(ត្បូងឃ្មុំ)៖ លោកសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជំរុញឲ្យក្រុមគ្រូពេទ្យត្រូវយកចិត្តទុកដាក់ ក្នុងការព្យាបាលប្រជាពលរដ្ឋ នៅពេលពួកគាត់ចូលសម្រាកក្នុងមន្ទីរពេទ្យ និងត្រូវមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ក្នុងការអនុវត្តន៍ទៅតាមតួនាទីរបស់ខ្លួនឲ្យបានល្អប្រសើរ។ ថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីអប់អរសាទទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្រ្តបន្តលើកទី៤ ក្នុងខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងសាលប្រជុំរបស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ។
លោកសាស្រ្តាចារ្យ ធា គ្រុយ បានលើកឡើងយ៉ាងដូច្នេះថា «ក្នុងនាមយើងជាគ្រូពេទ្យ មានកាតព្វកិច្ចក្នុងការជួយសង្រ្គោះមនុស្ស នៅពេលពួកគាត់មានជំងឺដោយប្រការណាមួយ យើងត្រូវយកចិត្តទុកដាក់ទៅលើអ្នកជំងឺ មិនត្រូវធ្វើការលំៗយកតែរួចខ្លួននោះទេ ត្រូវមានក្រមសីលធម៌ ភាពស្និទ្ធស្នាល និងត្រូវធ្វើការពន្យល់ដល់ពួកគាត់ឲ្យច្បាស់ ហើយក៏មិនត្រូវធ្វើទៅតាមបញ្ជារបស់ក្រុមគ្រួសារអ្នកជំងឺដែរ ព្រោះគាត់មិនមែនជាគ្រូពេទ្យទេ ដូច្នេះមានតែក្រុមគ្រូពេទ្យ ដែលដឹងពីប្រភេទជំងឺ និងស្ថានភាពជំងឺគាត់ បើស្ថានភាពធ្ងន់ធ្ងរខ្លាំង ហើយហួសពីសមត្ថភាពយើង ត្រូវបញ្ជូនគាត់ទៅសង្រ្គោះ និងព្យាបាលបន្តនៅមន្ទីរពេទ្យណាដែលមានលទ្ធភាពព្យាបាលបន្ត»។
លោកសាស្រ្តាចារ្យ បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ប្រធានមន្ទីរពេទ្យ ត្រូវធ្វើការផ្តល់ព័ត៌មានឲ្យប្រជាពលរដ្ឋ បានយល់ច្បាស់ ក្នុងប្រការដែលអ្នកជំងឺចូលមកសម្រាកក្នុងមន្ទីរពេទ្យ បើប្រជាពលរដ្ឋក្រីក្រចូលមកសម្រាកក្នុងមន្ទីរពេទ្យ គឺរដ្ឋាភិបាលចេញថ្លៃសេវាឲ្យពួកគាត់ ព្រោះសព្វថ្ងៃរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ ទៅលើបងប្អូនប្រជាពលរដ្ឋដែរក្រីក្រ គ្មានលទ្ធភាពព្យាបាលជំងឺ។
លោកបានបញ្ជាក់បន្ថែមថា «ក្រុមលោកគ្រូពេទ្យត្រូវយកចិត្តដាក់ក្នុងការងាររបស់ខ្លួន ត្រូវគោរពតួនាទី និងពេលវេលាម៉ោងធ្វើការ ជាពិសេសក្នុងការប្រចាំការនៅផ្នែកនីមួយៗ ត្រូវមានគ្រូពេទ្យប្រចាំការជាប់គ្រប់ម៉ោង នៅតាមមណ្ឌលភាព និងមន្ទីរពេទ្យរដ្ឋ ព្រោះបញ្ហាអ្នកជំងឺយើងមើលមិនឃើញ គឺមានគ្រប់ពេលវេលាដែលកើតឡើង»។
នាឱកាសនោះដែរ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានលើឡើងថា ក្នុងនាមជាប្រធានមន្ទីរសុខាភិបាលខេត្ត តែងតែអនុវត្តន៍នូវប្រសាសន៍របស់ថ្នាក់ដឹកនាំជានិច្ច ហើយខិតខំបំពេញកាតព្វកិច្ចជាគ្រូពេទ្យមិនមានការធ្វេសប្រហែសបន្តិចឡើយ ហើយក្នុងផ្នែកនីមួយៗមានការ ប្រចាំការណ៍ជាប់ ជានិច្ច២៤ម៉ោងលើស២៤ម៉ោង ចំពោះក្រមសីលធម៌របស់ក្រុមលោកគ្រូពេទ្យ គឺអនុវត្តន៍បានល្អមិនមានអ្វីថ្នាំងថ្នាក់ ពីសំណាក់ដល់ប្រជាពលរដ្ឋឡើយ។
លោកបានបញ្ជាក់ទៀតថា ចំពោះសេវាក្នុងការព្យាបាល លោកបានផ្សព្វផ្សាយយ៉ាងទូលំទូលាយតាម ប្រព័ន្ធផ្សព្វផ្សាយនឹងធ្វើការពន្យល់ផ្ទាល់ នៅពេលគាត់ចូលមកសម្រាក់ក្នុងមន្ទីរពេទ្យ ដោយមិនឲ្យគាត់ភ័យខ្លាចអត់លុយបង់ថ្លៃសេវាទេ ព្រោះរដ្ឋជាអ្នកចេញថ្លៃសេវាឲ្យបើប្រជាពលរដ្ឋនោះក្រីក្រពិតប្រាកដមែន៕