពេទ្តបង្អែករាជធានី-ខេត្ត មន្ទីរពេទ្យបង្អែកក្រុង-ស្រុក និងមណ្ឌលសុខភាព) ឱ្យកាន់តែប្រសើរតាមរយៈការកំណត់ឱ្យមានការវាយតម្លៃ និងការទទួលខុសស្គាល់អង្គភាពផ្តល់សេវាគំរូទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិតាមរយៈយន្តការការបង្កើតឱ្យមានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ក្រុង-ស្រុក-ខណ្ឌ គណៈកម្មការវាយតម្លៃអង្គភាពសេវាសាធារណៈថ្នាក់រាជធានីខេត្ត គណៈកម្មាធិការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ដែលជាគណកម្មការនីមួយៗមានតួនាទីនិងភារកិច្ចខុសៗ គ្នាដូចមានលម្អិតខ្លឹមសារអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្រាប់។
លោកបានបន្តថា ជាមួយគ្នានោះដែររាជរដ្ឋាភិបាល និងមានការផ្តល់រង្វាន់ និងវិញ្ញាបនបត្របញ្ជាក់ការទទួលស្គាល់ដល់អង្គភាពគំរូទាំងនោះ តាមវិស័យកម្រិត និងប្រភេទព្រមទាំងមានថវិកាលើកទឹកចិត្តពីលេខ១ ដល់លេខ១០ផងដែរ កុំព្យូទ័រដែលបានចែកយក ទៅប្រើប្រាស់បម្រើការងារក្នុងគណៈកម្មការវាយតម្លៃអង្គភាព ផ្តល់សេវាគំរូ និងប្រើប្រាស់ឱ្យចំគោលដៅផងដែរ។
ហើយមន្ទីរមុខងារសាធារណៈបានសហការជាមួយរដ្ឋបាលខេត្ត ដើម្បីរៀបចំធ្វើពិធីចែកកុំព្យូទ័រនេះដោយកំណត់តាមបញ្ជីរាយឈ្មោះអង្គភាព ត្រូវមកទទួលមានស្រាប់ដូចជា៖
ទី១,កុំព្យូទ័រដែលត្រូវចែកមាន៖ សម្រាប់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាថ្នាក់ខេត្ត៦គ្រឿង ក្នុងនោះមានអភិបាលខេត្ត ឬតំណាង១គ្រឿង ប្រធានមន្ទីរមុខងារសាធារណៈ១គ្រឿង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ១គ្រឿង ប្រធានមន្ទីរអប់រំយុវជន និងកីឡា១គ្រឿង ប្រធានមន្ទីរសុខាភិបាល១គ្រឿង ប្រធានមន្ទីរបរិស្ថាន១គ្រឿង។
ទី២,គណៈកម្មការវាយតម្លៃថ្នាក់ក្រុង-ស្រុក នីមួយៗ (១៤ក្រុង ស្រុក) មាន៖ អភិបាលក្រុង-ស្រុក ចំនួន១៤គ្រឿង ប្រធានការិយាល័យអប់រំយុវជននិងកីឡាក្រុង-ស្រុក ចំនួន១៤គ្រឿង ប្រធានការិយាល័យប្រតិបត្តិ (ក្រុងបាត់ដំបង ស្រុកថ្មគោល មោងឬស្សី សំពៅលូន និងស្រុកសង្កែ)។
ទី៣៖ ស្ថាប័នគោលដៅ នៃការវាយតម្លៃក្នុងវិស័យអប់រំ នៅតាមវិទ្យាល័យចំនួន២៦វិទ្យាល័យ (២៦គ្រឿង)។
និងទី៤៖ ស្ថាប័នគោលដៅនៃការវាយតម្លៃ ក្នុងវិស័យសុខាភិបាល (CPA1,CPA2,CPA3) ចំនួន៦គ្រឿង។
លោក ងួន រតនៈបានថ្លែងអំណរគុណដល់មន្ទីរមុខងារសាធារណៈដែលបានសហការជាមួយរដ្ឋបាលខេត្តយើងកន្លងមក លើវិស័យការងារ ផ្សេងៗ ជាក់ស្តែងថ្ងៃនេះ មន្ទីរមុខងារសាធារណៈ បានសហការជាមួយរដ្ឋបាលខេត្តក្នុងការចែកកុំព្យូទ័រទាំង៧១គ្រឿងជូនដល់អង្គភាពគោលដៅសម្រាប់យកទៅបម្រើការងារ វាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈឱ្យ ចំគោលដៅនិងមានប្រសិទ្ធភាពខ្ពស់ផងដែរ។ នាឱកាសនោះគណៈអធិបតីក៏បានចែកជូនកុំព្យូទ័រដល់អង្គភាពនានាមួយចំនួនជានិមិត្តរូបផងដែរ៕