(កោះកុង)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈ ប្រតិភូចុះពិនិត្យស្ថានភាពផ្លូវជាតិមួយចំនួនដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងស្ថិតក្នុងខេត្តកំពង់ស្ពឺ ព្រះសីហនុ និងកោះកុង។
របាយការណ៍របស់នាយកដ្ឋានផ្លូវថ្នល់បានគូសបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៨ ទំហំនៃការខូចខាតផ្លូវជាតិលេខ៤៨ ពីស្រុកស្រែអំបិលទៅខេត្តកោះកុងមានប្រវែងសរុប ៣៥.៥៤គីឡូម៉ែត្រ លើប្រវែងសរុប ១៥៩.៦០គីឡូម៉ែត្រ ស្មើនឹង២២.២៦% ដែលក្នុងនោះរាប់បញ្ចូលទាំងកំណាត់ផ្លូវដែលបានជួសជុលកាលពីឆ្នាំ២០១៧ផងដែរ។
ការខូចខាតនេះមានការវិវឌ្ឍន៍ឆាប់គួរឲ្យកត់សម្គាល់ ដោយហេតុថា ផ្លូវនេះគិតមកដល់ពេលបច្ចុប្បន្នមានអាយុ១២ឆ្នាំហួសរយៈពេលធានាគុណភាព ទំហំចរាចរណ៍មានការកើនឡើង ពិសេសការដឹកជញ្ជូនសម្ភារៈសំណងទៅមកខេត្តព្រះសីហនុផងដែរ។
ថ្លែងទៅកាន់ប្រជាពលរដ្ឋ តាមរយ:ក្រុមអ្នកសារព័ត៌មានក្នុងដំណើរចុះពិនិត្យកំណាត់ផ្លូវជាតិលេខ៤៨ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ខណៈពេលមន្ត្រីក្រសួងកំពុងជួសជុលថែទាំបណ្តោះអាសន្នផ្លូវនេះ ហើយក្រសួង កំពុងរៀបចំនីតិវិធីជ្រើសរើសក្រុមហ៊ុនបច្ចេកទេសដើម្បីរៀបចំដាក់ឲ្យដេញថ្លែស្របតាមស្តង់ដារបច្ចេកទេស ក្រោមប្រាក់កម្ចីរបស់សាធារណរដ្ឋកូរ៉េប្រមាណ ៦៧លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលប្រមាណ ៨លានដុល្លារ ដើម្បីលើកកម្ពស់គុណភាពទៅជាផ្លូវបេតុងកៅស៊ូACទាំងស្រុងសំដៅរក្សាបានភាពយូរអង្វែង អាចទ្រទម្ងន់បានប្រសើរជាងមុន និងចូលរួមចំណែក ក្នុងការសម្រួលដល់ការធ្វើ ដំណើររបស់ប្រជាពលរដ្ឋ ព្រមទាំងការដឹកជញ្ជូនកាន់តែប្រសើរមួយកម្រិតទៀត។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រើប្រាស់កំណាត់ផ្លូវនេះ សូមមានការអត់ធ្មត់ និងយោគយល់អធ្យាស្រ័យចំពោះការធ្វើដំណើរដោយលំបាកលើកំណាត់ផ្លូវនេះ និងបានបញ្ជាក់ថា ក្រសួងបានដឹងទាំងអស់អំពីស្ថានភាពខូចខាតផ្លូវក្នុងរដូវភ្លៀងឆ្នាំនេះ រង់ចាំតែរដូវភ្លៀងកន្លងផុត ក្រសួងនឹងចាប់ផ្តើមចាត់វិធានការជួសជុលឡើងវិញជាអាទិភាព៕