(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង និងជាអ្នកតំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលស្វាយរៀង នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារចុះថ្លែងអំណរគុណដល់សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនឈ្នះភ្លូកទឹកភ្លូកដី។
ពិធីនេះមានការចូលរួមពីលោក ចាន់ រដ្ឋា អនុប្រធានក្រុមការងារចុះជួយឃុំក្រោលគោ និងសមាជិកសមាជិការមកពី៤ភូមិ នៃឃុំក្រោលគោ ស្រុកស្វាយជ្រុំ ស្ថិតក្នុងទីតាំងទួលឃួច ភូមិឃួច ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
ថ្លែងនៅក្នុងពិធីសំណេះសំណាល និងថ្លែងអំណរគុណនេះលោកស្រី ម៉ែន សំអន បានបង្ហាញអំពីលទ្ធផលដ៏ត្រចះត្រចង់របស់បក្ស ដែលមានប្រជាពលរដ្ឋទៅបោះឆ្នោតសរុបជាង៨៣ភាគរយ ហើយមានសម្លេងគាំទ្រគណបក្សប្រជាជនយ៉ាងច្រើនលើសលុប បានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋនៅតែគាំទ្រគណបក្សប្រជាជនកម្ពុជា ស្រឡាញ់សន្តិភាពស្រទ្បាញ់ការអភិវឌ្ឍនិងកាដឹកនាំ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ហើយនៅតែគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅអាណត្តិទី០៦ និងអាណត្តិបន្តបន្ទាប់ទៀត។
លោកស្រី ម៉ែន សំអន បានបន្តថា នៅខេត្តស្វាយរៀង មានប្រជាពលរដ្ឋទៅបោះឆ្នោតយ៉ាងច្រើនសន្ធឹកសន្ធាប់ធ្វើឱ្យសម្លេងគាំទ្រ គណបក្សប្រជាជនកម្ពុជាយើងទទួលបានជោគជ័យដ៏ត្រចះត្រចង់ នៅទូទាំងខេត្តស្វាយរៀង ដោយគណបក្សប្រជាជនកម្ពុជា ឈ្នះដាច់ដោយទទួលបានអាសនៈ៥ លើ៥នៅរដ្ឋសភា។
លោកស្រីក៏បានបន្តទៀតថា ជ័យជំនះនេះ គឺបានមកពីទី១៖ ការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋ, ទី២៖ គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយដ៏ច្បាស់លាស់១១ចំណុច ក្នុងការដឹកនាំ និងអភិវឌ្ឍប្រទេសជាតិ, ទី៣៖ ប្រជាប្រិយភាពរបស់សម្តេចតេជោ ហ៊ុន សែន ទាំងក្នុងឆាកជាតិ អន្តរជាតិ រួមជាមួយនឹងគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋ កម្មករ-កម្មការិនី មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។
លោកស្រី ម៉ែន សំអន ក៏បានសំណូមពរឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវយចិត្តទុកដាក់បន្ថែមទៀត ក្នុងការធ្វើអំពើល្អ ផ្តល់សេវាសាធារណៈ ឱ្យបានកាន់ល្អ ពង្រឹងណ្តាប់ធ្នាប់ សន្តិសុខសង្គម នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង ហើយក៏ត្រូវទប់ស្កាត់ឱ្យបាននូវបងតូច-បងធំ និងទប់ស្កាត់នូវការចរាចរ និងការប្រើប្រាស់គ្រឿងញៀន ដើម្បីសេចក្តីសុខ នៅក្នុងមូលដ្ឋានផងដែរ។
នៅក្នុងឱកាសនោះ លោកស្រីក៏បានថ្លែងអំណរគុណ ដល់សមាជិកសមាជិការ និងប្រជាពលរដ្ឋទាំងអស់នៅខេត្តស្វាយរៀង ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឈ្នះយ៉ាងច្រើនភ្លូកទឹកភ្លូកដី ហើយក៏សូមឱ្យសមាជិក សមាជិកាបន្តគាំទ្រ គណបក្សប្រជាជនកម្ពុជា គ្រប់អាណត្តិបន្តទៀត ជាពិសេសគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី។
សូមបញ្ជាក់ថា នៅក្នុងពិធីនេះផងដែរក៏មានពិសារបាយសាមគ្គីមួយពេលយ៉ាងសប្បាយរីករាយជាពិសេសលោកស្រី ម៉ែន សំអន បានផ្តល់កិត្តយសរាំលេងកំសាន្តជាសមាជិក សមាជិកា បងប្អូនប្រជាពលរដ្ឋផងដែរ៕