(ប៉ៃលិន)៖ នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងយុវជន ស.ស.យ.ក. ខេត្ត ចុះជួយប្រមូលផលពោតក្រហម ជូនប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតកម្លាំងពលកម្ម ស្ថិតនៅភូមិកំពង់លៃ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

នាយឧត្តមសេនីយ៍ អ៊ី ឈាន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយជំរុញដល់ថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំជួយដោះស្រាយ នូវរាល់ទុកលំបាករបស់បងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋានជាក់ស្តែង នៅពេលនេះគ្រាន់តែទទួលព័ត៌មានពីមូលដ្ឋានភ្លាមថា ប្រជាពលរដ្ឋខ្វះខាតកម្លាំងពលកម្មក្នុងការប្រមូលផលពោតនាយឧត្តមសេនីយ៍ ក៏បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងយុវជន ស.ស.យ.ក ខេត្ត ចុះជួយប្រមូលផលឱ្យបានទាន់ពេលវេលា។

នាយឧត្តមសេនីយ៍ បានបន្តថា ការចុះជួយប្រមូលផលពោតនាពេលនេះ គឺដើម្បីចូលរួមចំណែកដោះស្រាយជីវភាព របស់បងប្អូនបានមួយកម្រិត និងរួមចំណែកលើកកម្ពស់ជីវភាពរបស់បងប្អូនឱ្យកាន់តែល្អថែមទៀត បើទោះបីសកម្មភាពទាំងនេះ មិនបានបំពេញតាមតម្រូវ ការរបស់បងប្អូនក៏ពិតមែន ក៏អាចដោះស្រាយបានមួយកំរិតផងដែរ។ ដូច្នេះ​សូមបងប្អូនទាំងអស់ត្រូវខិតខំ​ប្រឹងប្រែងប្រកបមុខរបរចិញ្ចឹមជីវិត និងបង្កបង្កើតផលដាំដំណាំឱ្យបានកាន់ច្រើន ដើម្បីបង្កើនជីវភាពរបស់បងប្អូនឱ្យធូរធាជាងមុន ជាពិសេសត្រូវយល់ដឹងពីបច្ចេកទេស ក្នុងការធ្វើកសិកម្មទៅតាមការនែនាំរបស់មន្ត្រីជំនាញ។

នាយឧត្តមសេនីយ៍ អ៊ី ឈាន ក៏បានថ្លែងអំណរគុណ និងកោតសសើរចំពោះ ថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងយុវជន សសយកខេត្តទាំងអស់​ដែលបានរួមសាមគ្គីគ្នាជួយដោះស្រាយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ព្រោះសាមគ្គីភាព គឺជាកម្លាំងចលករមួយដ៏ខ្លាំង ប្រកបដោយថាមពល និងជំនឿចិត្តខ្ពស់ ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ គ្រប់សកម្មភាពក្នុងការបំរើកិច្ចការសង្គម និងការងារមនុស្សធម៌ ដើម្បីលើកស្ទួយជីវភាពរស់នៅប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង ក្រោមដំបូលសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ របស់ប្រទេសជាតិយើង។

សូមបញ្ជាក់ថា ក្នុងការចុះជួយប្រមូលផលពោតក្រហម ជូនប្រជាកសិកររយៈពេល១ថ្ងៃពេញ លោក អ៊ី ឈាន និងក្រុមការងារ បានជួយប្រមូលផលពោត បានចំនួន១០ហិតា ព្រមទាំងជួយដឹកកសិកផលទាំងនោះ ទៅកាន់ទីផ្សារសម្រាប់លក់ផងដែរ៕