Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមអាជីវករលក់ដូរ ក្នុងខេត្តកំពង់ស្ពឺមានការយល់ដឹងច្រើន លើបញ្ហាសុខភាពបណ្តាល មកពីចំណីអាហារគ្មានគុណភាព

23-08-2018 17:04

(កំពង់ស្ពឺ)៖ ក្រុមអាជីវករមានការយល់ដឹងពីផលប៉ះពាល់ផ្នែកសុខភាពបានច្រើន ដែលបណ្តាលមកពីអាហារគ្មានប្រភពខូចសុខភាព គ្មានអនាម័យ ហួសកាលបរិច្ឆេទ កំប៉ុង កំពិតឆេះ។ល។ ក្រោយពីក្រុមមន្រ្តីសាខាកាំកុងត្រួល និងមន្រ្តីជំនាញ នៃមន្ទីរពាណិជ្ជកម្ម បានចុះអប់រំណែនាំជាប្រចាំតាមផ្សារក្នុងខេត្តកំពង់ស្ពឺ។

ទាំងនេះអាចឆ្លុះបញ្ចាំងតាមរយៈមន្រ្តីសាខាកាំកុងត្រួល និងមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ បានចុះត្រួតពិនិត្យនៅក្នុងឃុំស្រង់ ស្រុកគងពិសី និងផ្សារស្លាបលែង ស្ថិតនៅឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

អ្នកជំនាញអាចបញ្ជាក់បានថា តាមតូបក្នុងផ្សារមានការរៀបចំបានស្អាតល្អ ទំនិញដាក់មានរបៀបតាមប្រភេទទំនិញ។ ចំណែកឯអាហារខូចគុណភាព ហួសកាលបរិច្ឆេទ ឡេលាបស្បែកឲ្យសររយៈពេលខ្លី ដែលគ្មានប្រភពនេះក៏គ្មានដែរ ហើយពួកគាត់ស្នើសុំឲ្យ មន្រ្តីធ្វើការពិសោធន៍បឋមលើប្រហុក ផ្អកពងត្រី ម៉ាំ និងផ្អកត្រីប្រម៉ា។ ក្រោយពិនិត្យរកសារធាតុ បូរ៉ាក់ និងស្យូត្យូមអ៊ីក្រូស៊ូលវីត លទ្ធផលបឋមពុំមានសារធាតុទាំងអស់នោះឡើយ។

លោក ណាល់ វិចិត្រ បានបញ្ជាក់ថា ទាំងអ្នកប្រើប្រាស់ និងក្រុមអាជីវករមានទឹកចិត្តសប្បាយរីករាយ និងសំណូមពរឲ្យមន្រ្តីជំនាញសាខា និងមន្រ្តីពាណិជ្ជកម្មរបស់លោក ចុះមកពិនិត្យឲ្យបាន ញឹកញាប់នៅតាមទីផ្សារនានា ដើម្បីក្រុមអាជីវករលក់ដូរ បានប្រកួតប្រជែងទីផ្សារស្មោះត្រង់ និងតម្លាភាព ព្រមទាំងបានលើកកំពស់សុវត្តិភាពចំណីរអាហារ និងសុខភាពក្នុងសហគមន៍ របស់ពួកគាត់ផងដែរ៕