(ភ្នំពេញ)៖ នាយកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានបញ្ជាក់ជំហរច្បាស់លាស់ ក្នុងការពង្រឹងភាពជាដៃគូសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលអាណត្តិថ្មីរបស់កម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីជំនួប រវាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ជាមួយលោក ហៅលៀង ស៊ូ (Haoling Xu) ឧបការីរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងជានាយកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក។
ជំនួបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ០៤៖០០រសៀល នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដើម្បីពិភាក្សាអំពីការរៀបចំឯកសារកម្មវិធី កិច្ចសហប្រតិបត្តិការរបស់ UNDP នៅកម្ពុជាឆ្នាំ២០១៩-២០២៣ ដែលមានគោលដៅចូលរួមចំណែកដល់ការអភិវឌ្ឍ កម្ពុជាប្រកបដោយបរិយាប័ន្ន, ចីរភាព, និងនាវានុវត្តភាពឈានទៅសម្រេចគោលដៅនៃការប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ២០៣០។
តាមសេចក្តីប្រកាសព័ត៌មានដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលនេះ បានឲ្យដឹងថា លោក ហៅលៀង ស៊ូ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងអបអរសាទរ ចំពោះជោគជ័យដ៏ធំធេងរបស់កម្ពុជា ដែលសម្រេចបាននូវកិច្ចអភិវឌ្ឍក្នុងសន្ទុះលឿន និងជាពិសេសជោគជ័យ នៃការសម្រេចបាននូវគោលដៅអភិវឌ្ឍសហស្សវត្សរ៍មុនកាលកំណត់។
លោក ហៅលៀង ស៊ូ ក៏បានជម្រាបជូនថា UNDP កំពុងស្ថិតក្នុងដំណាក់កាលរៀបចំឯកសារកម្មវិធីកិច្ចសហប្រតិបត្តិការរបស់ UNDP នៅកម្ពុជាឆ្នាំ២០១៩-២០២៣ ដែលនឹងត្រូវរៀបចំឱ្យមានសង្គតិភាពជាមួយចក្ខុវិស័យ ២០៥០, យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី។
សេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់យ៉ាងដូច្នេះថា «លោក ហៅលៀង ស៊ូ បានថ្លែងនូវជំហរច្បាស់លាស់របស់ UNDP ក្នុងការពង្រឹងភាពជាដៃគូសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលអាណត្តិថ្មី របស់កម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត និងប្តេជ្ញាបន្តគាំទ្រកិច្ចអភិវឌ្ឍនៅកម្ពុជាប្រកបដោយបរិយាប័ន្ន, ចីរភាព និងនាវានុវត្តភាព»។
លោកអគ្គបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ហៅលៀង ស៊ូ និងសហការី ដែលបានមកបំពេញបេសកកម្មនៅកម្ពុជា និងបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សំខាន់ របស់ UNDP ក្នុងដំណើរការអភិវឌ្ឍកម្ពុជានារយៈកាលប៉ុន្មានទស្សវត្សចុងក្រោយនេះ។
លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ក៏បានជម្រាបជូនអំពីស្ថានភាពសេដ្ឋកិច្ចប្រទេសកម្ពុជា ដែលកំពុងសម្រេចបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់។ កម្ពុជាកំពុងបន្តដំណើរយ៉ាងស្វាហាប់ តម្រង់ទិសឆ្ពោះទៅរកចក្ខុវិស័យ ឆ្នាំ២០៥០ ដើម្បីប្រែក្លាយខ្លួនទៅជាប្រទេសអភិវឌ្ឍន៏ ដោយបានកំណត់យកឆ្នាំ២០៣០ ជាឆ្នាំគោល ដែលត្រូវសម្រេច ឱ្យបាននូវលទ្ធផលជាសារវ័ន្ធនៃកំណែទម្រង់សំខាន់ៗ និងការប្រែក្លាយខ្លួនជាបរទេសចំណូលមធ្យមកម្រិតខ្ពស់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល រាជរដ្ឋាភិបាលអាណត្តិថ្មី នីតិកាលទី៦ នៃរដ្ឋសភា នឹងត្រូវបង្កើតក្នុងពេលដ៏ខ្លីខាងមុខនេះ។ រាជរដ្ឋាភិបាលថ្មី នឹងអនុម័ត និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងឯកសារផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០១៨-២០២៣ ហើយឯកសារផ្លូវការទាំងនេះ នឹងត្រូវផ្ញើជូនដៃគូអភិវឌ្ឍន៍ទាំងអស់ ដើម្បីជាមូលដ្ឋានសម្រាប់ការរៀបចំឯកសារក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរបស់ដៃគូនីមួយៗនៅកម្ពុជា។
លោកអគ្គបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ក៏បានថ្លែងស្វាគមន៍ចំពោះសុភវិនិច្ឆ័យរបស់ UNDP ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានស្តែងឡើងតាមរយៈការបង្ហាញជំហរច្បាស់លាស់ក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការនៅកម្ពុជា និងបានជូនពរលោក ហៅលៀង ស៊ូ ព្រមទាំងសហការី ឱ្យទទួលបានជោគជ័យ ក្នុងបេសកកម្មការងាររបស់ខ្លួនបន្តទៅមុខទៀត៕