(ព្រះវិហារ)៖ នៅក្នុងឱកាសចុះសិក្សាស្វែងយល់ ពីការផលិតរបស់ប្រជាកសិករ លើវិសយ័កសិកម្មនៅក្នុងខេត្តព្រះវិហារ រយៈពេលប៉ុន្មានថ្ងៃនេះ ប្រតិភូរបស់ប្រទេសចិនមួយក្រុម បានចាប់អារម្មណ៍ដោយមានបំណងចង់ពង្រីកទីផ្សារកសិផល ជូនប្រជាពលរដ្ឋ និងមានបបំណងចង់បង្កើតសង្វាក់ផលិតកម្ម ពីវិសយ័កសិកម្មក្នុងទឹកដីខេត្តព្រះវិហារ ទៀតផង។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ លោក ពឹង ទ្រីដា បានថ្លែងប្រាប់អ្នកយកព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះថា ប្រតិភូរបស់ប្រទេសចិនមួយក្រុម ដែលមកសិក្សាលើវិស័យកសិកម្ម នៅខេត្តព្រះវិហារនេះ ក្រោមការសម្របសម្រួលរបស់ក្រសួងកសិកម្ម ប្រទេសចិន និងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទរបស់កម្ពុជា។
លោកប្រធានមន្ទីរ បានបញ្ជាក់ទៀតថា «ប្រតិភូរបស់ប្រទេសចិននេះ មុននឹងមកសិក្សាជាក់ស្តែង តាមមូលដ្ឋានក្នុងខេត្តព្រះវិហារ គឺបានចូលជួបសំដែងការគួរសមជាមួយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទរួចហើយ ទើបឯកឧត្តមរដ្ឋមន្ត្រី ចាត់ឲ្យតំណាងក្រសួងដឹកនាំប្រតិភូប្រទេសចិន ចុះតាមគោលដៅរៀងៗខ្លួន»។
លោក ពឹង ទ្រីដា បានបញ្ជាក់ទៀតថា ក្រោយពីកិច្ចប្រជុំដោយបង្ហាញឲ្យឃើញពីសក្តានុពលកសិកម្ម នៅក្នុងខេត្តព្រះវិហាររួចមក លោកបានដឹកនាំប្រតិភូប្រទេសចិន ចុះពិនិត្យពីតម្រូវការ ជាក់ស្តែងតាមមូលដ្ឋាន ដើម្បីរៀបចំគម្រោងការជាក់ស្តែង ជួយកែប្រែវិស័យកសិកម្ម ឲ្យមានទំនើបកម្ម ការកែច្នៃកសិផល ព្រមទាំងជួយដោះស្រាយទីផ្សារកសិផល ក្នុងន័យលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈវិសយ័កសិកម្មនេះ។
លោកបន្តថា «អ្វីដែលយើងបង្ហាញឲ្យប្រតិភូប្រទេសចិន បានដឹងពីការផលិតរបស់ប្រជាកសិកររួមមាន៖ ដំឡូងមី សណ្តែកសៀង សណ្តែកបាយ កៅស៊ូ...ជាដើម។ អ្វីដែលប្រជាកសិករយើងផលិតបាន សព្វថ្ងៃនេះគឺបានឆ្លើយតប និងតម្រូវការទីផ្សារក្នុងស្រុកទេ មិនទាន់ឆ្លើយតបនិងតម្រូវការទីផ្សារអន្តរជាតិឡើយ»។
ដូច្នេះប្រតិភូប្រទេសចិន ដែលចុះមកក្នុងពេលនេះពិតជាមានសារសំខាន់ណាស់ សម្រាប់ប្រជាកសិករខ្មែរទៅថ្ងៃអនាគត ពេលគេត្រឡប់ទៅវិញគេនឹងដាក់ឆ្លងរបាយការណ៍ទៅរដ្ឋាភិបាលប្រទេសរបស់គេ បើសិនជាតម្រូវការណាមួយដែលគេចង់បាននោះ គេនឹងនាំពូជពីប្រទេសគេឲ្យយើងដាំ ដោយទទួលទិញវិញនូវតម្លៃថ្លៃ។ លើសពីនេះ នឹងអាចឈានដល់ការបង្កើតរោងចក្រកែច្នៃវត្ថុធាតុដើម នៅទីនេះតែម្តង ដូចជារោងចក្រផលិតសំបកកង់រថយន្តកែឆ្នៃពីជរ័កៅស៊ូជាដើម៕