(ភ្នំពេញ)៖ លោកស្រី ហ៊ុន ដានី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា ជំរុញការលើកកម្ពស់សិទ្ធិ តួនាទី តម្លៃស្ត្រី និងការបង្កើនភាពអង់អាចដល់ស្ត្រី តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស គឺជាកត្តារួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន។
លោកស្រីលើកឡើងយ៉ាងដូច្នេះ ក្នុងពិធីបើកវគ្គសិក្ខាសាលាស្តីពី ការពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រក្នុងវិស័យទេសចរណ៍ ក្នុងនាមតំណាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០១៨ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។
លោកស្រី ហ៊ុន ដានី បញ្ជាក់ថា ក្រសួងទេសចរណ៍តែងតែគាំទ្រដល់ការលើកកម្ពស់សមភាពយេនឌ័រ ក៏ដូចជាការបញ្ជ្រាបយេនឌ័រនៅគ្រប់ដំណើរការងាររបស់ខ្លួន ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី៣ «ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព» ដែលផ្តល់ឱកាសការងារដល់ស្ត្រីសំដៅពង្រឹងភាពជាម្ចាស់រួមចំណែកបង្កើនសេដ្ឋកិច្ចគ្រួសារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ នេះជាសក្ខីភាពបញ្ជាក់ឱ្យឃើញថា ស្ត្រីគឺជាដៃគូដែលមិនអាចខ្វះបា នក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសវិស័យទេសចរណ៍។
លោកស្រី ហ៊ុន ដានី បានបន្ថែមថា ទន្ទឹមនឹងការលើកទឹកចិត្តពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាប្រធានស្ថាប័ន ស្ត្រីក៏ត្រូវចេះពង្រឹងខ្លួនឯងដោយស្វ័យភាព និងចូលរួមក្នុងការងារបណ្តុះបណ្តាល ដើម្បីលើកកម្ពស់ស្ថានភាព សមត្ថភាព ពង្រីកការយល់ដឹងឱ្យបានទូលំទូលាយទើបអាចទទួលបាននូវទំនុកចិត្ត និងតួនាទីដឹកនាំមានសិទ្ធិសម្រេចចិត្តដោយខ្លួនឯងបាន។
សារសំខាន់របស់ក្រសួងទេសចរណ៍ បានធ្វើកិច្ចសហការជាមួយក្រសួងកិច្ចការនារី រៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង ផ្លាស់ប្តូរបទពិសោធន៍និងស្វែងរកធាតុចូលដ៏ល្អៗ រវាងជនបង្គោលយេនឌ័រនៅថ្នាក់ក្រសួង និងថ្នាក់រាជធានីខេត្ត អាចយកទៅអនុវត្តឱ្យចំគោលដៅ និងមានប្រសិទ្ធភាព មើលឃើញពីសារសំខាន់យេនឌ័រ។
គួរបញ្ជាក់ថា គិតត្រឹមរយៈពេល៥ខែ ដើមឆ្នាំ២០១៨នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនជាង ២.៦លាននាក់ កើនឡើង ១៣.៥% ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧។ តាមការព្យាករណ៍ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦.២លាននាក់ នៅឆ្នាំ២០១៨ និងប្រមាណ ៧លាននាក់ នៅឆ្នាំ២០២០ នឹងនាំមកនូវចំណូលប្រមាណ ៥ពាន់លានដុល្លារអាមេរិក បង្កើតឱកាសការងារប្រមាណ ១លាននាក់ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ១៥លាននាក់ នៅឆ្នាំ២០៣០ ដោយនាំមកនូវចំណូលសរុបប្រមាណ ១០ពាន់លានដុល្លារអាមេរិក បង្កើតឱកាសការងារប្រមាណ ២លាននាក់៕