(ភ្នំពេញ)៖ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកដំណើរ ក្នុងការបង់កម្រៃសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូត បានយ៉ាងឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់ រដ្ឋបាលរាជធានីភ្នំពេញ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងរដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានី (City Bus) និងធនាគារអេស៊ីលីដា ភីអិលស៊ី លើការប្រើប្រាស់សេវាអេស៊ីលីដាយូនីធីទាន់ចិត្ត (QR Code) សម្រាប់ប្រតិបត្តិការបង់កម្រៃសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូត។
ពិធីចុះអនុស្សរណៈនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា។
លោក អ៊ាន សុឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ បានថ្លែងថា ការប្រើប្រាស់សេវារបស់ធនាគារអេស៊ីលីដានេះ គឺមានភាពងាយស្រួល សម្រាប់ការគ្រប់គ្រងចំណូល និងទិន្នន័យអ្នកដំណើរតាមរថយន្តក្រុង និងកាណូត និងផ្តល់ភាពងាយស្រួលដល់អ្នកដំណើរ ក្នុងការបង់កម្រៃសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូត បានយ៉ាងឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់ ដែលបានជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ កាត់បន្ថយការចំណាយ ចំណេញពេលវេលា មានសុវត្ថិភាព និងមានផាសុកភាព ចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរ ស្របតាមគោលនយោបាយ និងអនុសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
លោកបន្តទៀតថា រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ មានសេវាដឹកជញ្ជូនរថយន្តក្រុងសាធារណៈចំនួន៨ខ្សែ ដែលមានរថយន្ត១៥៥គ្រឿង កំពុងទទួលបានការពេញនិយម ពីសំណាក់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់រថយន្តក្រុងកាន់តែច្រើនដែលមានចំនួនអ្នកធ្វើដំណើរពី២ម៉ឺន ទៅ២ម៉ឺន១ពាន់នាក់ក្នុងមួយថ្ងៃ។ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ ក៏មានសេវាដឹកជញ្ជូនផ្លូវទឹកចំនួន១ខ្សែ ពីស្ថានីយ៍ឫស្សីកែវ ទៅស្ថានីយ៍តាខ្មៅផងដែរ។
លោកបណ្ឌិត អ៊ិន ចាន់នី បានលើកឡើងថា ការជ្រើសរើសធនាគារ អេស៊ីលីដា ភីអិលស៊ី ជាដៃគូសហប្រតិបត្ដិការ ក្នុងការបង់កម្រៃសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូត តាមរយៈសេវាអេស៊ីលីដាយូនីធីទាន់ចិត្ត (ACLEDA Unity ToanChet) នេះ អ្នកដំណើរអាចទូទាត់កម្រៃដឹកជញ្ជូន រថយន្តក្រុង និងកាណូត បានភ្លាមៗ ដោយស្វ័យប្រវត្តិតាមរយៈស្លាកសញ្ញា អេស៊ីលីដា QR Code ដែលមានបិទនៅលើរថយន្តក្រុង និងកាណូត។
លោកបន្តថា សេវាអេស៊ីលីដាយូនីធីទាន់ចិត្ត (ACLEDA Unity ToanChet) របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាសេវាធនាគារតាមរយៈទូរស័ព្ទចល័ត ដែលដំណើរការដោយប្រព័ន្ធ Android និង iOS ដើម្បីទូទាត់ និងទិញទំនិញគ្រប់ទីកន្លែងតាមរយៈស្លាកសញ្ញា អេស៊ីលីដា QR Code ប្រកបដោយភាពងាយស្រួលរហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់ ។
លោកបានបញ្ជាក់ឲ្យដឹងផងដែរថា គិតមកត្រឹមថ្ងៃនេះ មានអ្នកចុះឈ្មោះប្រើប្រាស់សេវាអេស៊ីលីដាយូនីធីទាន់ចិត្ត (ACLEDA Unity ToanChet) ជាលក្ខណៈបុគ្គលមានចំនួន ៦២៤,៦៨៤ និងជាដៃគូមានចំនួន៧,០២៤ ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៥.៤៣ពាន់លានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៣.២៥ពាន់លានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៣.៤៨ពាន់លានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ២.៥លាននាក់ គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០១៨នេះ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា ការបង្កើតឲ្យមានការប្រើប្រាស់សេវាអេស៊ីលីដានេះ ធ្វើឡើងដើម្បីសម្រួលការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ឲ្យបានរហ័សទាន់ចិត្តលើការបង់កម្រៃសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូត ខណៈដែលបច្ចុប្បន្ននេះ មានរថយន្តក្រុងចំនួន១៥៥គ្រឿង បាននិងកំពុងរត់លើផ្លូវចំនួន៨ខ្សែ មានចំនួនអ្នកធ្វើដំណើរពី២ម៉ឺន ទៅ២ម៉ឺន១ពាន់នាក់ក្នុងមួយថ្ងៃ ហើយជាគម្រោងរដ្ឋបាលរាជធានី នឹងបន្ថែមចំនួនខ្សែរត់ថែមទៀត។
លោក ឃួង ស្រេង បានបញ្ជាក់ថា ការបង្កើតឲ្យមានការប្រើប្រាស់សេវានេះ នឹងកាត់បន្ថយកម្លាំងកម្មពលកម្ម កាត់បន្ថយបុគ្គលិកច្រើន ហើយការគ្រប់គ្រង់ចំណូល ក៏មិនបានបាត់បង់ប្រាក់ផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក្តី លោក ឃួង ស្រេង បញ្ជាក់ថា និយាយបែបនេះ មិនមែនចោទបុគ្គលិកដែលធ្លាប់បំពេញការងារនេះ កន្លងមកធ្វើឲ្យបាត់ ឬលួចលុយនោះទេ នេះដោយសារតែបច្ចេកវិទ្យាទំនើប ដែលទាមទារឲ្យយើងប្រើប្រាស់សេវានេះ។
ក្រៅពីនេះលោក ឃួង ស្រេង ក៏បានណែនាំឲ្យលោក អ៊ាន សុឃីម មើលបុគ្គលិកពេលកាត់បន្ថយនេះ ត្រូវសម្រួលពួកគាត់ទៅធ្វើកន្លែងណាមួយ ដោយត្រូវធ្វើរបាយការណ៍ មករដ្ឋបាលរាជធានីភ្នំពេញ ពោលគឺធ្វើយ៉ាងណាកុំឲ្យពួកគាត់មានសន្តិអារម្មណ៍ ភាន់ច្រឡំ ដោយនេះជាជំហ៊ានអភិវឌ្ឍន៍ ដែលត្រូវប្រើប្រាស់បច្ចេកទេសទំនើបហើយ។
លោកអភិបាលក៏បានធ្វើការណែនាំឲ្យរដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ និងធនាគារត្រូវអនុវត្ត នៃការចុះហត្ថលេខានេះឲ្យបានល្អ ពិនិត្យជាប្រចាំចំពោះម៉ាស៊ីន ទូទាត់ប្រាក់ចៀសវាងការខូច បង្កការលំបាកដល់ប្រជាពលរដ្ឋ៕