(ភ្នំពេញ)៖ រដ្ឋាភិបាលប្រទេសណូវ៉ែលហ្សេឡង់ បានបញ្ជាក់ជំហរយ៉ាងច្បាស់ថា ណូវ៉ែលហ្សេឡង់ គ្មានហេតុផលអ្វីត្រូវដាក់ទណ្ឌកម្មលើប្រទេសកម្ពុជា ឬរដ្ឋាភិបាលកម្ពុជានោះទេ ជាងនេះទៅទៀតនោះ ប្រទេសនេះនៅតែបន្តផ្តល់ជំនួយ ដល់ការអភិវឌ្ឍប្រទេសកម្ពុជា ជាបន្តទៅទៀត។
នេះជាការបញ្ជាក់យ៉ាងច្បាស់លាស់របស់ លោក Winston Peters ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីកាបរទេស ប្រទេសណូវ៉ែលហ្សេឡង់ តាមរយៈលិខិតរបស់លោក ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ទៅកាន់សមាគមខ្មែរ នៅប្រទេសណូវ៉ែលហ្សេឡង់។
លិខិតរបស់លោក Winston Peters ដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែសីហានេះ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំសូមជម្រាបថា បច្ចុប្បន្នរដ្ឋាភិបាលណូវ៉ែលហ្សេឡង់ មិនបានដាក់ទណ្ឌកម្មណាមួយមកលើប្រទេសកម្ពុជា ឬរដ្ឋាភិបាលកម្ពុជានោះទេ។ រដ្ឋាភិបាលណូវ៉ែលហ្សេឡង់ គោរព និងផ្តល់តម្លៃសិទ្ធិសេរីភាពបុគ្គលចំពោះកិច្ចការស៊ីវិល និងកិច្ចការនយោបាយ ដោយរាប់បញ្ចូលនូវការគោរពផ្តល់តម្លៃលើលទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ចល្អ និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ»។
រដ្ឋមន្ត្រីកាបរទេស ប្រទេសណូវ៉ែលហ្សេឡង់ បញ្ជាក់ទៀតថា រដ្ឋាភិបាលណូវ៉ែហ្សេឡង់ បានផ្តល់ទឹកប្រាក់២៧.២លានដុល្លារណូវ៉ែលហ្សេឡង់ ជាជំនួយអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ហើយនឹងបន្តផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា ជាបន្តទៀត៕