(សៀមរាប)៖ សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ុល ឌុលប្រ៊ូល ខេត្តសៀមរាប នាថ្ងៃទី២៣ ខែសីហា ឆ្នា២០១៨ បានប្រារព្ធពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញផ្នែកបដិសណ្ឋាកិច្ច និងទេសចរណ៍ ឆ្នាំ២០១៧-២០១៨ ដោយមានសិស្សានុសិស្ស ២២៦នាក់ ដែលបានបញ្ចប់ការសិក្សា និងបានទទួលវិញ្ញាបនបត្រវិជ្ជាជីវៈក្របខណ្ឌគុណវុឌ្ឍិអាស៊ាន ជំនាន់ទី១៦ អមជាមួយសញ្ញាបត្រវិជ្ជាជីវៈ ផ្នែកគ្រប់គ្រងបដិសណ្ឋាកិច្ចក្របខណ្ឌគុណវុឌ្ឍិអាស៊ាន ជំនាន់ទី១ ឆ្នាំ២០១៧-២០១៨។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពរបស់លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ប៉ុក ប៉ាន់ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប លោកស្រី ហែលហ្គា ណាហ្គី នាយិកាសាលា ប៉ូល ឌុលប្រ៊ូល និងលោកស្រី ជេដ សូហ្វីយ៉ា ម៉ាស៊ីហ្គាន តំណាងក្រុមហ៊ុន អាក់គ័រគ្រុប និងវត្តមានសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ម្ចាស់-តំណាងក្រុមហ៊ុន ប្រតិបត្តិករទេសចរណ៍ និងភ្ញៀវជាតិ-អន្តរជាតិសរុបប្រមាណ ៣០០នាក់។

លោកស្រី ហែលហ្គា ណាហ្គី បានឱ្យដឹងថា សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ុល ឌុលប្រ៊ូល មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការពង្រីក និងពង្រឹងនូវជំនាញបដិសណ្ឋាកិច្ច សណ្ឋាគារ និងទេសចរណ៍ឱ្យមានគុណភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ និងឈានឆ្ពោះទៅរកស្ដង់ដា និងនិរន្តរភាពនៃឧស្សាហកម្មមួយនេះ។

លោកស្រីបានបន្តថា ការចូលរួមលើកកម្ពស់វិស័យកម្ពុជា តាមរយៈការបណ្ដុះបណ្ដាលសមត្ថភាពជំនាញ និងការផ្ដល់ឱកាស់រកការងារ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋកម្ពុជា ហើយការអប់រំគឺមិនមែនជាការរៀបចំសម្រាប់ជីវិតតែប៉ុណ្ណោះនោះទេ គឺជាការអប់រំដើម្បីអនាគតដ៏ល្អប្រសើរសម្រាប់ជីវិត។ ជាក់ស្ដែងសិស្សរាប់ពាន់នាក់ ដែលបានទទួលការបណ្ដុះបណ្ដាលពីសាលា ក្នុងរយៈពេលជាង១០ឆ្នាំកន្លងទៅនេះ គឺមានការងារល្អប្រសើរ និងអ្នកខ្លះបានក្លាយជាគ្រូ ជាអ្នកគ្រប់គ្រង ហើយអ្នកខ្លះបានក្លាយជាម្ចាស់អាជីវកម្មលើវិស័យទេសចរណ៍ ដែលមានការទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិផងដែរ។

លោក ប៉ាក់ សុខុម បានឱ្យដឹងថា បានវាយតម្លៃខ្ពស់នូវរាល់កិច្ចសហការគាំទ្ររបស់ស្ថាប័ន អង្គភាព អាជ្ញាធរ និងដៃគូនានា ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ជាពិសេសការអភិវឌ្ឍធនធានមនុស្ស ដើម្បីចូលរួមបង្កើតការងារ និងការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍ សំដៅបង្កើនគុណភាពសេវាកម្មទេសចរណ៍នៅកម្ពុជាឱ្យកាន់តែប្រសើរថែមទៀត និងស្របតាមក្របខណ្ឌគុណវុឌ្ឍិអាស៊ាន ព្រោះកម្ពុជាត្រូវបានអាស៊ានទទួលស្គាល់ថា ជាប្រទេសដែលបានអនុវត្តកម្មវិធីសិក្សាលើកម្រិតសញ្ញាបត្រវិជ្ជាជីវៈ ស្របតាមគុណវុឌ្ឍិអាស៊ាន មុនគេក្នុងបណ្ដាប្រទេសសមាជិកអាស៊ាន។

លោកបានគូសបញ្ជាក់ថា បន្ថែមលើអត្ថប្រយោជន៍រាល់សេដ្ឋកិច្ច និងសង្គមទាំងនេះ វិស័យទេសចរណ៍ គឺជាកតាលីករមួយដ៏សំខាន់ក្នុងការជំរុញសន្ដិភាព សកលភាវូបនីយកម្ម សមាហរណកម្មតំបន់ ព្រមទាំងការផ្សារភ្ជាប់គ្នារវាងប្រជាជាតិ និងប្រជាជាតិផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់គោលនយោបាយ នៃការអភិវឌ្ឍវិស័យទេសចរណ៍របស់ខ្លួន ស្របតាមទស្សនទាន «ស្អាត និងបៃតង» ដោយឈរលើគោលការណ៍ចីរភាព និងការទទួលខុសត្រូវខ្ពស់។

លោកបានបន្ថែមថា ផ្ដើមចេញពីយុទ្ធសាស្ត្រឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាបានទទួលសន្តិភាពពេញបរិបូរណ៍ ការបង្រួបបង្រួមជាតិ សន្តិសុខ និងសុវត្ថិភាពសង្គមពេញផ្ទែប្រទេស ដែលជាកត្តាមូលដ្ឋានចម្បងសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ។

យោងតាមស្ថានភាពដ៏ប្រសើរនាពេលបច្ចុប្បន្ន និងទៅអនាគត ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី កម្ពុជារំពឹងថានៅឆ្នាំ២០២០ នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៧លាននាក់។ ព្រោះកាលពីឆ្នាំ២០១៧ កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៥.៦លាននាក់ ក្នុងកំណើន ១១.៨%។ រយៈពេល៦ខែ ដើមឆ្នាំ២០១៨នេះ គឺទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣លាននាក់ កើនឡើង ១៣% ផងដែរ។

សូមបញ្ជាក់ថា សិស្សានុសិស្សចំនួន ២២៦នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យលើមុខជំនាញចំនួន៥ ក្នុងនោះ៖ ១. ជំនាញវិជ្ជាចម្អិនម្ហូបអាហារ (ផ្នែកផលិតកម្មម្ហូបអាហារ) ២. ជំនាញវិជ្ជាធ្វើនំ (ផ្នែកផលិតកម្មម្ហូបអាហារ) ៣. ជំនាញសេវាកម្មភ្ញៀវ (ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ) ៤. ជំនាញសេវាកម្មភ្ញៀវ (ផ្នែកការិយាល័យជួរមុខ និងគេហកិច្ច) ៥. ជំនាញប្រតិបត្តិការ (ផ្នែកទីភ្នាក់ងារទេសចរណ៍)៕