(ប៉ៃលិន)៖ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី២៣ ខែសីហានេះ លោក Ben Bootle ប្រធានក្រុមហ៊ុន BQL Agriculture Co.Ltd អូស្ត្រាលី បានលើកឡើងថា ក្រុមលោកនឹងវិនិយោគលើរដាំដុះដំណាំពោតក្រហមជាង១ពាន់ហិកតា ដោយប្រើបច្ចេកទេស និងគ្រឿងចក្រកសិកម្មទំនើបៗរបស់អូស្តាលី និងអាមេរិក នៅក្នុងខេត្តប៉ៃលិន។
លោក Ben Bootle បានឲ្យដឹងថា «ដោយមើលឃើញពីសក្តានុពលលើវិស័យកសិកម្ម ក្នុងខេត្តប៉ៃលិន ដូចជា ដីមានជីជាតិល្អ អាកាសធាតុអំណោយផល ដូច្នេះក្រុមហ៊ុន BQL Agriculture Co.Ltd របស់លោក គឺមានបំណងចង់ដាក់ទុនវិនិយោគលើការដាំដុះដំណាំពោតក្រហម ដើម្បីផ្គត់ផ្គង់ទីផ្សាររបស់ក្រុមហ៊ុន ហើយជាក់ស្តែងបច្ចុប្បន្ន ក្រុមហ៊ុន BQL Agriculture Co.Ltd បានវិនិយោគលើវិស័យកសិកម្មដំណាំពោតក្រហមនេះ នៅបណ្តាប្រទេស១ ចំនួនរួចហើយ ក្នុងតំបន់អាស៊ានដូចជា៖ ប្រទេសថៃ ឡាវ និងវៀតណាម ព្រមទាំងប្រមូលទិញពោតក្រហម របស់ប្រជាកសិករក្នុងតំបន់នោះ ក្នុងតម្លៃខ្ពស់ ជាពិសេសបានផ្តល់ទុនកម្ចី និងបច្ចេកទេសកសិកម្មទំនើបៗថ្មីៗ ដល់ប្រជាពលរដ្ឋក្នុងតំបន់ដែលក្រុមហ៊ុនធ្វើការវិនិយោគនោះផងដែរ»។
ក្នុងឱកាសនេះដែរលោក ផាន់ ចាន់ធុល បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុនអូស្ត្រាលី BQL Agriculture Co.Ltd ដែលមានចំណាប់អារម្មណ៍ វិនិយោគលើវិស័យកសិកម្ម ក្នុងខេត្តប៉ៃលិន ពីព្រោះប្រជាពលរដ្ឋនៅខេត្តប៉ៃលិន ជាង៨០% ប្រកបរបរកសិកម្ម ដូច្នេះលោកសង្ឃឹមថា ការវិនិយោគនេះ ពិតជាបានផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋនៅខេត្តប៉ៃលិន ជាពិសេសការនាំ យកចំណេះដឹង នូវបច្ចេកទេសកសិកម្មថ្មីៗ មកចែករំលែកដល់ប្រជាកសិករយើង។
អភិបាលខេត្ត បានបញ្ជាក់ថា ការផលិតកសិកផល របស់ប្រជាកសិករខេត្តប៉ៃលិន គឺនៅមានកម្រិតទាំងបរិមាណ និងគុណភាព ដែលមិនទាន់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ដែលត្រូវទាមទារឱ្យប្រជាកសិកររបង្កើនការផលិត តាមរយៈការប្រើប្រាស់បច្ចេកទេសខ្ពស់ ក្នុងការដំាដុះដូចជា ការជ្រើសរើសពូជន៍ ស្របតាមបច្ចេកទេសថ្មីៗ និងសម្ភារកសិកម្មទំនើបៗ ចាប់តាំងពីការរៀបចំដី ការភ្ជួររាល់ដី អំឡុងពេលដាំការប្រើប្រាស់ជី និងការប្រើប្រាស់ថ្នាំកសិកម្មជាដើម ដើម្បីទទួលបានទិន្នផលខ្ពស់ និងមានគុណភាពសម្រាប់តម្រូវការទីផ្សារ។
លោក ផាន់ ចាន់ធុល ក៏បានជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ត្រូវខិតខំសហការ ជាមួយក្រុមហ៊ុន ធ្វើយ៉ាងណាឱ្យការវិនិយោគ បានដំណើរទៅដោយរលូន ដើម្បីលើកកម្ពស់វិស័យកសិកម្ម នៅក្នុងខេត្តប៉ៃលិន ក្នុងគោលបំណងចូលរួមចំណែកអភិវឌ្ឍប្រទេស និងលើកស្ទួយជីវភាពប្រជាកសិករ តាមគោលនយោបាយលរាជរដ្ឋាភិបាល ដែលបានដាក់ចេញ នូវយុទ្ធសាស្ត្រចតុកោណ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ហើលក៏ចាត់ទុកវិស័យកសិកម្ម ជាវិស័យអាទិភាព ដោយបានកំណត់យ៉ាងច្បាស់ថា វិស័យកសិកម្មនៅតែមានតួនាទីយ៉ាងសំខាន់ ក្នុងការទ្រទ្រង់កំណើន សេដ្ឋកិច្ចជាតិ ធានាសមធម៌ ធានាសន្តិសុខស្បៀង និងជំរុញការភិវឌ្ឍជនបទ។
សូមបញ្ជាក់ថាខេត្តប៉ៃលិន មានផ្ទៃដីដែលអាចដាំដុះដំណាំពោតក្រហមបាន ចំនួន៥៤០០០ហិកតា ប៉ុន្តែបច្ចុប្បន្នការដាំដុះដំណាំពោតក្រហម នៅក្នុងខេត្ត គឺទទួលផលបានត្រឹមតែជាង១០ម៉ឺនតោន ប៉ុណ្ណោះក្នុង១ឆ្នាំ៕