(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនង នយោបាយការបរទេស នៅក្នុងពិភពលោកទាំងមូល។
លោកបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលរាជបណ្ឌិតសភាកម្ពុជា រៀបចំបាថកថាស្តីពី «គោលនយោបាយការបរទេសសហរដ្ឋអាមេរិក ក្រោមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ និងអត្ថន័យចំពោះអាស៉ី» ដែលត្រូវបានរៀបចំឡើងដោយ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិតសភាកម្ពុជា។
វាគ្មិនកិត្តិយសនៃបាថកថានេះគឺ លោកសាស្ត្រាចារ្យបណ្ឌិត David M. Lampton អ្នកស្រាវជ្រាវជាន់ខ្ពស់នៃសាកលវិទ្យាល័យ Johns Hopkins របស់សហរដ្ឋអាមេរិក ហើយកម្មវិធីនេះ ក៏មានការចូលរួមពីព្រះសង្ឃ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា មន្ត្រីរាជការ និស្សិត ភ្ញៀវជាតិ និងអន្តរជាតិនានា ជាច្រើនកុះករផងដែរ។
លោកបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងយ៉ាងដូច្នេះថា «យើងត្រូវគិតទាំងអស់គ្នាថា គ្មានជាតិសាសន៍ណាមួយ ដែលយំមិនហូរទឹកភ្នែកទេ ហើយគ្មានជាតិសាសន៍ណាមួយគ្មានស្នាមញញឹមទេ ត្រូវតែមានស្នាមញញឹម ហើយគ្មានជាតិសាសន៍ណាមួយ ដែលមិនត្រូវការអុកស៉ីហ្សែនទេ ទាំងអស់នេះត្រូវការសន្តិភាព។ សន្តិភាព គឺជាមូលដ្ឋានគ្រឹះ នៃទំនាក់ទំនងនយោបាយការបរទេស»។
មូលហេតុដែលប្រធានរាជបណ្ឌិតសភាកម្ពុជា លើកឡើងបែបនេះ ព្រោះលោកមើលឃើញហើយថា ពិភពលោកសព្វថ្ងៃនេះ កំពុងស្ថិតនៅក្បែរមាត់ជ្រោះនៃសង្រ្គាម ខណៈដែលសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក ជាមួយនឹងអឺរ៉ុប ជាមួយកាណាដា ពិសេសជាមួយចិន ឥណ្ឌា ដែលសុទ្ធសឹងជាមហាយក្សអាស៉ី កំពុងកើតឡើង។
បើតាម សុខ ទួច សកម្មភាពនេះពិតជាមានហានិភ័យធំណាស់ ចំពោះសេដ្ឋកិច្ចពិភពលោក ដូច្នេះសហរដ្ឋអាមេរិក និងប្រទេសទាំងនោះ គួរតែដោះស្រាយដោយសន្តិវិធី ក្នុងស្ថានភាពឈ្នះឈ្នះ ដើម្បីបញ្ចៀសឲ្យបាននូវហានិភ័យទាំងនេះ ដើម្បីវិបុលភាពពិភពលោក។
លោកបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានរំឭកដែរថា សង្រ្គាមលើកទី១ និងលើកទី២ សុទ្ធតែកើតមកពីជម្លោះពាណិជ្ជកម្មទាំងអស់ ហើយពេលនេះ ពិភពលោកកំពុងតែដើរទៅរកផ្លូវ ដែលធ្លាប់ដើរកាលពីអតីតកាលផងដែរ។
លោកបានថ្លែងបន្តថា សម្រាប់កម្ពុជាវិញ ជាប្រទេសដែលមិនចេះផលិតគ្រាប់បែក ជាប្រទេសដែលមិនចេះផលិតអាវុធជាតិផ្ទុះទាំងឡាយ តែប្រទេសកម្ពុជាតែងតែរងគ្រោះ ដោយសារសង្គ្រាមដែលកើតពីឥទ្ធិពលមហាអំណាច។ លោកបន្តទៀត ដោយសារតែធ្លាប់រងគ្រោះជាច្រើនលើកច្រើនសារនោះហើយ ដែលធ្វើឲ្យប្រទេសកម្ពុជាត្រូវតែមានជម្រើសខ្លួនឯង ក្នុងការស្វែងរកដៃគូដើម្បីបម្រើដល់សេដ្ឋកិច្ច និងការពារសន្តិភាពរបស់ខ្លួន៕