(ភ្នំពេញ)៖ អតីតមន្រ្តីជាន់ខ្ពស់ ដែលត្រូវបានបញ្ចប់ដំណែង និងជាសមាជិកភាពពីគណបក្សហ្វ៊ុនស៊ិនប៉ិចនោះ នឹងដាក់លិខិតទៅព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ដែលជាប្រធានស្តីទីគណបក្សរាជានិយម ឱ្យបំភ្លឺពីមូលហេតុ ឱ្យបានច្បាស់លាស់ទាក់ទងនឹងការបញ្ចប់ដំណែងពួកគាត់។ ការលើកឡើងរបស់អតីតថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើឡើងនៅក្នុងសន្និសីទកាសែត នៅព្រឹក​ថ្ងៃទី២៣ ខែសីហា​នេះ នៅ​សណ្ឋាគារ​សាន់វ៉េ រាជធានីភ្នំពេញ។​

ថ្នាក់ដឹកនាំជាន់ខ្ពស់ទាំង៤រូប ដែលត្រូវបានបណ្តេញចេញពីបក្សនោះ គឺជាមន្រ្តីដែលដើរតាមសម្ដេចក្រុមព្រះ នរោត្តម រណឫទិ្ធ ក្នុងឆាកនយោបាយកម្ពុជា រយៈពេលជាយូរឆ្នាំមកនោះ ក្នុងនោះរួមមាន ទី១៖ លោក យូ ហុកគ្រី អនុប្រធានគណបក្ស, ទី១៖ លោក ញ៉េប ប៊ុនជិន អនុប្រធាន និងជាអ្នកនាំពាក្យគណបក្ស, ទី៣៖ លោក ប៉ោ ប៊ុនស្រ៊ឺ អតីតអនុប្រធានគណបក្ស និងលោក វ៉ាន់ សុផាន់ណា អតីតអគ្គលេខាធិការរងគណបក្ស។

បើតាមប្រភពពីមន្រ្តីនៅក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិច បានឱ្យដឹងថា ការបណ្តេញចេញមន្រ្តីទាំង៤រូបនេះ អាចផ្តើមចេញពីការធ្វើត្រាថ្មីមួយ តំណាងឱ្យគណបក្សហ៊្វុនស៊ិនប៉ិច ដែលធ្វើឱ្យមានការសង្ស័យថា អ្នកទាំង៤ មានគំនិតក្បត់បក្ស។

ប៉ុន្តែទោះជាយ៉ាងនេះក្តី ក្នុងសន្និសីទសារព័ត៌មានព្រឹកនេះ លោក យូ ហុកគ្រី ក៏បានអះអាងថា ការធ្វើត្រាថ្មីនេះ គឺដើម្បីប្រើសម្រាប់កិច្ចគណបក្សមួយចំនួនដូចជា៖ ការផ្ទេរសិទ្ធិឱ្យមេធាវីការពារសំណុំ​រឿងក្តី គ្រោះចរាចរណ៍​របស់សម្តេចក្រុមព្រះ និងអ្នកម្នាងនៅខេត្តព្រះសីហនុ ក្នុងការធ្វើលិខិតស្នើ ទៅក្រសួងមហាផ្ទៃ ឱ្យស៊ើបអង្កេត ករណីគ្រោះថ្នាក់ចរាចរណ៍ និងការចេញលិខិតថ្លែងអំណរគុណដល់សមាជិក សមាជិកា​គណបក្ស​ដែលបានបោះឆ្នោតគាំទ្រគណបក្ស ហើយការធ្វើត្រានេះ​ដោយសារតែរកត្រាចាស់មិនឃើញ។​

ដោយឡែក លោកញ៉េប ប៊ុនជិន បានអះអាងថា «យើងមិនថ្លើមពាសមេឃ ធ្វើត្រាក្លែងក្លាយទេអត់មានគំនិតធ្វើត្រាក្លែងក្លាយទេមិនធ្វើអីក្បត់បក្សនោះទេ។ ជាប្រធានស្តីទីហ៊ានដេញឥស្សរជនដែលបម្រើបក្សជាង៤០​ឆ្នាំ»

លោក ប៉ោ ប៊ុនស្រ៊ឺ និងលោក យូ ហុកគ្រី បានអះអាងដូចៗគ្នាថា រូបលោកនឹងថ្នាក់ដឹកនាំមួយចំនួនទៀត ដែលត្រូវបញ្ចប់តំណែង ក៏នឹងសុំគាល់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដើម្បីបញ្ជាក់ពីព្រះអង្គ ឱ្យបានច្បាស់ពីលើករណីនេះ ពួកគាត់នឹងអស់ចិត្ត ហើយក៏មិនទៅចុះចូលជាមួយគណបក្សនយោបាយផ្សេងទៀតដែរ គឺពួកលោកនឹងចូលនិវត្តន៍ ព្រោះខ្លួនកាន់តែចាស់ហើយ។

អ្នកតាមដានស្ថានការនយោបាយកម្ពុជា បានមើលឃើញថា ក្នុងរយៈពេលចុងក្រោយនេះ ផ្ទៃក្នុងរបស់គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច ហាក់មានការរង្គោះរង្គើរផ្ទៃក្នុងយ៉ាងខ្លាំង បន្ទាប់ពីព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ដែលជាបុត្រាច្បងរបស់សម្តេចក្រុមព្រះ ត្រូវបានតែងតាំងជាប្រធានស្ដីទីគណបក្ស ខណៈដែលសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ កំពុងសម្រាកព្យាបាលព្រះរាជសុខភាពនៅប្រទេសថៃ។

លោក ញ៉េប ប៊ុនជិន បានបញ្ជាក់ថា ការបណ្តេញចេញនេះ បានធ្វើឡើងដោយខុសច្បាប់គណបក្សទាំងស្រុង។ បើតាមលោក ញ៉េប ប៊ុនជិន ការបណ្តេញចេញសមាជិកអចិន្ត្រៃយ៍ណាម្នាក់ចេញពីគណបក្ស លុះត្រាតែមានការធ្វើសមាជ ពីគណបក្សទើបត្រូវតាមច្បាប់៕