(មណ្ឌលគិរី)៖ ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងចូលរួមទប់ស្កាត់ផលប៉ះពាល់ដល់សុខភាព អ្នកប្រើតាមរយៈចំណីអាហារ, មន្រ្តីសាខាកាំកុងត្រូលខេត្តមណ្ឌលគិរី នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម បានចុះត្រួតពិនិត្យ រកទំនិញខូចគុណភាពតាមផ្ទះនានា នៅឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

មន្រ្តីសាខាកាំកុងត្រូលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្រុមការងារពិនិត្យតាមផ្ទះលក់ទំនិញនានានៅភូមិពូជ្រៃ ឃុំពូជ្រៃ ហើយបានធ្វើតេស្តទៅលើបន្លែស្រស់ៗ សរសៃគុយទាវ មី នំ បញ្ចុក មីលឿង ជ្រក់ត្រសក់ ជ្រក់ស្ពៃ ជ្រក់ឆៃថាវ តែរកមិនឃើញផលិតផលណាមួយមានលាយសារធាតុគីមីហាមឃាត់នោះទេ និងពិនិត្យទៅលើអំបិលម៉ាកលីលីដា ជាលទ្ធផលមានសារធាតុអ៊ីយូត។

មន្រ្តីកាំកុងត្រូលបានបន្តថា ដោយឡែកក្រុមការងារបានចុះពិនិត្យនៅតាមម៉ាក ហើយបានរកឃើញទឹកក្រូចចំនួន១៨១កេះ ស្មើ៤៣៤៤ដប ស្មើ១៦២៤គីឡូក្រាម ហួសកាលបរិច្ឆេទ ហើយបានធ្វើកំណត់ហេតុ ដកហូតទុកដុតកំទេចចោលផងដែរ។

ទន្ទឹមនឹងនេះ ក្រុមការងាររបស់លោក បានណែនាំដល់អាជីវករឲ្យចៀសវាង ក្នុងការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផល ម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ ដល់សុខភាព និងបានណែនាំអាជីវករ ឲ្យយល់ដឹងពីអនាម័យ និងការរៀបចំទំនិញលក់ដូរឲ្យមានសណ្តាប់ធ្នាប់ ទៅតាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាស់ផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា។

ដោយឡែកចំពោះការឃ្លាំពិនិត្យ មើលថ្លៃលក់ប្រេងសាំង និងម៉ាស៊ូត នៅតាមបណ្តាស្ថានីយ៏ប្រេងឥន្ធនៈនានា ក្នុងខេត្តមណ្ឌលគិរី ចំនួន៨ស្ថានីយ៍ គឺមានតម្លៃសមស្រប ទៅនឹងសេចក្តី ជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម៕