(កំពត)៖ ប្រជាពលរដ្ឋក្នុងឃុំកណ្តោល និងឃុំព្រៃថ្នង ក្នុងស្រុកទឹកឈូជាង៥០០គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ថ្មីៗនេះ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ បានទទួលអំណោយ ជាគ្រឿងឧបភោគបរិភោគពីលោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានកិត្តិយស នៃគណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្តកំពត។
ក្នុងការចុះចែកអំណោយដល់ប្រជាពលរដ្ឋនេះដែរ បានធ្វើឡើងនៅបរិវេណវត្តកំពូលមាស ស្ថិតនៅឃុំកណ្តោល ស្រុកទឹកឈូ ដោយមានការអមដំណើរដោយស្ថាប័នកាកបាទក្រហម សាខាខេត្ត និងមន្ត្រីពាក់ព័ន្ធដ៏ជាច្រើនទៀតផងដែរ។
លោក នាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូ បានប្រាប់ឲ្យដឹងថា ក្រោយជំនន់ទឹកភ្លៀងគ្របដណ្តប់ លើឃុំកណ្តោល និងឃុំព្រៃថ្នង ក្រុមការងារបានពិនិត្យឃើញមានការខូចខាតផលប្រយោជន៍ ប្រជាពលរដ្ឋមួយចំនួន។ ក្នុងនោះ បានបង្កក្តីលំបាកដល់ចាស់ជរាពលរដ្ឋក្រីក្រ៥២៦គ្រួសារ ទើបគណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្តកំពត ចុះមកសម្រាលការលំបាកដោយផ្តល់ជូនអំណោយ រួមមាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ស្ករត្នោត១គីឡូ, ទឹកស៊ីអ៊ីវ១យួរ, សាប៊ូ២ដុំ, ទឹក១ធុងចំណុះ២០លីត្រ, និងថវិកាក្នុងមួយគ្រួសារចំនួន ២០,០០០រៀល សរុប១០,៥២០,០០០រៀល។
លោក ជាវ តាយ ក្នុងឱកាសនោះ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ ជួបការលំបាក ទីទ័លក្រ មានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត។
លោកបន្តទៀតថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែណែនាំដល់គណៈកម្មាធិការកាកបាទក្រហមកម្ពុជាគ្រប់សាខាខេត្ត-រាជធានី គិតគូរ យកចិត្តទុកដាក់រាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋទូទៅ។ ផ្តើមចេញពីការជំរុញ និងក្រើនរំលឹកទាំងនោះ ថ្ងៃនេះ គណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្តកំពត បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ មួយចំនួនផ្តល់ជូនបងប្អូនក្រុមគ្រួសារក្រីក្រ ចាស់ជរា ក៏ដូចជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នាពេលថ្មីៗ ដើម្បីសម្រាលការលំបាកសម្រាប់រយៈពេលមួយគ្រាខ្លី។
លោកបន្តថា បច្ចុប្បន្ននេះ បញ្ហាអាកាសធាតុតែងប្រែប្រួល ហើយបង្កគ្រោះមហន្តរាយដោយមិនមាននរណាម្នាក់អាចទប់ស្កាត់បានឡើយ។ ដូច្នេះសូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នា ពិសេស គិតគូរពីបញ្ហាសុខភាពផ្ទាល់ខ្លួន និងកូនចៅ ព្រមទាំងរួតរះដាំដំណាំចម្ការឡើងវិញ បន្ទាប់ពីស្រែស្រូវរងការខូចខាតដោយសារទឹកជំនន់នោះ៕