(ចិន)៖ ៩៥ភាគរយនៃនិស្សិតជនជាតិចិន ដែលបានទៅសិក្សានៅក្រៅប្រទេស កំពុងតែសម្លឹងរកមើលឱកាសការងារ នៅក្នុងប្រទេសចិន។ នេះបើយោងតាមរបាយការណ៍ការងារ ស្ដីអំពីនិស្សិតដែលសិក្សានៅក្រៅប្រទេស ដែលបានចេញផ្សាយនៅទីក្រុងប៉េកាំង កាលពីថ្ងៃអាទិត្យកន្លងទៅ។
របាយការណ៍បានបង្ហាញថា និស្សិតជនជាតិចិន ដែលបានទៅសិក្សានៅក្រៅប្រទេស ភាគច្រើនរកការងារបាន ដោយចំណាយពេលកន្លះឆ្នាំ ក្រោយពីពួកគេវិលមកប្រទេសចិនវិញ ហើយពួកគេយល់ថា ទីផ្សារការងារនៅប្រទេសនេះ ពិតជាមានក្ដីសង្ឃឹមនិងផលល្អជាង។
និស្សិតដែលកើតក្រោយជំនាន់ឆ្នាំ ១៩៩០ រួមចំណែក៥៥ភាគរយ នៃក្រុមនិស្សិតដែលបានត្រឡប់មកស្រុកកំណើតវិញ ក្រោយពីរៀនចប់នៅបរទេស។
លោក វ៉ាង ហួយយ៉ាវ ប្រធានមជ្ឈមណ្ឌលដើម្បីចិននិងសកលភាវូបនីយកម្ម និយាយថា «និស្សិតជនជាតិចិនដែលកើតក្រោយជំនាន់ឆ្នាំ១៩៩០ ដែលបានទៅសិក្សានៅក្រៅប្រទេសជាច្រើន សូម្បីតែជំនាន់ក្រោយឆ្នាំ១៩៩៥ ក៏ដោយ ក៏កំពុងតែវិលត្រឡប់មកនៅប្រទេសចិនវិញដែរ។ វាឆ្លុះបញ្ចាំងអំពីនិន្នាការនៃការទៅសិក្សានៅបរទេសផង និងការវិលត្រឡប់មកប្រទេសចិនផង។ វាជាលំហូរធនធានមនុស្សដ៏អស្ចារ្យមួយដែលនិស្សិតជាង៦០ម៉ឺននាក់ កំពុងទៅរៀននៅបរទេស ហើយជាង៥០ ម៉ឺននាក់នៃនិស្សិតទាំងនោះ វិលត្រឡប់មកកាន់ប្រទេសមាតុភូមិវិញ ដើម្បីឱកាសការងារ»។
របាយការណ៍ដដែលបានបញ្ជាក់ថា និស្សិតជនជាតិចិន៧៦ភាគរយ បានទៅសិក្សានៅក្រៅប្រទេស ព្រោះពួកគេចង់ទទួលយកបទពិសោធន៍នៃវប្បធម៌ខុសៗគ្នា និងពង្រីកទស្សនៈគំនិតរបស់ពួកគេ ជាជាងការធ្វើដំណើរទៅក្រៅប្រទេសដើម្បីរស់នៅ។
កញ្ញា ចាង ផឹងលី និស្សិតបញ្ចប់ថ្នាក់អនុបណ្ឌិត មកពីសកលវិទ្យាល័យ Cambridge នៃចក្រភពអង់គ្លេស និយាយថា «វាពិតជាលំបាកសម្រាប់ពួកយើង ក្នុងការស្នាក់នៅក្នុងចក្រភពអង់គ្លេស ដោយសារតែការផ្ដាច់ខ្លួនរបស់ប្រទេសនេះ ចេញពីសហភាពអឺរ៉ុប។ ហើយវាក៏មិនមែនជារឿងងាយស្រួលដែរ ក្នុងការទទួលបានការងារឬការដំឡើងឋានៈ បើទោះជាពួកយើងនៅទីនោះក៏ពិតមែន។ ម្ល៉ោះហើយទើបខ្ញុំសម្រេចចិត្ត វិលត្រឡប់មកវិញ ពីព្រោះវាប្រាកដជាមានឱកាសច្រើននៅប្រទេសចិន សម្រាប់ការវិវត្តន៍អាជីពរបស់ខ្ញុំ»។
យោងតាមរបាយការណ៍នេះ ៧២ភាគរយនៃសិស្សជនជាតិចិន ដែលបានត្រឡប់ចូលមាតុភូមិវិញ បានទទួលការផ្ដល់ជូនឱកាសការងារ។ ១៦ភាគរយទៀតកំពុងស្វែងរកការងារធ្វើ ហើយ៥ភាគរយ កំពុងចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន។ ជាទូទៅ ពួកគេភាគច្រើននឹងរកបានការងារធ្វើ ក្នុងអំឡុងរយៈពេលប្រាំមួយខែ។
លោក យ៉ាង ស៊ី និស្សិតនៅសកលវិទ្យាល័យ George Washington សហរដ្ឋអាមេរិក និយាយថា «អ្វីដែលទាក់ទាញពួកយើង ឱ្យវិលមកវិញ នោះគឺដោយសារតែប្រទេសចិនមានឱកាសធំទូលាយ សម្រាប់ការវិវត្តន៍ផ្នែកអាជីពការងារ។ ទីនេះពិតជាមានឱកាសការងារច្រើនជាង ជាពិសេសបើប្រៀបជាមួយប្រទេសផ្សេង ដែលមានសេដ្ឋកិច្ចលូតលាស់ស្រដៀងៗចិន។ ក្នុងនាមខ្ញុំជានិស្សិតក្រៅប្រទេសមួយរូប ការវិលត្រឡប់មកប្រទេសចិនវិញ ដើម្បីទទួលបានការងារធ្វើ ជាជម្រើសទីមួយរបស់ខ្ញុំ»៕ (សារព័ត៌មាន CCTV របស់ចិន)