(ព្រះសីហនុ)៖ នៅរសៀលនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ មន្ត្រីគយ នៃសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ សហការជាមួយកម្លាំងអាវុធហត្ថខេត្ត ក្រោមការសម្របសម្រួលផ្លូវច្បាប់ដោយលោក កៀង សុន្ទរោ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានឃាត់រថយន្តគ្មានពន្ធ១គ្រឿង ម៉ាក Mercedes ពណ៌ស ចង្កូតឆ្វេង ដែលមានម្ចាស់ជាជនជាតិចិន។
ការចាប់ឃាត់រថយន្តរបស់ជនជាតិខាងលើនេះ បានធ្វើឡើងនៅមុខហាងលក់ទំនិញលំដាប់ខ្ពស់ ផ្លូវឯករាជ្យ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
មន្រ្តីគយនៃសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ បានឲ្យដឹងថា រថយន្តមួយគ្រឿងនេះមានស្លាកលេខក្លែងក្លាយ (ព្រះសីហនុ2A-3800) លេខតួ WDDNG71X87A017855។
មន្ត្រីគយ នៃសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ បានបញ្ជាក់យ៉ាងដូច្នេះថា ។«ដោយមានឯកភាពពីឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ការសម្របសម្រួល ពីលោកប្រធានសាលាដំបូងខេត្តព្រះសីហនុ និងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឃាត់រថយន្តគ្មានពន្ធ០១គ្រឿង ម៉ាក Mercedes ពណ៌ស ចង្កូតឆ្វេង ម្ចាស់ជាជនជាតិចិន ដោយប្រើប្រាស់ស្លាកលេខក្លែងក្លាយ ព្រះសីហនុ 2A-3800»
បច្ចុប្បន្នវត្ថុតាង ត្រូវបានយកមករក្សាទុកនៅស្នាក់ការសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ដើម្បីរង់ចាំម្ចាស់ចូលមកបង់ពន្ធ និងពិន័យតាមច្បាប់៕